វត្ដមួយចំនួននៅក្នុងក្រុងសៀមរាប គ្មានពុទ្ធបរិសទ្ធកាន់បិណ្ឌទេ ដោយសារជំងឺកូវីដ- ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំង !

0
185

មន្ដ្រីសង្ឃនៅក្រុងសៀមរាប មានសង្ឃដិកាថា ទីវត្ដអារាមមួយចំនួន នៅក្នុងក្រុងនេះ មិនបានរៀបចំឱ្យមានប្រជាពុទ្ធបរិសទ្ធទៅធ្វើបុណ្យកាន់បិណ្ឌ សូត្រមន្ដ បោះបាយបិណ្ឌ ជួបជុំគ្នាដាក់បាតព្រះសង្ឃដូចឆ្នាំមុនៗនោះទេ ដោយសារក្រុងសៀមរាបនេះ មានការរីករាលដាលនូវជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។
ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្ដពោធិវង្ស ហៅវត្ដថ្មី ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ព្រះអង្គមានសង្ឃដីកាទៀតថា ការមិនបានរៀបចំពិធីកាន់បិណ្ឌនេះ ដោយអនុវត្ដទៅតាមការណែនាំពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពីការប្រយុទ្ធប្រឆាំងនឹងជំងឹឆ្លងកូវីដ-១៩ ខណ:ដែលប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩។ ព្រះអង្គបានបន្ថែមថា វត្ដអារាម ស្ទើរទាំងអស់ ដែលមិនមានប្រជាពលរដ្ឋទៅធ្វើបុណ្យកាន់បិណ្ឌ ជួបជុំគ្នារាប់បាត បោះបាយបិណ្ឌ សូត្រមន្ដ អោយមានភាពអ៊ូអរ ដូចរាល់ឆ្នាំនោះទេ ដោយគ្រាន់តែប្រជាពលរដ្ឋខ្លះ ដែលបានដាក់វេន ហើយបានយកចង្ហាន់ និងទេយ្យទាន ទៅជូនចុងភៅ ដើម្បីធ្វើចង្ហាន់ប្រគេនព្រះសង្ឃធម្មតា ហើយត្រឡប់ទៅវិញដោយប្រញាប់ប្រញាល់ ។ការអនុវត្ដបែបនេះ ដើម្បីចូលទប់ស្កាត់ការឆ្លងជំងឺនេះផងដែរ ខណ:ដែលវត្ដខ្លះនៅតំបន់ក្រហម និងតំបន់លឿងទុំ ដែលពលរដ្ឋមិនត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះ។ ព្រះអង្គបន្ថែមទៀតថា ទីវត្ដអារាមខ្លះ ស្ថិតនៅក្នុងតំបន់លឿងទុំ និងតំបន់ក្រហម តែនៅជាយក្រុងសៀមរាប អាចសូត្រមន្ដ ឬរាប់បាត ដាក់បិណ្ឌធម្ម ប៉ុន្ដែមិនអោយមានចំនួនច្រើនឡើយ។


ព្រះចៅអធិការវត្ដ ព្រះឥន្ទកោសីយ៍ ព្រះអង្គ តាត មហាទី ព្រះអង្គបានគាំទ្រលើការមិនរៀបចំមានពិធីកាន់បិណ្ឌនេះ ដោយព្រះអង្គមានសង្ឃដីកាថា ការអត់មានពុទ្ធបរិសទ្ធទៅធ្វើបុណ្យ ឬអត់ចង្ហាន់មួយរយ:ខ្លី ប្រសើរជាងការបាត់បង់ជីវិត។ព្រះអង្គបានបន្ដថា ទីវត្ដអារាមនៅក្នុងក្រុងសៀមរាប នេះ មានជាង៤០វត្ដ ភាគច្រើនគឺមិនមានពុទ្ធបរិស័ទ្ធទៅធ្វើពិធីកាន់បិណ្ឌនោះទេ លើកលែងតែវត្ដនៅតាមណ្ដាស្រុកក្នុងភូមិសាស្ដ្រខេត្ដសៀមរាប។ ព្រះអង្គអំពាវនាវឱ្យពុទ្ធបរិសទ្ធចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា ដើម្បីខេត្ដសៀមរាបសំបូរទេសចរណ៍ជាតិនិងអន្ដរជាតិឡើងវិញ។
សូមជម្រាប់ថា ពិធីកាន់បិណ្ឌបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយបានចាប់ផ្ដើមពីថ្ងៃ១រោចភទ្របទ ដល់ថ្ងៃទី១៤រោចខែភទ្របទ ដោយមានប្រជាពុទ្ធបរិសទ្ធទៅកាន់បិណ្ឌ ឬយកចង្ហាន់ទៅប្រគេនព្រះសង្ឃយ៉ាងច្រើកុះករ ប៉ុន្ដែសម្រាប់ពិធីបុណ្យជាតិមួយនេះ នៅទីក្រុងសៀមរាប នៅឆ្នាំនេះ មិនមានការរៀបចំដូចឆ្នាំមុនៗនោះទេ ដោយសារការកើនឡើងនូវជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here