ប្រទេស២ ដែលមានសេដ្ឋកិច្ចធំជាងគេ ហើយដែលបានបញ្ចេញកាបោនច្រើនជាងគេនៅក្នុងពិភពលោក បានប្រកាសការប្រយុទ្ធប្រឆាំងដាច់ដោយឡែកពីគ្នា អំពីការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃពុធ។ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ប្រទេសរបស់លោកនឹងលែងផ្តល់ថវិកាដល់រោងចក្រដែលប្រើដោយធ្យូងថ្មនៅឯបរទេសទៀតហើយ ដែលការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ ការប្រកាសនេះ បានកើតមានឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសផែនការមួយដែលត្រូវបង្កើនថវិកា ទ្វេដង នូវជំនួយហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ ដែលមានទឹកប្រាក់ដល់ចំនួន ១១,៤ ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៤ ខាងមុខ ដើម្បីឲ្យប្រទេសទាំងនោះ អាចងាកទៅប្រើប្រាស់ថាមពលដែលមានភាពប្រសើរជាងមុន និងដោះស្រាយផលប៉ះពាល់កាន់តែអាក្រក់ឡើង នៃការឡើងកំដៅនៅលើផែនដី។ ការប្រកាសនេះ បានដាក់ពួកប្រទេសអ្នកមានឲ្យខិតកាន់តែជិតទៅនឹងការសន្យាជាយូរយាណាស់មកហើយរបស់ខ្លួន ក៏ប៉ុន្តែមិនទាន់បានដល់គោលដៅ ចំនួន ១០០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ នៅក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍ អំពីអាកាសធាតុនោះទេ។ លោក Xinyun Ma ជាអ្នកជំនាញថាមពលនៅមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍន៍សាកលនៃសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បាននិយាយថា «នេះជាព្រឹត្តការណ៍ដ៏អស្ចារ្យមួយ»។ ការប្រកាសនេះ អាចផ្តល់នូវសន្ទុះខ្លះនៅក្នុងការចរចាអាកាសធាតុដ៏សំខាន់នៅក្នុងទីក្រុង Glasgow រដ្ឋ Scotland ដែលនៅសល់មិនដល់ ៦សប្តាហ៍ទៀត។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ដែលនឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការចរចាអាកាសធាតុនៅពេលខាងមុខ បានប្រាប់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ថា «ថ្ងៃនេះ ជាថ្ងៃដ៏ល្អពិតប្រាកដសម្រាប់ពិភពលោក»។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលបានជំរុញយ៉ាងខ្លាំងនៅសប្តាហ៍នេះ ឲ្យមានការខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងបានហៅការប្រកាសរបស់ប្រទេសទាំង២ នេះថា ជាដំណឹងស្វាគមន៍មួយ ក៏ប៉ុន្តែលោកបាននិយាយថា «យើងនៅមានដំណើរវែងឆ្ងាយទៀត ដើម្បីធ្វើឲ្យជំនួបនៅទីក្រុង Glosgow បានទទួលជោគជ័យ»៕ (AP ថ្ងៃទី២៣ ខែកញ្ញា)