វិទ្យាស្ថានប៉ាស្ទ័រ ៖ ​រកឃើញ​​មេរោគ​លើ​សត្វប្រចៀវ​នៅឡាវ ដែល​ស្រដៀងបំផុត​ទៅនឹង​មេរោគ​កូវីដ១៩

0
88

អាច​ចាត់ទុក​ជារបកគំឃើញ​ដ៏​សំខាន់​មួយ​ សម្រាប់​ការស្រាវជ្រាវ​រក​ប្រភពដើម​​នៃ​ជំងឺ​កូវីដ​១៩។ អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ បារាំង​និង​ឡាវ​ បានសិក្សា​​រក​ឃើញ​ ​វីរុស​នៅក្នុង​ខ្លួន​​សត្វ​ប្រចៀវ​ នៅ​ភាគ​ខាងជើង​​ប្រទេស​ឡាវ​ មាន​លក្ខណៈ​ស្រដៀង​ខ្លាំងមែនទែន​នឹងវីរុស SARS-CoV-2 ​ ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺកូវីដ​១៩។ ដូច​វីរុសបង្ក​ជំងឺ​កូវីដ​១៩​ខ្លាំង​ហើយ មេរោគ​នៃ​សត្វ​ប្រចៀវ​នៅ​ឡាវ មានសមត្ថភាពចម្លងមកមនុស្ស​បាន​ទៀត។

មុន​នឹង​អាច​ចេញ​សេចក្តី​សន្និដ្ឋាន​​កំណត់​ថា​វីរុស​លើ​សត្វ​ប្រចៀវរស់​នៅ​តំបន់​ភាគខាង​ជើង​ប្រទេស​ឡាវ អាច​ជា​ប្រភពដើម​​នៃ​មេរោគ​បង្កជំងឺ​កូវីដ​១៩ អ្នក​ស្រាវជ្រាវ​នៃវិទ្យាស្ថាន​ប៉ាស័្ទរ​ក្រុង​ប៉ារីស និង ​វិទ្យាស្ថាន​ប៉ាស្ទ័របារាំង​នៅ​ប្រទេស​ឡាវ ព្រមទាំង​អ្នកស្រាវជ្រាវ​នៃសាកលវិទ្យាល័យ​ជាតិ​ឡាវ​ បាន​ចុះ​​ទៅ​ដល់​តំបន់​ភ្នំ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ ដែល​មាន​សត្វប្រចៀវ​រស់​ផ្តុំ​គ្នា​ច្រើន​តាម​​រូងភ្នំ​ កាលពី​ចុង​ឆ្នាំ ២០២០និង​ដើម​ឆ្នាំ​២០២១។ ពួកគេ​បានដាក់​សំណាញ់​ចាប់​ស្ទាក់​សត្វប្រចៀវ ដើម្បី​ប្រមូល​យកសំណាក​ (ឈាម ទឹកមាត់ ទឹកនោម និង​អាចម៍) មកវិភាគ រួច​ព្រលែង​ទៅ​វិញ។

