សម្តេច ហ៊ុន សែន ឱ្យគិតគូរផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ

0
152

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈសារសំឡេងនៅថ្ងៃទី២៣កញ្ញានេះ បាន​ណែនាំ​ឱ្យពិចារណា​លើការផ្អាក​ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឬកាត់បន្ថយ ឬយ៉ាងណា ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩ បន្ទាប់ពីមានការ​ផ្ទុះករណីឆ្លងនៅវត្តមួយចំនួន ពិសេស​វត្តចំពុះក្អែក។

សម្តេចតេជោ បាន​បង្ហាញ​ការ​បារម្ភថា បើនៅ​បន្ត​ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបែបនេះ ហើយមានការឆ្លងកូវីដ១៩ គឺ​នឹងនាំឱ្យមានស្ថានការណ៍អាក្រក់​កើតឡើង​ខ្លាំង ក្រោយ​ចប់ពិធីបុណ្យប្រពៃណីនេះ ពោលគឺ​នឹងមានអត្រាឆ្លងខ្ពស់​ប្រកបដោយហានិភ័យ។

សម្តេច ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖

បន្ទាប់ពីបិណ្ឌ១ ចូលបិណ្ឌ២នេះ យើងឃើញ​ថា វត្តមួយចំនួន​បានផ្ទុះឡើង​នូវកូវីដ១៩រួចស្រេចទៅហើយ។ ស្ថានភាព​នេះ បានបង្កើតជាការកង្វល់ដ៏ធំរបស់ខ្ញុំ។ ប្រសិនបើមានការចម្លងបែបនេះ វាច្បាស់ណាស់ថា បញ្ហាកូវីដ នឹងកើតឡើង​ បើសិនត្រឹមតែ ២០ ឬ ៥០% នៃវត្ត ទូទាំងប្រទេស យើងនឹង​មានកន្លែងឆ្លងរហូតទៅដល់ជាង ២ពាន់វត្ត ហើយការឆ្លងនោះ វានឹងរាលដាលធ្ងន់ធ្ងរចូលក្នុងសហគមន៍គ្មានទីចន្លោះនោះទេ។

ខ្ញុំសូមសម្តេចព្រះសង្ឃរាជទាំង២គណៈ សម្តេចព្រះសង្ឃនាយក សូមព្រះមេត្តា​ ពិចារណា តើគួរធ្វើយ៉ាងណា ក្នុងកាលៈទេសៈដ៏លំបាកនេះ។ ប្រសិនបើយើងបន្ត លទ្ធផលដែល​យើងទទួលបានកន្លងមកនេះ គឺនឹងមានការរីករាលធ្ងន់ធ្ងរហួសពីការគិត។ ក្នុងរយៈពេល១៥ថ្ងៃ ពីថ្ងៃកាន់បិណ្ឌ រហូតដល់ភ្ជុំ តើយើងមានមនុស្សប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់​នឹងត្រូវឆ្លង ប្រសិនបើការផ្ទុះនៅតាមវត្ត។ ខ្ញុំសូមអំពាវនាវឱ្យ​ក្រសួងសុខាភិបាល ពិចារណា តើយើងគួរផ្អាកនូវ​ពិធីនេះ​បានឬទេ ឬកាត់បន្ថយតាមរបៀបណាមួយ ដែលអាចធ្វើទៅបាន៕ប្រភព :ខ្លីខ្លី

LEAVE A REPLY

Please enter your comment!
Please enter your name here