ប្រទេសចិនសន្យាបញ្ចប់ការផ្តល់មូលនិធិ ដល់គម្រោងធ្យូងថ្ម នៅក្រៅប្រទេស

0
192

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសកាលពីថ្ងៃអង្គារ ទី២១ ខែកញ្ញាថា ប្រទេសចិននឹងបញ្ឈប់ការផ្តល់មូលនិធិដល់គម្រោងធ្យូងថ្ម នៅក្រៅប្រទេសទាំងអស់ ដែលជាការបញ្ចប់លំហូរជំនួយសាធារណៈសម្រាប់ថាមពលកខ្វក់ រួមចំណែកដល់វិបត្តិអាកាសធាតុ។ លោក ស៊ី បានធ្វើការប្រកាសនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រធានាធិបតីអាមេរិកលោក Joe Biden ក៏ចង់បង្ហាញពីភាពជាអ្នកដឹកនាំនៅក្នុងការប្រកួតប្រជែងដែលកំពុងកើនឡើង ជាមួយប្រទេសចិន ដោយលោក Biden បានសន្យាថា នឹងបង្កើនទ្វេដងនូវការរួមចំណែករបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសដែលរងផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុ។ ចិន គឺជាអ្នកផ្តល់ថវិកាច្រើនបំផុត សម្រាប់គម្រោងធ្យូងថ្មនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជា ឥណ្ឌូនេស៊ី វៀតណាម និងបង់ក្លាដែស នៅពេលដែលចិនកំពុងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធពិភពលោក ជាមួយខ្សែក្រវ៉ាត់ និងផ្លូវរបស់ខ្លួន។ លោក ស៊ី បានប្តេជ្ញាថា នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងសម្រាប់ប្រទេសចិន ដែលជាអ្នកបញ្ចេញឧស្ម័នធំបំផុតរបស់ពិភពលោក ដើម្បីធ្វើអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ២០៦០។ លោក ស៊ី បាននិយាយនៅក្នុងសុន្ទរកថាថា “នេះទាមទារឱ្យមានការខិតខំប្រឹងប្រែង ដើម្បីសម្រេចបានគោលដៅទាំងនេះ”។ លោកបានមានប្រសាសន៍ថា “ប្រទេសចិននឹងបង្កើនការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍដទៃទៀតក្នុងការអភិវឌ្ឍថាមពលបៃតង និងកាបូនទាប ហើយនឹងមិនបង្កើតគម្រោងថាមពលដើរដោយធ្យូងថ្មថ្មីនៅបរទេសឡើយ”។ សេចក្តីប្រកាសរបស់ចិនមានលក្ខណៈស្រដៀងគ្នា ជាមួយកូរ៉េខាងត្បូង និងជប៉ុន ដែលជាប្រទេសផ្តល់មូលនិធិសំខាន់សម្រាប់គម្រោងធ្យូងថ្ម។ លោកស្រី Helen Mountford អនុប្រធានផ្នែកអាកាសធាតុ និងសេដ្ឋកិច្ចនៃវិទ្យាស្ថានធនធានពិភពលោក បាននិយាយថា វា គឺជារបត់ប្រវត្តិសាស្ត្រមួយនៅឆ្ងាយពីឥន្ធនៈហ្វូស៊ីលដ៏កខ្វក់បំផុតរបស់ពិភពលោក។ លោកស្រីបាននិយាយថា “ការសន្យារបស់ចិនបង្ហាញថា ការផ្តល់ហិរញ្ញប្បទានសាធារណៈអន្តរជាតិសម្រាប់ធ្យូងថ្ម ត្រូវបានបិទ។ ប៉ុន្តែលោកស្រីបាននិយាយថា វិនិយោគិនឯកជនក៏ត្រូវតែមានការប្តេជ្ញាចិត្តដូចគ្នា៕ (AFP ថ្ងៃទី២១ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here