លោក ឌូតឺតេ ប្តេជ្ញាថា នឹងចាត់វិធានការចំពោះជនណាដែលធ្វើហួសព្រំដែន ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន

0
198

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយកាលពីថ្ងៃអង្គារ ទី២១ ខែកញ្ញាថា ជនណាដែលត្រូវបានរកឃើញថា បានធ្វើសកម្មភាពហួសព្រំដែន ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់របស់លោកនឹងត្រូវទទួលខុសត្រូវក្រោមច្បាប់ជាតិ ខណៈដែលលោកកំពុងបដិសេធចំពោះការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ លោក ឌូតឺតេ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា លោកបានណែនាំដល់ក្រសួងយុត្តិធម៌ និងប៉ូលិសហ្វីលីពីនឱ្យពិនិត្យឡើងវិញនូវការប្រព្រឹត្ដនៃយុទ្ធនាការនេះ ដែលក្នុងនោះ ជនសង្ស័យជួញដូរ និងអ្នកប្រើប្រាស់គ្រឿងញៀន ជាង ៦.១០០ នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីលោកឡើងកាន់តំណែង កាលពីខែមិថុនា ឆ្នាំ២០១៦។ លោក ឌូតឺតេ បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំថា “អ្នកដែលត្រូវបានគេរកឃើញថា បានធ្វើសកម្មភាពហួសព្រំដែន ក្នុងអំឡុងពេលប្រតិបត្តិការ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់របស់យើង”។ លោក ឌូតឺតេ មិនបាននិយាយអំពីការស៊ើបអង្កេតជាផ្លូវការ លើឧក្រិដ្ឋកម្មដែលអាចកើតមានប្រឆាំងមនុស្សជាតិ ដែលត្រូវបានអនុម័តដោយចៅក្រមពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីសប្តាហ៍មុននោះទេ ទោះបីជាលោកហាក់ដូចជាបដិសេធការជ្រៀតជ្រែកពីខាងក្រៅ ក្នុងបញ្ហាសិទ្ធិមនុស្សក៏ដោយ។ លោកបានមានប្រសាសន៍ថា “យើងបានបញ្ចប់ជាមួយអង្គការសហប្រជាជាតិ នូវកម្មវិធីរួមរបស់យើងស្តីពីសិទ្ធិមនុស្ស។ នេះ គឺជាគំរូមួយសម្រាប់ការចូលរួមក្នុងន័យស្ថាបនា រវាងរដ្ឋជាសមាជិកអធិបតេយ្យ និងអង្គការសហប្រជាជាតិ”។ រដ្ឋាភិបាលរបស់លោក ឌូតឺតេ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងមិនសហការជាមួយ ICC ឬ អនុញ្ញាតឱ្យមានការស៊ើបអង្កេតណាមួយ ចូលក្នុងប្រទេសហ្វីលីពីនឡើយ។ លោក ឌូតឺតេ និងមេប៉ូលិសរបស់លោក បាននិយាយថា ការសម្លាប់នេះ គឺដើម្បីការពារខ្លួន ហើយរដ្ឋាភិបាលរបស់លោកបានទទូចថា ICC គ្មានសិទ្ធិជ្រៀតជ្រែកចូលកិច្ចការប្រទេសនេះទេ៕ (Reuters ថ្ងៃទី២១ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here