នាវាចម្បាំងអង់គ្លេសធ្វើដំណើរដ៏កម្រលើកដំបូង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

0
23

កងនាវាចរភូមិន្ទបាននិយាយថានាវាចម្បាំងអង់គ្លេសមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ជាចលនាមួយដែលជំទាស់នឹងការទាមទាររបស់ទីក្រុងប៉េកាំង ចំពោះផ្លូវទឹកដ៏រសើប និងជាការធ្វើដំណើរដ៏កម្រមួយរបស់នាវា មិនមែនរបស់អាមេរិក។ ក្រុមនាវា HMS Richmond បាននិយាយថា “បន្ទាប់ពីមមាញឹកធ្វើការជាមួយដៃគូ និងសម្ព័ន្ធមិត្តនៅសមុទ្រចិនខាងកើត ឥឡូវនេះយើងកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅទស្សនាប្រទេសវៀតណាម និងកងទ័ពជើងទឹកប្រជាជនវៀតណាម។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា នេះ គឺជាលើកទីមួយហើយដែលនាវាចម្បាំងអង់គ្លេសបានឆ្លងកាត់ផ្លូវទឹកតូចចង្អៀត ដែលបែងចែកកោះតៃវ៉ាន់ និងចិនដីគោក។ នាវាស៊ើបការណ៍របស់កងនាវាចរអង់គ្លេស HMS Enterprise ធ្លាប់បានឆ្លងកាត់ច្រកសមុទ្រក្នុងឆ្នាំ ២០១៩។ ក្រសួងការពារជាតិអង់គ្លេសមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ នាវាចម្បាំងអាមេរិកតែងធ្វើលំហាត់ជាទៀងទាត់ ដើម្បី “សេរីភាពនាវាចរណ៍” នៅច្រកសមុទ្រ ហើយបង្កឱ្យមានការឆ្លើយតបដោយកំហឹងពីទីក្រុងប៉េកាំង ដែលអះអាងថា តៃវ៉ាន់ និងដែនទឹកជុំវិញ និងស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូងជាកម្មសិទ្ធិ។ អាមេរិក និងប្រទេសដទៃទៀត ភាគច្រើនចាត់ទុកតំបន់ទាំងនោះថា ជាដែនទឹកអន្តរជាតិ ដែលគួរតែបើកចំហដល់នាវាទាំងអស់។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួឈុនយីង បានប្រាប់អ្នកយកព័ត៌មានថា យើងសង្ឃឹមថា ប្រទេសពាក់ព័ន្ធអាចធ្វើកិច្ចការដើម្បីបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេស និងរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ សម្ព័ន្ធមិត្តអាមេរិកកាន់តែច្រើនឡើងបានឆ្លងកាត់ផ្លូវនេះ ខណៈទីក្រុងប៉េកាំងបង្កើនការគំរាមកំហែងផ្នែកយោធារបស់ខ្លួន ចំពោះកោះតៃវ៉ាន់ និងពង្រឹងការគ្រប់គ្រងលើសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នាវាចម្បាំងកាណាដា បារាំង និងអូស្ត្រាលីបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្កឱ្យមានការតវ៉ាពីប្រទេសចិន។ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធាការទូត និងសេដ្ឋកិច្ចទៅលើកោះតៃវ៉ាន់ ចាប់តាំងពីប្រធានាធិបតីលោកស្រី Tsai Ing-wen ឡើងកាន់ដំណែងក្នុងឆ្នាំ២០១៦ ដែលបានចាត់ទុកកោះនេះថាមានឯករាជ្យរួចទៅហើយ។ កាលពីឆ្នាំមុន យន្តហោះយោធាចិនត្រូវបានកត់ត្រាថា បានលុកលុយចំនួន ៣៨០ ដង ចូលទៅក្នុងតំបន់ការពាររបស់តៃវ៉ាន់ ហើយចំនួននៃការលុកលុយក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ មានលើសពី ៤០០ដង រួចទៅហើយ៕ (AFP ថ្ងៃទី២៧ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here