អបអរសាទរ! កវីនិពន្ធខ្មែរ ២ រូបបន្ថែមទៀត ទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍

0
106

ពានរង្វាន់កវីនិពន្ធឬពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេយ៍ (S.E.A write Award) គឺជាពានរង្វាន់ដ៏មានកិត្តិយសមួយ ដែលត្រូវបានប្រគល់ជូនជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៧៩ ដល់កវីនិពន្ធអាស៊ីអាគ្នេយ៍។ ក៏មិនខុសពីឆ្នាំរាល់ដង ក្នុងឆ្នាំនេះមានកវីនិពន្ធខ្មែរយើងចំនួន ២ រូបនឹងឡើងទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេហ៍ (S.E.A write Award) នោះគឺលោក វ៉ែន សុន និងលោក ស៊ូ ចំរើន។
យោងតាមការបញ្ជាក់របស់ ឯកឧត្ដម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរបានឱ្យដឹងក្នុងគណនីហ្វេសប៊ុករបស់លោកថា៖ “ដោយសេចក្តីគោរព! ខ្ញុំសូមអបអរសាទរ និងគោរពជូនពរក្នុងឱកាសដែល លោកគ្រូ វ៉ែន សុន (២០១៩) លោកគ្រូ ស៊ូ ចំរើន (២០២០) ទទួលពានរង្វាន់កវីនិពន្ធអាស៊ីអាគ្នេហ៍ (S.E.A write Award)។ កម្មវិធីប្រគល់ពានរង្វាន់នឹងប្រារព្ធនៅថ្ងៃទី២៥ កញ្ញា ២០២១តាមប្រព័ន្ធ Zoom ពីទីក្រុងបាងកក ប្រទេសថៃ។
គួរបញ្ជាក់ថា ពានរង្វាន់នេះ ពេលខ្លះត្រូវបានផ្តល់ឱ្យសម្រាប់ការងារជាក់លាក់មួយរបស់អ្នកនិពន្ធ ឬវាអាចត្រូវបានផ្តល់ឱ្យសម្រាប់សមិទ្ធផលពេញមួយជីវិតរបស់អ្នកនិពន្ធផ្ទាល់តែម្ដង។ ប្រភេទនៃស្នាដៃដែលមានកិត្តិយសទទួលបានពានរង្វាន់ មានរាប់បញ្ចូលទាំងប្រភេទ កំណាព្យ រឿងខ្លី រឿងប្រលោមលោក រឿងល្ខោន រឿង ប្រជាប្រិយ រួមទាំងការងារដែលទាក់ទងនឹងអក្សរសាស្ត្រនិងសាសនា។ ពិធីប្រគល់រង្វាន់នេះត្រូវបានធ្វើឡើងនៅទីក្រុងបាងកកដោយមានសមាជិកម្នាក់នៃក្រុមគ្រួសាររាជវង្សថៃជាអ្នកដឹកនាំ។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដោយថ្នាក់ដឹកនាំនៃសណ្ឋាគារ “The Oriental” នៅទីក្រុងបាងកកដែលបន្ទាប់មកបានស្វែងរកការគាំទ្របន្ថែមទៀតពីក្រុមហ៊ុន “Thai Airways International” និងបណ្ដាក្រុមហ៊ុនដទៃៗទៀត។ ក្រោយពីទទួលជ្រាបពីប្រវត្តិ ក៏ដូចជាអត្ថន័យនៃពានរង្វាន់មួយនេះរួចមក ខណៈនេះ SBM News នឹងនាំអារម្មណ៍លោកអ្នកទៅស្គាល់ឈ្មោះ និងមុខមាត់អ្នកនិពន្ធខ្មែរល្បីៗដែលមានស្នាដៃធ្លាប់ទទួលបានពានកិត្តិយសមួយនេះ តាមលំដាប់ឆ្នាំនីមួយៗ ដូចខាងក្រោមនេះ៖
១/. ពេជ្រ ទុំក្រវិល (១៩៩៩)(ស្លាប់)
២/. គង្គ ប៊ុនឈឿន (២០០០)(ស្លាប់)
៣/. ម៉ៅ អាយុទ្ធ (២០០១) (ស្លាប់)
៤/. សេង សំអាន (២០០២)
៥/. គឹម ពេជ្រពីនុន (២០០៣)
៦/. ជ័យ ចាប (២០០៤)
៧/. មៀច ប៉ុណ្ណ (២០០៥)(ស្លាប់)
៨/. ប៉ាល់ វណ្ណារីរក្ស (២០០៦)
៩/. អ៊ំ សុផានី (២០០៧)(ស្លាប់)
១០/. ស៊ិន ទូច (២០០៨)
១១/. សុខ ចាន់ផល (២០១៣)
១២/. វ៉ា សំអាត (២០១៤)
១៣/. ខូ តារារិទ្ធ (២០១៥)
១៤/. ព្រឿង ប្រណីត (២០១៦)
១៥/. ឡឹក ជំនោរ (២០១៧)
១៦/. ប៉ុល ពិសី (២០១៨)
និងកវីនិពន្ធដែលទទួលពានរង្វាន់ថ្មីចុងក្រោយនេះគឺ៖
១៧/. លោក វ៉ែន សុន (២០១៩)
១៨/. លោក ស៊ូ ចំរើន (២០២០)៕
ប្រភពរូបភាព៖ ឯ.ក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ

LEAVE A REPLY

Please enter your comment!
Please enter your name here