សម្រេច​បិទ​ផ្សារ​បន្ទាយស្រី​ជា​បណ្តោះអាសន្ន​បន្ទាប់ពីរ​ក​ឃើញ​អាជីវករ​ជាង​២០​នាក់​មាន​ជំងឺ​កូ​វីដ​-១៩

0
73

សៀមរាបៈ​អភិបាលស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២០​ខែកញ្ញា​ម្សិលមិញ​នេះ​លោក​ទទួលបាន​ព័ត៌មាន​ថា មាន​អាជីវករ​នៅក្នុង​ផ្សារ​បន្ទាយស្រី​ជា​ប្តី​ប្រពន្ធ ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ក្រោយពេល​ទៅ ពិនិត្យ​ជំងឺ​នៅក្នុង​គ្លី​នី​ក​ឯកជន​មួយ​នៅក្នុង​ក្រុង​សៀមរាប​រួច​ម​។​

​លោក​បន្តថា​បន្ទាប់មក​ក្រុមការងារ​ស្រាវជ្រាវ​របស់​ស្រុក​បន្ទាយស្រី​បានកំណត់​មុខសញ្ញា​ដែល​បាន​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ទាំងពីរ​នេះ​ភ្លាមៗ​និង​បានសម្រេច​ធ្វើតេស្ត​យក​សំណាក​លើ​អាជីវករ​ទាំងអស់​ជាង​២០០​នាក់​នៅក្នុង​ផ្សារ​បន្ទាយ​ស្រី​ទាំងមូល ។​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ដែលជា​លទ្ធផល​ត្រូវបាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន​ជាង​២០​នាក់​ហើយ ។

លោក ឃឹម ហ្វី​ណង់ មានប្រសាសន៍​ទៀតថា ដោយបាន​ការឯកភាព​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្តសៀមរាប រដ្ឋបាល​ស្រុក​បន្ទាយស្រី បានសម្រេច​បិទ​ផ្សារ​បន្ទាយស្រី​ភ្លាមៗ ជា​បណ្តោះអាសន្ន​រយៈពេល​ពីរ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​២១ ខែកញ្ញា​តទៅ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មិនឱ្យ​ឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ​ចូលទៅក្នុង​សហគមន៍ និង​តំបន់​ផ្សេងទៀត​នៅក្នុង​ស្រុក​បន្ទាយស្រី ប៉ុន្តែ​រដ្ឋបាល​ស្រុក នឹង​រៀបចំ​ទីកន្លែង​លក់​បន្លែ​ត្រី​សាច់ និង​របស់របរ​ចាំបាច់​ប្រចាំថ្ងៃ​មួយចំនួនទៀត​នៅ​ទីតាំង​ថ្មី​មួយ ដែលមាន​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ និង​មិន​បង្ក​ហានិភ័យ​ឆ្លង​បន្ត​ដល់​អ្នកភូមិ ហើយ​ចំពោះ​អ្នកលក់​បន្លែ​ត្រី​សាច់​នៅក្នុង​តំបន់​ថ្មី​នេះ នឹង​តម្រូវឱ្យ​ធ្វើតេស្ត​យក​សំណាក និង​មាន​លទ្ធផល​អវិជ្ជមាន​ជាមុនសិន ព្រមទាំង​មាន​ពាក់​ស្លាក​សញ្ញា​សម្គាល់​ត្រឹមត្រូវ និង​ស្ថិតក្រោម​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​រដ្ឋបាល​ស្រុក​។

អភិបាលស្រុក បាន​ស្នើសុំ​ការយោគយល់​ចំពោះ​ផលប៉ះពាល់​ដែល​កើតចេញពី​វិធានការ​បន្ទាន់​មួយ​នេះ និង​សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទាំ​ង​អស់ ជាពិសេស​អ្នករស់នៅ​ជុំវិញ​ផ្សារ​បន្ទាយស្រី ដែល​គិតថា​ខ្លួន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​ខាងលើ មេត្តា​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here