សេដ្ឋកិច្ច​វៀតណាម​រង​ផល​ប៉ះពាល់​ខ្លាំង ​នៅ​ក្នុង​ត្រីមាស​ទី៣

0
266

សេដ្ឋកិច្ច​វៀតណាម​បាន​រងការប៉ះពាល់ខ្លាំង ​ដោយ​រួញតូច​នៅ​ក្នុង​ត្រីមាស​ទី៣ បន្ទាប់ពី​រលក​នៃ​ជំងឺ​កូវីដ១៩​ដ៏​ប្រល័យ ​ដែល​បាន​បង្ខំ​ឲ្យ​ផ្អាក​ផលិតកម្ម​នៅ​ក្នុង​ប្រទេស ​ដែល​ពឹង​ផ្អែក​លើ​ការនាំចេញ​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​វៀតណាម កាល​ពី​ថ្ងៃ​ពុធ​ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ការិយាល័យ​ស្ថិតិ​ទូទៅ(GSO)បាន​ប្រាប់​ឲ្យ​ដឹង​ថា កំណើនផលិតផល​សរុប​ក្នុង​ស្រុក (GDP) បាន​រួញតូច ៦,១៧ភាគរយ ​នៅ​ក្នុងចន្លោះ​ខែ​កក្កដា ​និង​ខែកញ្ញា ដែល​ជា​ការរួញតូច​ខ្លាំង​បំផុត​ចាប់ តាំង​ពី​វៀតណាម​បាន​ចាប់ផ្តើម​កត់ត្រា​តួលេខ​ប្រចាំ​ត្រីមាស ​នៅ​ក្នុង​ឆ្នាំ២០០០​មក។ វៀតណាម​កាលពី​ឆ្នាំ​ទៅ ​បាន​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ល្អ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី ​ហើយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​តិចតួច​ក្នុង​ពិភពលោក ​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់ បន្ទាប់ពី​ការឆ្លង​វីរុស​មាន​ចំនួន​ទាប ​និង​ពាណិជ្ជកម្ម​ភាគ​ច្រើនបាន​បើក​ទ្វារ។ ការិយាល័យ​ស្ថិតិ​ទូទៅ(GSO) ប្រាប់​ឲ្យ​ដឹង​ថា ប៉ុន្តែ​រលក​វីរុស​កូរ៉ូណា​នៅពេល​ថ្មី​ៗ​នេះ​ ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​មេសា ​នៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​ភាគ​ខាង​ជើង ហើយ​បាន​រាតត្បាត​ដ៏​ឆាប់រហ័ស​ទៅ​កាន់​ទីក្រុង​ហូជីមិញ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្មដ៏ធំរបស់ប្រទេស«បាន​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ង»ដល់​សេដ្ឋកិច្ច​របស់វៀតណាម។ បណ្តាញ​ព័ត៌មាន VNExpress បាន​រាយការណ៍​ថា វា​ជា​លើក​ទី១ ​ដែល​វៀតណាមបាន​កត់ត្រា​ការរីកលូតលាស់​ប្រចាំ​ត្រីមាស​ដោយ​អវិជ្ជមាន ​ចាប់តាំង​ពី​ឆ្នាំ២០០០​មក។ ប្រជាពលរដ្ឋ​វៀតណាម​ចំនួន​ ១ភាគ៣ ​ក្នុង​ចំណោម​ប្រពលរដ្ឋ​វៀតណាម​សរុប​ទាំង​អស់ជិត ១០០លាន​នាក់​ បាន​ប្រឈមនឹង​បទបញ្ជា​ឲ្យ​ស្ថិត​នៅ​ក្នុងផ្ទះ ​អស់​រយៈពេល​ជា​ច្រើន​ខែ នៅ​ក្នុង​រដូវ​ក្តៅ​នេះ ដោយ​មាន​រោងចក្រ​ជា​ច្រើន​កន្លែង​ត្រូវបាន​បិទទ្វារ ​ហើយ​សង្វាក់​ផ្គត់ផ្គង់​មាន​ការ​អាក់ខាន​យ៉ាង​ខ្លាំង។ ប្រទេសវៀតណាម​មាន​អ្នក​ឆ្លង​ជំងឺងកូវីដ១៩ ​ជាង ៧៧០.០០០នាក់ ​និង​អ្នក​ស្លាប់​ដោយសារ​ជំងឺនេះ​ជាង ១៩.០០០នាក់៕ (AFP ថ្ងៃទី២៩ ខែកញ្ញា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here