កិច្ចព្រមព្រៀងការពារជាតិរវាងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស មិនបានគំរាមកំហែងដល់ស្ថិរភាពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនមានគោលដៅទៅលើប្រទេសណាមួយនោះទេ។ នេះបើតាមបេសកជនសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធ នៅពេលដែលមានការព្រួយកង្វល់អំពីឥទ្ធិពលរបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់។ ប្រទេសឥណ្ឌូនេស៊ី មានការបារម្ភថា កិច្ចព្រមព្រៀងដែលហៅថា AUKUS ដែលនៅក្នុងនោះ អូស្ត្រាលីនឹងទទួលបានបច្ចេកវិទ្យានុយក្លែអ៊ែពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យមាន«ការប្រកួតប្រជែងអាវុធ»កាន់តែអាក្រក់ឡើងនៅក្នុងតំបន់។ ប្រទេសម៉ាឡេស៊ីបានសម្តែងការព្រួយបារម្ភប្រហាក់ប្រហែលគ្នានេះដែរ ខណៈពេលដែលប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះ ក៏បានសម្តែងការព្រួយបារម្ភរបស់ខ្លួនផងដែរ។ លោក Sung Kim ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានប្រាប់វេទិការតាមអនឡាញមួយថា «ការណ៍នេះនឹងពង្រឹងការបន្តកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយប្រទេសសំខាន់ៗ ដូចជា ឥណ្ឌូនេស៊ី ដើម្បីធ្វើឲ្យប្រាកដថា យើងមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរមួយ ដែលគោរពនីតិរដ្ឋ»។ លោក Kim បានថ្លែងទៀតថា លោកមិនមានការព្រួយបារម្ភអំពីការប្រណាំងប្រជែងអាវុធ ឬ ការរីកសាយអាវុធនុយក្លែអ៊ែនោះទេ ដោយលោកបានហៅថា វាជាកិច្ចផ្តួចផ្តើមវិជ្ជមានមួយ ដែលនឹងផ្តល់ការពេញចិត្តសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ កិច្ចព្រមព្រៀង AUKUS ភាគច្រើនត្រូវបានគេមើលឃើញថា ជាការឆ្លើយតបដោយសម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដើម្បីបញ្ចៀសអនុត្តរភាពរបស់ចិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៌ និងហួសពីតំបន់នោះ ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្មដឹកជញ្ជូនតាមនាវាធំទី៣ លើពិភពលោក ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានទាមទារអធិបតេយ្យភាព ផ្អែកលើប្រវត្តិសាស្ត្រ។ ប្រទេសឥណ្ឌូនេស៊ី នៅដើមខែនេះ បានបង្កើនការយាមល្បាតនៅក្នុងការឆ្លើយតបដល់នាវាអាមេរិក និងចិន៕ (Reuters ថ្ងៃទី២៩ ខែកញ្ញា)