ខេត្តត្បូងឃ្មុំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង

0
73

ខេត្តត្បូងឃ្មុំៈ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្ដអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ លទ្ធផលខេត្តត្បូងឃ្មុំ សម្រេចបានលើការងារចាក់វ៉ាក់សាំងរួមមាន៖
*ទី១៖ អាយុ០៦-ក្រោម១២ឆ្នាំ ចំនួន៨៧,៨៣៨នាក់
*ទី២៖ អាយុ១២-ក្រោម១៨ឆ្នាំ ចំនួន១០១,៦៥០នាក់
*ទី៣៖ អាយុ១៨ឆ្នាំឡើង ចំនួន៥១៨,១៣០នាក់
ក្នុងនោះ ចាក់បានដូសទី១ ចំនួន៥៧៣,០៣៩ ស្មើនឹង ៨០,៩៨%, ចាក់បានដូសទី២ ចំនួន៣២២,៣០១ ស្មើនឹង ៤៥,៥៥% និងចាក់បានដូសទី៣ ចំនួន១៦,៣៥៣ ស្មើនឹង២, ៣១% ។

ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់អំពីគុណតម្លៃនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជួយមិនឲ្យវិវត្តន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ក្នុងករណីបុគ្គលនោះឆ្លងជំងឺកូវីដ។ ក្នុងន័យនេះ មិនមែនមានន័យថា ចាក់វ៉ាក់សាំងហើយមិនឆ្លងជំងឺកូវីដ១៩នោះទេ ពោលនៅពេលចាក់វ៉ាក់សាំងហើយក៏ដោយ ត្រូវតែអនុវត្តនូវវិធានការការពារ ពិសេសវិធានការ៣ការពារ និង៣កុំ ដើម្បីការពារជំងឺមួយនេះ ។
លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ។


បន្ថែមពីនេះ លោកជំទាវ ឱ វណ្ណឌីន បានណែនាំដល់រដ្ឋបាលខេត្ដត្បូងឃ្មុំ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩ តាមអ្វីដែលជាការផ្ដល់អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។ លោកស្រី ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេច ក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។

លោកជំទាវ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ១៩ ។
លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋមិនត្រូវមានការរើសអើងចំនួនប្រភេទវ៉ាក់សាំងនោះទេ ពោលវ៉ាក់សាំងទាំងអស់ដែលកម្ពុជាកំពុងមាន និងចាក់ជូនប្រជាពលរដ្ឋនេះ គឺសុទ្ធតែទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហើយសុទ្ធតែមានប្រសិទ្ធភាពការពារជំងឺកូវីដ១៩ ៕
អាចារ្យលាក់ ២៨.៩.២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here