ក្រុមហ៊ុនសាងសង់នាវាមុជទឹកបារាំងនឹងផ្ញើវិក្កយបត្រឲ្យអូស្ត្រាលី ក្នុងរយៈពេលពីរ បី សប្តាហ៍ទៀត

0
24

ក្រុមហ៊ុន Naval Group របស់ប្រទេសបារាំង បាននិយាយកាលពីថ្ងៃពុធ ទី២២ ខែកញ្ញាថា ខ្លួននឹងបញ្ជូន “សំណើ និងការគណនាលម្អិត” ទៅកាន់អូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ចំពោះការចំណាយដែលខ្លួនរំពឹងថា ទីក្រុងកង់បេរ៉ានឹងសងសម្រាប់ការលុបចោលកិច្ចសន្យាដ៏ធំមួយ ដើម្បីទិញនាវាមុជទឹករបស់បារាំង។ អូស្រ្តាលី ក្នុងឆ្នាំ២០១៦ បានយល់ព្រមទិញនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត ចំនួន ១២ គ្រឿង ដែលសាងសង់ដោយក្រុមហ៊ុន Naval Group ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានឈ្មោះថា “កិច្ចសន្យានៃសតវត្សរ៍” មានតម្លៃ ៥០ ពាន់លានដុល្លារអូស្រ្តាលី (៣៦.៥ ពាន់លានដុល្លារ) ក្រោយមកត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៥៦ ពាន់លានផោន (៦៥ ពាន់លានដុល្លារ)។ ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន អូស្រ្តាលីបានបដិសេធកិច្ចព្រមព្រៀងនេះ ដោយសារការផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងអង់គ្លេស នៅក្នុងកិច្ចព្រមព្រៀងចរចាសម្ងាត់មួយ ដែលធ្វើឱ្យទីក្រុងប៉ារីស ខឹង និងបង្កឱ្យមានជម្លោះការទូត។ នាយកប្រតិបត្តិក្រុមហ៊ុន Naval Group លោក Pierre Eric Pommellet បានប្រាប់កាសែត Le Figaro របស់ប្រទេសបារាំង កាលពីថ្ងៃពុធថា វិក័យប័ត្រនឹងត្រូវបញ្ជូនទៅអូស្ត្រាលីក្នុងរយៈពេល ពីរ បី សប្តាហ៍ទៀត។ លោកបានមានប្រសាសន៍ថា “អូស្ត្រាលីបានបញ្ចប់កិច្ចសន្យាយ៉ាងងាយស្រួល ដែលមានន័យថា យើងមិនមានកំហុស”។ លោកបានបន្ថែមថា “វាជាករណីដែលត្រូវបានគ្រោងទុកនៅក្នុងកិច្ចសន្យា ហើយនឹងតម្រូវឱ្យមានការទូទាត់ថ្លៃដើម និងអ្វីដែលនឹងកើតឡើងទាក់ទងនឹងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ជាមួយការផ្លាស់ប្តូរនិយោជិក”។ កន្លងមក អូស្ត្រាលីបានត្អូញត្អែរថា កិច្ចព្រមព្រៀងជាមួយ Naval Group ដែលជាកម្មសិទ្ធិរបស់រដ្ឋបារាំង គឺហួសកាលកំណត់ជាច្រើនឆ្នាំ។ ក្រសួងការពារជាតិបារាំង បាននិយាយថា ក្រុមហ៊ុន Naval Group បានចាប់ផ្តើមពិភាក្សារួចហើយ អំពីការទូទាត់ហិរញ្ញវត្ថុជាមួយទីក្រុងកង់បេរ៉ា៕ (AFP ថ្ងៃទី២២ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here