ធនាគារពិភពលោក និយាយថា វីរុសដែលតា ធ្វើឲ្យយឺតយ៉ាវកំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

0
34

 

ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ការស្ទុះងើបឡើងវិញនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ត្រូវបានធ្វើឱ្យខូចខាតដោយសារការរីករាលដាលនៃកូវីដ១៩ ដែលអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ និងបង្កើនវិសមភាពនៅក្នុងតំបន់។ សកម្មភាពសេដ្ឋកិច្ចបានចាប់ផ្តើមកើនឡើងយឺត នៅត្រីមាសទី២ នៃឆ្នាំ២០២១ ហើយការព្យាករណ៍កំណើនត្រូវបានបន្ទាបចុះ សម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់ យោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកឆ្នាំ២០២១។ ធនាគារពិភពលោកបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៨,៥ ភាគរយ ប៉ុន្តែតំបន់ផ្សេងទៀត ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ២,៥ ភាគរយ ទាបជាងការព្យាករណ៍កាលពីខែមេសា ឆ្នាំ២០២១។ លោក Manuela Ferro អនុប្រធានធនាគារពិភពលោកប្រចាំអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រឈមនឹងការវិលត្រលប់ថយក្រោយ”។ របាយការណ៍ប៉ាន់ប្រមាណថា ប្រទេសភាគច្រើននៅក្នុងតំបន់ រួមទាំង ឥណ្ឌូនេស៊ី និងហ្វីលីពីន អាចចាក់វ៉ាក់សាំងបានជាង ៦០ ភាគរយនៃប្រជាជន នៅឆមាសទីមួយនៃឆ្នាំ២០២២។ ធនាគារពិភពលោក បាននិយាយថា ការខូចខាតដែលបណ្តាលមកពីផ្ទុះឡើងវិញ និងការបន្តនៃជំងឺកូវីដ១៩ ទំនងជាប៉ះពាល់ដល់កំណើន និងបង្កើនវិសមភាពក្នុងរយៈពេលវែង។ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ការចាក់វ៉ាក់សាំង និងការធ្វើតេស្តដើម្បីកំចាត់ការឆ្លងមេរោគកូវីដ១៩ អាចជួយស្តារសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេស ដែលកំពុងជួបការលំបាកនៅដើមឆមាសទីមួយនៃឆ្នាំ២០២២ និងបង្កើនអត្រាកំណើនទ្វេដងនៅឆ្នាំក្រោយ”។ ធនាគារពិភពលោក បាននិយាយថា តំបន់នេះនឹងត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា លើវិស័យ ចំនួន ៤ ដើម្បីទប់ទល់នឹងការកើនឡើងនៃមេរោគកូរ៉ូណា គឺការដោះស្រាយភាពខ្វះខាតនៃវ៉ាក់សាំង និងការកំណត់សមត្ថភាពចែកចាយ បង្កើនការធ្វើតេស្ត និងតាមដាន បង្កើនផលិតកម្មវ៉ាក់សាំងក្នុងតំបន់ និងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងស្រុក៕ (Reuters ថ្ងៃទី២៧ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here