ទំនៀមក្បួនច្បាប់ស្តេចខ្មែរយាងព្រះទីនាំងនាវា

0
147

ការធ្វើដំណើររបស់មនុស្សខ្មែរយើងនាសម័យបុរាណ ភាគច្រើននិយមប្រើប្រាស់ផ្លូវទឹកជាជាងផ្លូវគោក ប្រសិនបើគេចង់ធ្វើដំណើរក្នុងល្បឿនលឿន ហើយងាយស្រួល។ ដោយហេតុថាព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលសម្បូរទៅដោយប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង ទាំងទន្លេ ព្រែក ស្ទឹងបឹងបួរ។ ព្រះមហាក្សត្រជាម្ចាស់ផែនទី កាលបើស្តេចនឹងយាងបំពេញព្រះរាជកិច្ច យាងធ្វើបុណ្យព្រះរាជពិធី ឬយាងក្រសាលផ្សេងៗ ក៏សព្វព្រះទ័យនិយមនឹងប្រើប្រាស់ មធ្យោបាយយាងតាមព្រះទីនាំងនាវាតាមព្រះរាជអធ្យាស្រ័យ។ ដោយសារតែការធ្វើដំណើរតាមព្រះទីនាំងនាវា នេះមានបញ្ហាប្រឈមចំពោះមុខច្រើនដើម្បីជៀសវាងគ្រោះមហន្តរាយប្រការណាមួយយាយីដល់ព្រះករុណាជាអម្ចាស់ ដូចច្នេះហើយទើបគេបានកំណត់ជាច្បាប់ជាក្រមឡើង ដើម្បីនឹងហាមប្រាមការពារបញ្ហាទុកជាមុន។ ក្រឹត្យក្រមច្បាប់ទម្លាប់ផ្សេងៗទាក់ទងការយាងព្រះរាជដំណើរតាមព្រះទីនាំងនាវាត្រូវបានចែងនៅក្នុង ក្រមលក្ខណៈមន្ទីរបាល ដែលរាប់ថាជាក្រឹត្យក្រមកំណត់ដ៏តឹងរឹងមួយ សម្រាប់ជាទំនៀមក្បួន វេលាស្តេចយាងតាមព្រះទីនាំងនាវាទៅកាន់ទីផ្សេងៗ។
យើងសូមនាំយកមកនូវការរៀបរាប់អំពីក្បួនច្បាប់និងបម្រាមនានាពេលស្តេចយាងព្រះទីនាំងនាវា ដូចដែលមានបរិយាយជាត្រួសៗដូចខាងក្រោម។
ព្រះករុណាព្រះមហាក្សត្រខត្តិយវង្ស និងព្រះបរមវង្សានុវង្សកាលបើស្តេចនឹងយាងព្រះរាជដំណើរតាមព្រះទីនាំងនាវាទៅកាន់ទីឯណាក្តី ក៏ត្រូវមានរៀបចំទូកហែហមតាមលំដាប់លំដោយជាក្បួនមានទូកនាំមុខ ទូកទ្វារ ទូកហែហម ដើម្បីជាព្រះសុវត្ថិភាពដល់ព្រះអង្គ។ កាលបើមានទូកចោរ ទូកខ្មាំងសត្រូវ ទូកអ្នកស្រវឹងឆ្កួតលីលា ឬទូកអ្នកស្រុកជនធម្មតាសម្រុកអុំចែវចូលមកថ្វាយតង្វាយ ឬដីកាផ្សេង ប្រសិនបើចូលមកត្រង់ដល់ទីទូកទ្វារហើយ ក្រុមក្រឡាហោម មហាផ្ទៃ អ្នកអុំ និងតម្រួតដែលមាននាទីត្រូវគ្រវីសំពត់ជាសញ្ញា