គណៈកម្មាធិការជាតិអូឡាំពិកម្ពុជារៀបចំវគ្គរដ្ឋបាលកីឡាជូនដល់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ

0
145

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាលើកទី២ ក្នុងចំណោម៤វគ្គ ក្នុងឆ្នាំ២០២១ ជូនដល់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា NOCC លោក ឯម ហៀង លើកឡើងថា នេះជាវគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡាមួយ ក្នុងចំណោម៤វគ្គ នៃផែនការរបស់ NOCC ប្រចាំឆ្នាំ២០២១នេះ និងជាវគ្គទី២ បន្ទាប់ពីបានបញ្ចប់វគ្គលើកទី១ នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ និងបន្តទៅ២ខេត្តទៀត គឺខេត្តកែប និងខេត្តរតនគិរី។

លោកបន្ថែមថា សម្រាប់វគ្គរដ្ឋបាលកីឡានៅខេត្តតាកែវនេះ មានសិក្ខាកាមចូលរួមចំនួន២៥នាក់ ដោយសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា Zoom។ គ្រូឧទ្ទេសប្រចាំវគ្គមាន៣នាក់ គឺលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC។

លោក វ៉ាត់ ចំរើន បានចាត់ទុកថា វគ្គនេះមានសារៈសំខាន់ ដើម្បីបញ្ជ្រាបចំណេះដឹងរដ្ឋបាលកីឡា ក៏ដូចជាបានបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជូនដល់សិក្ខាកាមទាំងអស់ផងដែរ។ លោកជឿជាក់ថា តាមរយៈការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសទាំងអស់ គឺសិក្ខាកាមដែលជាគ្រូកីឡា មន្ត្រីកីឡាទាំងអស់ប្រចាំខេត្តនេះនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមទៀត ដើម្បីជួយជំរុញឱ្យវិស័យកីឡានៅខេត្តតាកែវកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។


វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ខ្លឹមសារវេជ្ជសាស្ត្រកីឡា, ការធ្វើការជាមួយអ្នកស្ម័គ្រចិត្ត, រៀបចំព្រឹត្តិការណ៍, រៀបចំអង្គប្រជុំ, ទំនាក់ទំនង, ស្ត្រី និងកីឡា, ប្រវត្តិចលនាអូឡាំពិក និងរចនាសម្ព័ន្ធ អង្គការសាមគ្គីអូឡាំពិក, ការលេងដោយយុត្តិធម៌, ភាពជាអ្នកដឹកនាំ, ផែនការកម្មវិធីហ្វឹកហាត់កីឡា និងផែនការធ្វើដំណើររបស់គណៈប្រតិភូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here