លោក Biden នឹង​ប្រើ​កិច្ចប្រជុំ​​អង្គការ​សហ​ប្រជាជាតិ​​ជំរុញ​ពហុភាគី​និយម និង​សកល​និយម

0
300

នៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​ ​នៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី ​Joe Biden បាន​ជំរុញ​ទស្សនៈ​ពហុភាគី​និយម​ និងសកល​និយម ​ដែល​ផ្តោត​លើ​ការទូតការពារលទ្ធិប្រជាធិបតេយ្យ។ មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​រដ្ឋបាល​លោក​ Biden ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃអង្គារ​ថា៖ ​«វា​ជា​សប្តាហ៍​ដ៏​សំខាន់​ និង​ចាំបាច់​សម្រាប់​លោក​ប្រធានាធិបតី​ Biden ​និង​ថ្នាក់​ដឹកនាំ​ដែលនឹងត្រូវ​ជំរុញ​ទៅ​មុខ​នូវ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន​ សម្រាប់​សន្តិសុខ​ជាតិ​អាមេរិក​ ​សន្តិភាព​ និង​វិបុល​ភាព​កាន់​តែ​ទូលំ​ទូលាយ​របស់​ពិភពលោក»។ លោក​ Biden​ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ​សម្រាប់​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ជា​មួយ​ប្រមុខ​រដ្ឋនានា ​ប្រហែល​១០០​នាក់​ នៅ​ទីស្នាក់​ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ។ ​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​នៅ​ថ្ងៃ​អង្គារ ​លោក​មាន​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​នៅទី​ក្រុង​ញូវយ៉ក ​ជា​មួយ​នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​លោក ​Scott Morrison​ ហើយ​​នៅ​ថ្ងៃ​ដដែល​នោះ​ លោក​នឹង​ទទួល​ពិភាក្សា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក ​Boris Johnson​ នៅ​ឯ​សេតវិមាន។​ កាល​ពី​សប្តាហ៍​មុន ​ប្រទេស​ទាំង​៣ បាន​ប្រកាស​កិច្ច​ព្រមព្រៀង​សន្តិសុខ​មួយ ​ដែល​នឹង​ផ្តល់​បច្ចេកវិទ្យា​អាមេរិក​សម្រាប់​នាវា​មុជ​ទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ និង​ជំនាញ​ជើង​ទឹក​អង់គ្លេស​ដល់​ប្រទេស​អូស្ត្រាលី ​ដើម្បី​ជួយ​ប្រទេស​នេះ ប្រឆាំង​ការ​គំរាម​កំហែង​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ​ អ្នកវិភាគ​យល់​ឃើញ​​ថា​ ចំណាត់​ការ​នេះ ​ជា​ការ​ប៉ុនប៉ង​ប្រឆាំង​ឥទ្ធិពល​ចិន ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់។ កាល​ពី​ថ្ងៃអាទិត្យ​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក ​Antonio Guterres​ បាន​ទទូច​ឲ្យ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​បញ្ចៀស​នូវ​អ្វី​ដែល​លោក​ថា ​អាច​មាន​សង្រ្គាម​ត្រជាក់​ដែលមាន​សក្តានុពល ហើយ​លោក​បាន​អង្វរ​ឲ្យ​ប្រទេស​ទាំង​ពីរ​ជួសជុល​ទំនាក់​ទំនង​ដែល​ «មិន​ចុះសម្រុង​គ្នាទាំងស្រុងឡើងវិញ»៕​ (AP ថ្ងៃទី២១ ខែកញ្ញា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here