ដើម្បីអោយទូកដែលកំពុងចូលមកឈប់សកម្មភាពសិន ប្រសិនបើទូកនោះពុំស្តាប់ឬពុំឈប់ទេ អោយចោលនឹងដុំឥដ្ឋ ដុំថ្ម ដុំដី កំណាត់ឈើ ឬដាវ ហើយប្រសិនបើនៅតែពុំស្តាប់ពុំឈប់ទៀត អោយហែលទឹកទៅទាញទូកហ្នឹងចេញ។ ប្រសិនបើព្រះករុណាស្តេចទតឃើញទ្រង់នឹងប្រោសអោយទូកបម្រើទៅទទួលអ្នកលើទូកនោះមកមកតាមព្រះរាជអធ្យាស្រ័យ។ ប្រសិនបើជាទូកចម្លែក ជាទូកខ្មាំងសត្រូវវិញហើយវាសម្រុកចូលមក ពុំមានទូកពួកមន្ត្រីណាហាម អ្នកទាំងនោះនឹងត្រូវទទួលទោសកាត់ក្បាល រឹបអូសផ្ទះនិងទ្រព្យសម្បត្តិ។ ឯទូកខ្មាំងដែលចូលមកនោះបើជាចោរឬខ្មាំងសត្រូវពិតមែនត្រូវសម្លាប់ចោលភ្លាមៗ តែបើជាទូកអ្នកពួកប្រមឹកឆ្កួតលីលាវិញ លោកអនុគ្រោះអោយត្រឹមវាយអ្នកដែលពុំបានហាម៣០រំពាត់ ហើយទូកអ្នកប្រមឹកអោយវាយ១៥រំពាត់។ ប្រសិនបើជាទូកឈ្មួញជួញដូររបស់ ទូកអ្នកថ្វាយដីការឬដង្ចាយសម្រុកចូលមក លោកអោយប្រណីទោសត្បិតល្ងង់ពុំដឹងច្បាប់ទម្លាប់។
នៅវេលាដែលមានកើតជាខ្យល់ព្យុះធំ ព្រះទីនាំងនឹងធន់ទ្រ ពុំបាន អោយយកទូកព្រះទីនាំងអែបទួល បើទូកព្រះទីនាំងអែបទួលពុំបានទេ អោយយកទូកខាងមកទទួល បើទូកខាងមកទទួលពុំបានទេ អោយយកទូកទ្វារមកទទួល បើទូកទ្វារមកទទួលពុំបានទេ គឺត្រូវមានទោសប្រហាជីវិត។
វេលាស្តេចប្រថាប់លើព្រះទីនាំងទូកក្តី ឬប្រថាប់ព្រះទីនាំងផែទឹកក្តី បើសម្តេចព្រះរាជបុត្រាព្រះរាជបុត្រី ព្រះរាជកុមារ ព្រះភគិនី ឬព្រះរាជនត្តាព្រះរាជនត្តោ មានក្រម មានព្រះរាជធុរៈនឹងចូលគាល់ បើចែវអុំទូកចូលដល់ទូកទ្វារហើយ ក្រុមភ្នាក់ងារត្រូវបក់សំពត់អោយឈប់សិនដើម្បីសួរសុំព្រះរាជានុញាតិ ប្រសិនបើនៅតែអុំចែវចូលមកពុំព្រមនៅឈប់ទេត្រូវគប់បោះដុំថ្ម ដុំឥដ្ឋ ឬកំណាត់ឈើទៅលើទូក ហើយបើពុំស្តាប់ទៀតលោកអោយពួយនឹងលំពែងក្រវែងចោលនឹងផ្តៅ។ ប្រសិនបើព្រះករុណាទ្រង់ទតព្រះនេត្រឃើញហើយមានព្រះរាជឱង្ការត្រាស់អោយចូលគាល់ ភ្នាក់ងារទូកទ្វារត្រូវយកទូកទ្វារធំចេញទៅទទួល កុំបីអោយចូលមកនឹងទូកឯង។ លុះចូលមកដល់ហើយក៏អោយក្រាបបង្គំនឹងកែមទូកព្រះទីនាំង អោយមានក្រុមតម្រួតអង្គុយគៀសនៅកណ្តាលមិនត្រូវអោយឡើងលើព្រះទីនាំងទេ ប្រសិនបើឡើងទៅលើព្រះទីនាំងត្រូវឃាត់ភ្លាមៗ ភ្នាក់ងារណាឃើញហើយពុំឃាត់ត្រូវទោសប្រហារជីវិតបង់ តែបើទ្រង់ប្រោសប្រណីត្រូវអោយវាយនឹងព្រាត់៥០រំពាត់ ដាក់គុក៣ខែសឹមរួចទោស។
