មន្ត្រី យោធា អាមេរិក កំពូលៗ នឹង ត្រូវ សភា សួរ ដេញដោល អំពី ការ ដកទ័ព ពី អាហ្វហ្គានីស្ថាន

0
169

មន្រ្តី យោធា កំពូលៗ របស់ សហរដ្ឋ អាមេរិក បាន ប្រឈម នឹង ការ សួរ ដេញដោល នៅ ថ្ងៃ អង្គារ ត្រូវនឹងថ្ងៃពុធនៅកម្ពុជា អំពី ការ បញ្ចប់ សង្គ្រាម នៅ អាហ្វហ្គានីស្ថាន និង អំពី រយៈពេល ប៉ុន្មាន សប្តាហ៍ ចុងក្រោយ ដែល មាន ភាព ច្របូកច្របល់ មុន ការ ដក កងកម្លាំង អាមេរិក ចេញពី ប្រទេស នេះ បន្ទាប់ពីធ្វើសង្គ្រាម នៅ ទីនោះ អស់ រយៈពេល ២០ ឆ្នាំ។ លោក Lloyd Austin រដ្ឋមន្រ្តី ក្រសួង ការពារ ជាតិ លោក នាយ ឧត្តមសេនីយ៍ Mark Milley នាយ សេនាធិការ កងទ័ព ចម្រុះ និង លោក នាយ ឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការ នៃ បញ្ជាការដ្ឋាន អាមេរិក ទទួក បន្ទុក កិច្ចការ តំបន់ មជ្ឈិម បូព៌ា និង អាស៊ី កណ្ដាល គ្រោង នឹង បង្ហាញ ខ្លួន នៅ ពី មុខ គណៈកម្មាធិការ កិច្ចការ ការពារ ជាតិ នៃ ព្រឹទ្ធសភា សហរដ្ឋ អាមេរិក សម្រាប់ សវនាការ អំពី ការ បញ្ចប់ ប្រតិបត្តិការ យោធា នៅ អាហ្វហ្គានីស្ថាន និង អំពី ផែនការ របស់ យោធា អាមេរិក នៅ ក្នុង ការ ប្រឆាំង ភេរវកម្ម នា ពេល អនាគត។ ក្រសួង ការពារ ជាតិ បាន ការពារ ប្រតិបត្តិការ ដក កងទ័ព ដែល ក្នុង នោះ រួម មាន ទាំង កិច្ច ប្រឹងប្រែង ជម្លៀស មនុស្ស ជាង ១២០.០០០ នាក់ ចេញពី អាហ្វហ្គានីស្ថាន ផងដែរ នៅ ពេល ក្រុម តាលីបង់ដណ្តើម កាន់កាប់ ប្រទេស នេះ ម្តង ទៀត។ ក្នុង អំឡុងពេល ប្រតិបត្តិការ នេះ គេ ឃើញ មាន ភាព ច្របូកច្របល់ ជាច្រើន ថ្ងៃ នៅ អាកាសយានដ្ឋាន អន្តរជាតិ ក្រុង កាប៊ុល ដែល ក្នុង នោះ រួម មាន ទាំង ការ បំផ្ទុះ គ្រាប់បែក អត្តឃាត ដែល បាន សម្លាប់ ទាហាន អាមេរិក ១៣ នាក់ និង ជនជាតិ អាហ្វហ្គានីស្ថាន ១៦៩ នាក់ ផងដែរ។ មន្រ្តី យោធាទាំងនោះ ទំនងជា ប្រឈម នឹង ការ សាកសួរ អំពី ផែនការ របស់ រដ្ឋបាល លោក ប្រធានាធិបតី Joe Biden សម្រាប់ កិច្ច ប្រឹងប្រែង ដក កងទ័ព នេះ អំពី ការ សម្រេចចិត្ត បញ្ចប់ បេសកកម្ម របស់ អាមេរិក នៅ អាហ្វហ្គានីស្ថាន និង អំពី ព្រឹត្តិការណ៍ នៅ ប៉ុន្មាន ថ្ងៃ ចុងក្រោយ ដូចជា ការ វាយ ប្រហារ តាម អាកាសដោយយន្តហោះដ្រូន ដែល បាន សម្លាប់ ជនស៊ីវិល ១០ នាក់ ជាដើម។ លោក Austin លោក Milley និង លោក McKenzie ក៏នឹង ត្រូវ បង្ហាញ ខ្លួន ម្តង ទៀត នៅ ថ្ងៃ ពុធនេះ ត្រូវនឹងថ្ងៃព្រហស្បតិ៍នៅកម្ពុជា នៅ ពី មុខ គណៈកម្មាធិការ កិច្ចការ ការពារ ជាតិ នៃ រដ្ឋសភា៕ (Reuters ថ្ងៃទី២៨ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here