បេសកជនចិនប្រចាំអង់គ្លេស៖ ការប៉ុនប៉ងរបស់បរទេសដើម្បីឡោមព័ទ្ធចិននឹងបរាជ័យ

0
21

ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ បាននិយាយកាលពីថ្ងៃអង្គារ ទី២៨ ខែកញ្ញាថា ការប៉ុនប៉ងរបស់បរទេស ដើម្បីរារាំង ឬ ឡោមព័ទ្ធចិនតែងតែបរាជ័យ ដូច្នេះមហាអំណាចធំៗគួរតែជៀសវាងគោលគំនិតអាណានិគម ដែលអាចនាំឱ្យមានការប្រឈមមុខដាក់គ្នា ហើយចិនបានថ្កោលទោសម្តងហើយម្តងទៀត នូវសម្ព័ន្ធភាពសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មី រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលនឹងផ្តល់ឱ្យទីក្រុងកង់បេរ៉ានូវបច្ចេកវិទ្យា និងសមត្ថភាពក្នុងការដាក់ពង្រាយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។ ឯកអគ្គរដ្ឋទូតចិនលោក Zheng Zeguang ថ្លែងនៅក្នុងពិធីមួយ ដើម្បីអបអរសាទរខួបលើកទី៧២ នៃសាធារណរដ្ឋប្រជាមានិតចិនថា បក្សកុម្មុយនិស្តបានបណ្តេញចេញអ្នកជិះជាន់បរទេស និងកសាងប្រទេសចិនឡើងវិញដោយបានជួយសង្គ្រោះប្រជាជនជាង ៧៧០ លាននាក់ ចេញពីភាពក្រីក្រ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍នេះ។ លោក Zheng បាននិយាយថា “ការប៉ុនប៉ងដើម្បីរារាំង ឬ ឡោមព័ទ្ធប្រទេសចិនមិនដែលទទួលបានជោគជ័យទេពីអតីតកាល ហើយតែងតែជាក្តីសុបិន្តទទេនាពេលអនាគត”។ “គ្មាននរណាម្នាក់អាចបញ្ឈប់ប្រជាជនចិនពីការរីកចម្រើនបន្ថែមទៀតបានទេ”។ លោកបានស្នើឱ្យមហាអំណាចធំៗបដិសេធ “គោលគំនិតអាណានិគម” និង “ចលនាផ្សេងទៀតដែលនាំឱ្យមានការបែកបាក់ ឬ ប្រឈមមុខដាក់គ្នា”។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងរិះរកវិធី ដើម្បីប្រឆាំង និងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង ជាពិសេស ការបង្កើនកម្លាំងយោធា ការដាក់សម្ពាធលើកោះតៃវ៉ាន់ និងការដាក់ពង្រាយកំលាំងនៅសមុទ្រចិនខាងត្បូង។ លោក Zheng បាននិយាយថា ចក្រភពអង់គ្លេសគួរតែធ្វើការកែលម្អទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បន្ទាប់ពី “ការដើរថយក្រោយ” ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អង់គ្លេសបានរិះគន់ចិនម្តងហើយម្តងទៀត ចំពោះការដែលប្រធានាធិបតីលោក ស៊ី ជីនពីង ប្រព្រឹត្តចំពោះហុងកុង និងខេត្តស៊ីនជាំង ហើយលោក Zheng ត្រូវបានហាមឃាត់មិនឱ្យចូលរួមព្រឹត្តិការណ៍មួយនៅសភាអង់គ្លេស កាលពីដើមខែនេះ។ លោក Zheng បាននិយាយថា សង្គមនិយម និងបក្សកុម្មុយនីស្តចិនមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍ ប្រទេសចិន។ លោក Zheng បាននិយាយថា “បើគ្មានបក្សកុម្មុយនីស្តចិនទេនោះនឹងមិនមានប្រទេសចិនថ្មីទេ”។ “សង្គមនិយម គឺជាមធ្យោបាយតែមួយគត់ ដើម្បីជួយសង្គ្រោះប្រទេសចិន ហើយសង្គមនិយមដែលមានចរិតលក្ខណៈចិន គឺជាមធ្យោបាយតែមួយគត់ ដើម្បីអភិវឌ្ឍប្រទេសចិន”៕ (Reuters ថ្ងៃទី២៨ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here