មេដឹកនាំកូរ៉េខាងត្បូងបានអំពាវនាវម្តងទៀត ចំពោះសេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ

0
252

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន កាលពីថ្ងៃអង្គារ បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានអំពាវនាវម្តងទៀត ឱ្យមានសេចក្តីប្រកាសបញ្ចប់សង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ ជាផ្លូវការ។ លោក មូន បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ខ្ញុំសូមអំពាវនាវម្តងទៀតដល់សហគមន៍ប្រជាជាតិនានា ដើម្បីប្រមូលកម្លាំងរបស់ខ្លួន សម្រាប់ការប្រកាសបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ”។ លោកបានមានប្រសាសន៍ថា “ខ្ញុំស្នើឱ្យភាគីបី មាន កូរ៉េទាំងពីរ និងអាមេរិក ឬ ៤ ភាគី មាន កូរ៉េទាំងពីរ អាមេរិក និងចិន មកជួបជុំគ្នា ហើយប្រកាសថា សង្គ្រាមនៅឧបទ្វីបកូរ៉េបានបញ្ចប់ហើយ”។ កូរ៉េខាងជើងបានស្វែងរកជាយូរមកហើយ ឲ្យមានការបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ ដើម្បីដាក់ជំនួសឲ្យបទឈប់បាញ់ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែបានបន្សល់ទុកនូវបញ្ហាបច្ចេកទេសក្នុងសង្គ្រាម ដែលបានរក្សាទុកកំលាំងយោធាអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូង។ លោក មូន ដែលបានសកម្មក្នុងការព្យាយាមទាក់ទង ជាមួយប្រទេសកូរ៉េខាងជើង ពេញមួយអាណត្តិរបស់លោក បានអះអាងថា ការប្រកាសបែបនេះនឹងលើកទឹកចិត្តឱ្យកូរ៉េខាងជើង បោះបង់ចោលការរំសាយអាវុធនុយក្លេអ៊ែរ។ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ទីក្រុងព្យុងយ៉ាងត្រូវតែបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។ កាលពីព្រឹកថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងទៅកាន់អង្គប្រជុំអង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិកស្វែងរក “ការទូតប្រាកដប្រជា និងប្រកបដោយនិរន្តរភាព ដើម្បីបន្តការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ”។ លោកបាននិយាយថា យើងស្វែងរកវឌ្ឍនភាពជាក់ស្តែង ឆ្ពោះទៅរកផែនការដែលអាចរកបាន ជាមួយនឹងការប្តេជ្ញាចិត្ត ដើម្បីបង្កើនស្ថិរភាពនៅឧបទ្វីប និងក្នុងតំបន់ ព្រមទាំងធ្វើឱ្យជីវិតរបស់ប្រជាជននៅក្នុងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកាន់តែប្រសើរឡើង។ ប្រទេសកូរ៉េខាងជើងបានច្រានចោលការអំពាវនាវរបស់អាមេរិក សម្រាប់ការវិលត្រឡប់ទៅរកការសន្ទនាឡើងវិញ ហើយប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បាននិយាយនៅសប្តាហ៍នេះថា កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាងកំពុងដំណើរការយ៉ាងពេញទំហឹងហើយ៕(Reuters ថ្ងៃទី២១ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here