លោក Biden ជំរុញឲ្យ​មាន​ការឯកភាព​គ្នា ​ក្នុង​ការដោះសា្រយ​ការប្រឈម​ជា​សកល

0
264

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាននិយាយ​ថា ពិភព​លោក​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នាជាង​ពេល​ណាៗ​ទាំង​អស់​ ដើម្បី​ដោះស្រាយ​នូវ​ការ​ប្រឈម​ជា​សកល។ ក្នុង​សុន្ទករថា​ទៅ​កាន់​មហា​សន្និបាតអង្គការ​សហប្រជា​ជាតិ​លើក​ដំបូង ​ក្នុង​នាម​ជា​ប្រមុខរដ្ឋសហរដ្ឋ​អាមេរិក​លោក Biden មាន​ប្រសាសន៍​ថា «សន្តិសុខ​ វិបុលភាព និង​សេរីភាព​របស់​យើង​ មាន​ការទាក់ទង​គ្នាទៅវិញ​ទៅ​មក ​ជាង​ពេល​ណាៗ​ទាំង​អស់»។ លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​បាន​វិល​ត្រឡប់​មក​កាន់​វេទិកាអន្តរជាតិ​វិញ​ហើយ​ ជា​ពិសេស ​វេទិកានៅ​ក្នុង​អង្គការ​សហប្រជា​ជាតិ។ ពាក់ព័ន្ធ​នឹង​កម្លាំងយោធា​សហរដ្ឋ​អាមេរិក​វិញ លោក​ប្រធានាធិបតី Biden បាន​ថ្លែង​ថា «ការ​ប្រើប្រាស់​នូវ​អំណាច​យោធា​អាមេរិក ​គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​យើង។ វា​មិន​មែន​ជា​ជម្រើស​ទី​១​របស់​យើង​នោះទេ ហើយ​វាក៏​មិន​ត្រូវបាន​យក​មក​ប្រើប្រាស់ ​ដើម្បីធ្វើ​ជា​ចម្លើយ​សម្រាប់​គ្រប់បញ្ហា​ទាំង​អស់ដែល​យើង​បានឃើញ​នៅ​ជុំវិញ​ពិភព​លោក​នោះ​ឡើយ»។ មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការសហប្រជាជាតិ ​គឺ​ជា​ឱកាស​មួយ​ដល់​រដ្ឋ​ជា​សមាជិក​ទាំង ​១៩៣ ​ប្រទេស ​ដើម្បី​ពិភាក្សាការ​ប្រឈមនានា ស្តីពី​សារៈសំខាន់របស់​ពិភព​លោក ​និង​តំបន់៕ (AP ថ្ងៃទី២១ ខែកញ្ញា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here