រតនគិរី : សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនឪពុកចុងម្នាក់ ដែលរងការចោទថា បានរំលោភកូនចុង ទើបនឹងមានអាយុ ១២ឆ្នាំ មកសាកសួរ នៅអធិការរដ្ឋាននគរបាល ស្រុកកូនមុំ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ នគរបាល បានឲ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីប៉ុស្តិ៍បានទទួលបណ្ដឹង ពីសាច់ញាតិជនរងគ្រោះថា នៅចំណុចភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ មានករណីរំលោភសេពសន្ថវៈលើកុមារ។ ជនរងគ្រោះ ឈ្មោះ គ ស ធ ជាកូនស្រីចុង អាយុ ១២ ឆ្នាំ ជាសិស្ស ។ ជនសង្ស័យ ជាឪពុកចុងរបស់ជនរងគ្រោះ ឈ្មោះ ប៊ុន គ្រី (ហៅគុណ) អាយុ ៦០ ឆ្នាំ។
នគរបាល បានអោយដឹងទៀតថា តាមបណ្ដឹងជនរងគ្រោះ បានរៀបរាប់ថា អំឡុងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ពេលថ្ងៃត្រង់នៅលើផ្ទះជនសង្ស័យ បានចាប់រំលោភសេពសន្ថវៈ ១លើក ។ លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ជនសង្ស័យ បានចាប់រំលោភសេពសន្ថវៈ ១លេីកទៀត តែមិនបានសម្រេច ដោយជនរងគ្រោះ បានរើបម្រះ រួចខ្លួន ហើយបានរត់ទៅរកម្ដាយ។ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ទើបម្ដាយមកដាក់ ពាក្យបណ្ដឹង ដល់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានពាក្យបណ្ដឹង ពីម្ដាយជនរងគ្រោះ សមត្ថកិច្ចបានឈានទៅចាប់បាន ជនសង្ស័យជាឪពុកចុង។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ចាត់ការតាមនីតិវិធី៕