ឧកញ៉ា ពញា ព្រះ ហ្លួង ឃុន ម៉ឺនសព្វមុខមន្ត្រី បើហ៊ានសំចតទូកមុនដល់ទីកំណត់ ត្រូវទោសប្រហារបង់ តែបើទ្រង់ប្រោសប្រទានអភ័យទោសអោយដាក់គុកត្រឹម៣ខែវិញ។
បណ្ដាចំណុះចែវអុំទូកអមព្រះទីនាំងមានទាំងស្រីស្នំក្រមការចំណុះទូកផងនោះ បើទូកអមព្រះទីនាំងលិចអោយបណ្តាចំណុះទូកហែលទឹករត់មិនត្រូវនៅតោងទូកទេ បើពុំនោះទេនឹងត្រូវទោសប្រហារជីវិត។ ទោះទូកអមព្រះទីនាំងលិចក្តី ចំណុះទូកធ្លាក់ទឹកក្តីត្រូវអោយភ្នាក់ងារបោះបង្គោល ចោលយុថ្កា ហើយបោះដូងទុំអោយចាប់តាមតែចាប់បានឬពុំបាន កុំអោយចុះទៅស្រង់អោយសោះបើស្រង់រួចអ្នកចុះទៅស្រង់ត្រូវមានទោសប្រហារជីវិត។ បើអ្នកណាបោះផ្លែដូងអោយចាប់បានរួចរស់ អ្នកបោះនោះត្រូវបានប្រាក់១០តម្លឹង និងផ្តិលមាស១ជារង្វាន់។ ទោះទូកអមឆ្វេងស្តាំលិចក្តីទូកយោងមុខទូករងលិចក្តី មិនត្រូវយកដូងពីព្រះទីនាំងបោះអោយឡើយ បើយកដូងព្រះទីនាំងបោះអោយក្តី ឬពួកទូកលិចមកតោងទូកព្រះទីនាំងក្តី ត្រូវទោសប្រហារជីវិត។

ក្នុងវេលាដែលព្រះករុណាស្តេចយាងក្បួនដង្ហែព្រះទីនាំងតាមជលមាគ៌ បើមានទូកណាចែវអ៊ុបើកក្តោងកាត់មុខទូកព្រះទីនាំង ទូកនោះត្រូវទោសប្រហារជីវិត។ ទូកអស់ស្រីស្នំក្រមការទូកអមព្រះទីនាំង ចែវអុំត្រអាលតាមស្តេច បើសិនជាចែវអុំមកប៉ះពារនឹងច្រវាទូកព្រះទីនាំងត្រូវទោសប្រហារជីវិត បើទូកនោះលិចត្រូវទោសប្រហារជីវិតហើយវឹបរាជបាទ(រឹបអូសទ្រព្យសម្បត្តិ)។
វេលាស្តេចយាងចុះទូកព្រះទីនាំងតូចដើម្បីចម្លងក្តី ចុះទូកព្រះទីនាំងតូចក្រសាលក្នុងស្រះកែវក្តី ក្រសាលក្នុងស្រះស្រង់ព្រះបរមរាជវាំងក្តី ភ្នាក់ងារឧកញ៉ាទេពវរជុន ត្រូវចុះកាន់កន្សៃទូក បើអ្នកផ្សេងចុះត្រូវវាយ៣០រំពាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here