ការពិតចឹងសោះ! តារាស្រីស៊ិចស៊ី សេង សូណា ទម្លាយមូលហេតុដែលជីវិតនាងធ្លាក់ខ្លួន សាហាវ

0
350

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូនមួយចំនួនធំ ប្រាកដជាស្គាល់ហើយអតីតតារាសម្តែងស្រី សេង សូណា ដែលជីវិតពីមុនធ្លាប់តែស្គាល់តែភាពហ៊ឺហារ ភ្លឺថ្លា តែពេលនេះ​ តារា​ស៊ិចស៊ីរូបនេះ បែរជារូបនាងបាក់​សម្រស់សឹងមើលមិនស្គាល់ ហើយថែមទាំងរង​សម្ពាធ​ជំងឺ​ច្រើន​មុខ លើសពីនេះថែមទៀត ​គឺនាង​បាន​ឆ្លងជំងឺ​​កូ​វី​ដ-១៩ ទៀតផង ដែលបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជនជាខ្លាំង ព្រោះថា មហាជនគ្រប់គ្នាស្ទើរតែមិនជឿនោះឡើយថា តារា​ស្រីរូបនេះ ធ្លាប់មានជីវិតផូរផង់​មាន​តែ​ស្នាមញញឹម សាច់សភ្លឺថ្លា ​ចុង​ក្រោយនាងបែរជាធ្លាក់ខ្លួន មានសភាព​មើល​មិន​យល់ ​ខ្មៅ​មុខខ្មៅមាត់ មាន​ជាំមុខទាំង​ដុំ​ៗ​ ។
បន្ទាប់ពីបានបង្ហាញមុខមាត់ប្រែប្រួល ១៨០ ដឺក្រេ សឹងមើលលែងស្គាល់ ដោយមិន​ទាន់​ដឹង​មូលហេតុនោះ ធ្វើឱ្យអ្នក​​​ខ្លះពោលពាក្យចោទ ឌឺដងឱ្យនាងថា តារាស្រីរូបនេះ សង្ស័យតែ​ចាញ់បោក​ប្រុស​ឈ្មោល ខ្លះទៀត​ថា​ នាង​យក​លុយកាក់​រកបាន​ទៅ​លេងល្បែង​ស៊ីសងលេងខ្លួនហ៊ឺហារ​ ទើបទីបំផុត ធ្លាក់ខ្លួនដល់ចំណុចសូន្យបែបនេះ។

យោងតាមកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានកោះសន្តិភាព សេង សូណា បានថ្លែងក្នុងសំឡេង​ខ្សាវ​ៗ ហត់ៗ និងអស់កម្លាំង ក្នុង​ស្ថានភាព​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ សូ​ណា ​បាន​ប្រាប់​ថា នាង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វី​ដ នៅវិទ្យា​ល័យ​សម្តេចឪ​ ខេត្តបាត់ដំបង អស់រយៈពេល​២០​ថ្ងៃ​ជាង​មក​ហើយ នៅ​មិន​ទាន់​បាន​ចេញ​មក​ព្យាបាល​នៅ​ខាងក្រៅ​ឡើយ​ ។ ​
នាង​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ នាង​អត់​ដឹង​ថា ​ឆ្លង​ពីអ្នក​ណា​នោះ​ទេ ​ពោល​មក​នៅ​បាត់ដំបង​ធ្វើការ​ជា​ភ្នាក់ងារ​លក់​ដី​ឡូ​ត៍​បាន​២​ថ្ងៃ​ ក៏​ឆ្លង​កូ​វី​ដ ខណៈ​នាង​មាន​ជំងឺ​ផ្សេង​ៗ​មុន​នេះ​ដែរ​ ។ តារាដែលកំពុងជួបទុក្ខជាន់ទុក្ខរូបនេះ បានបង្ហើបឱ្យដឹងថា រូបនាង​ធ្លាក់ខ្លួន​ដល់ថ្នាក់នេះ ដោយសារ​តែ​គេ​បិទផ្លូវ​សិល្បៈ ព្រោះ​ត្រូវ​ខាង​ក្រសួង​វប្បធម៌ ចេញ​បម្រាម ខកខាន​ថត និងការងារសិល្បៈផ្សេងៗទៀត ​។
ចាប់តាំងពីនាងថត​រឿង​ចុង​ក្រោយ ដោយ​ការ​សិច​ស៊ីជ្រុល និង​មានការ​ណែនាំ​កែខ្លួន​មក​ នាង​អត់​មាន​ខាង​ណា​ហៅ​ថត​ទៀតទេ​ ។ សូ​ម្បី​ស្ព៉ត ថត​ខារ៉ាអូខេ ឬ​រឿង​ផ្សេង​ៗ គឺ​ដាច់​ឈឹង​២​ឆ្នាំ​ គ្មាន​ចំណូលអ្វី​ក្រៅពី​ចំណាយ​ ។ ក្នុងនោះ តារាស្រីរូបនេះ បាន​សារភាព​ថា នាងមិន​មានផ្ទះ​សម្បែង​ក្នុង​ក្រុងភ្នំពេញ​ទេ ពោល​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​រហូត​មក​។ នាងច្រានចោល ការ​លង់ខ្លួន​ចាញ់បោក​ប្រុស​ឈ្មោល ឬ​លេងល្បែង​មិន​មាន​ឡើយ​។
ដោយសារតែកត្តាជីវភាពកាន់តែដុនដាប ខណៈជំងឺជាច្រើនមុខ កំពុងរួមរឹតរាងកាយ សេង សូ​ណា​ បានពោលទាំងក្តុកក្តួល អួលដើមក សុំ​ការ​អាណិត​ពី​បងប្អូន​ថា ចង់បាន​ផ្ទះ​ប្រក់ស​ង្ក័​សី តូច​មួយ​៣​ឬ​៤​ម៉ែត្រ បួន​ជ្រុង នៅ​ជ្រក​កុំ​ដើរ​ជួល​គេ​។ សូ​ម្បី​តែ​ម្ចាស់ផ្ទះ​ជួល​ក៏បណ្តេញចេញ​ បើមាន​គេ​អាណិត​ពិតជា​អរគុណ និង​ដឹងគុណ ​។
នាងសេង សូ​ណា បានពោលបន្ថែមទៀតថា រូបនាង បាន​ទាក់ទង​ទៅ​លោក​ហេង ឡុ​ង ដែលជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍អ្នកសិល្បៈ ដើម្បី​សុំ​ការ​អន្តរា​គមន៍ តែ​​មិន​ទាន់បានការ​ឆ្លើយ​តប យ៉ាងណានោះទេ ​។ ចំណែកងាកទៅរក អ៊ឹម ជីវ៉ា ពិធីករ មួយរូប ក៏បញ្ជាក់​ថា ទាក់ទង​ខាង​សមាគម ឱ្យនាងដែរ តែស្ងាត់រហូត ​។​ រាល់ថ្ងៃ ​នាងរ​ស់ពឹង​អាស្រ័យ​លើ​បាយ​ខាង​មន្ទីរពេទ្យ ​៣ ​ពេល​ប៉ុណ្ណោះ​។ នាងបន្តថា​ នាងរំពឹង​ថា​ សប្បុរសជន​ជួយ​នាង​យកតែបុណ្យផងចុះ​ ដោយ​មិន​ប្រកាន់រឿង​ពី​មុន​ដើម្បី​ជា​កម្លាំងចិត្តដល់រូបនាង ព្រោះនាងមិនបានប្រព្រឹត្តអ្វីខុសឆ្គងនឹងច្បាប់ប្រទេសនោះទេ៕
ប្រភព៖ KSP

LEAVE A REPLY

Please enter your comment!
Please enter your name here