លទ្ធផល​នៃ​ការ​វិភាគ បាន​បង្ហាញឱ្យឃើញ​ថា សត្វប្រចៀវនៅឡាវមាន​ផ្ទុកវីរុស ដែល​មាន​បុគ្គលិកលក្ខណៈ​ ស្ទើរ​តែ​​ដូចគ្នា​បេះ​ដាក់​នឹងវីរុស​បង្កជំងឺ​កូវីដ​១៩ Sars-CoV-2 ពោលគឺ​ដូច​គ្នា​ដល់​ទៅ​៩៦,៨៦% ដោយ​មាន​​​អាស៊ីតអាមីណេ តែមួយ​ឬ​ពីរ​មុខ​ប៉ុណ្ណោះ​មិនដូច​គ្នា។ ជាង​នេះ​ទៅ​ទៀត វីរុស​លើ​សត្វ​ប្រចៀវ​ឡាវ មាន​សមត្ថភាព​ភ្ជាប់​ខ្លួន​នឹង​កោសិកាACE2​របស់​មនុស្ស និង​ចម្លង​មក​មនុស្ស​ទៀត។ ប៉ុន្តែ​វីរុស​លើ​សត្វ​ប្រចៀវ​នៅ​ឡាវ គ្មានប្រូតេអ៊ីន Furine ដែល​មាន​តួនាទី​​សំខាន់​ក្នុង​ការ​ចម្លង ​ដូចមេរោគ​កូវីដ​១៩ទេ។ អ្នកស្រាវជ្រាវ​គិត​ថា​នេះ​ទំនង​អាចមក​ពី​មេរោគ​កូវីដ​១៩ ​បាន​បំប្លែងខ្លួន​ ពេល​ឆ្លង​ចូលមកក្នុង​ខ្លួន​មនុស្ស ឬ​មកពី​អ្នក​ស្រាវជ្រាវ​មិនទាន់​រក​ឃើញអស់។ ​សំណួរ​មួយ​ទៀត​ដែល​គ្មាន​ចម្លើយ​នៅឡើយ ​ ថាតើ ​វីរុស​របស់​សត្វ​ប្រចៀវ​ក្នុង​តំបន់​រូង​ភ្នំឡាវ​​អាចធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​វ៉ូហាន​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​២ពាន់​គីឡូម៉ែត្រ​ តាមណា ?

នេះ​ជាជំហាន​ដ៏​ធំ​​បំផុត​មួយ​ក្នុង​ដំណើរ​ស្វែង​រក​ប្រភព​ជំងឺ​កូវីដ១៩។ ​ក្រុម​អ្នកស្រាវជ្រាវ នៃវិទ្យាស្ថានប៉ាស្ទ័រ​បារាំង បាន​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដ៏​សំខាន់​មួយ​ថា មាន​វីរុស​ដូច​គ្នាខ្លាំង​នឹង​មេរោគ​កូវីដ​ ដែល​អាច​ចម្លង​ទៅមនុស្ស​បាន​ដោយ​ផ្ទាល់​ ដោយ​គ្មាន​សត្វ​ពង្រូល​ជា​ស្ពាន​ចម្លង​ទេ។ សំណាក​វីរុស​ក្នុ​ងសត្វ​ពង្រូល ខុស​ឆ្ងាយ​ពីមេរោគ​កូវីដ​១៩ ជាង​វីរុស​ក្នុង​សត្វប្រចៀវ​នៅ​ឡាវទៀត។ ហើយ​​បើ​តាម​គំនិត​របស់​​អ្នកស្រាវជ្រាវដដែល សត្វប្រចៀវ​រក​ឃើញ​កាលពី​ឆ្នាំ​២០១៣​នៅ​ខេត្ត​យូណាន់​ប្រទេស​ចិន មិនអាច​ចាត់​ទុក​ថា​ពូជ​ដើម​នៃ​វីរុស​Sars-CoV-2 ទៀតទេ។ ចំណែក​សត្វប្រចៀវ​​នៅ​កម្ពុជា​ ដែល​វិទ្យាស្ថានប៉ាស្ទ័រ​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដែរ មាន​លក្ខណៈ​ស្រដៀង​នឹងមេរោគ​​កូវីដ​តែ​ប្រមាណ​៩៣%​ប៉ុណ្ណោះ។

សេចក្តី​សន្និដ្ឋាន​​របស់​អ្នក​​ស្រាវជ្រាវនៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ប៉ារីស​និង​ឡាវ មាន​ផ្សព្វផ្សាយ​លើវេទិកា​វិទ្យាសាស្ត្រ​”Research Square” ដែល​សាធារណជនអាច​ចូលមើល​បានចាប់​ពី​ថ្ងៃ​ពុធនេះ​ទៅ តែ​ត្រូវរង់ចាំ​​ការ​វាយតម្លៃ​ពី​សំណាក់​អ្នក​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​សិនមុននឹង​អាច​ចេញ​ផ្សាយ​លើ​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ ជា​ផ្លូវការ​បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here