ព្រះមហាក្សត្រកម្ពុជានឹងស្តេចយាងដឹកនាំព្រះរាជពិធីសុំភ្លើងអាទិទេពនៅប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តការណ៍ស៊ីហ្គេម២០២៣

0
47

ភ្នំពេញ)៖ កម្ពុជា នឹងរៀបចំព្រះរាជពិធីសុំភ្លើងអាទិទេព នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រកម្ពុជា រួមជាមួយនឹងពិធីរត់ភ្លើងគប់ចេញពីកម្ពុជា ឆ្ពោះទៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួចហើយរត់ត្រឡប់ចូលមកកម្ពុជា នៅជុំវិញបឹងទន្លេសាប ឆ្ពោះមកពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣តែម្តង ខណៈដែលកាលបរិច្ឆេទនៃព្រះរាជពិធីនេះ ត្រូវបានកំណត់រួចរាល់ហើយ ប៉ុន្តែនៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។
នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ដែលបានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយតាមប្រព័ន្ធ ZOOM ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលកិច្ចប្រជុំនោះ រៀបចំឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ក្នុងកិច្ចប្រជុំនោះ សម្តេចពិជ័យសេនាប្រធាន CAMSOC បានត្រួតពិនិត្យបន្ថែមលើគ្រោងឆ្អឹងនៃព្រះរាជពិធីសុំភ្លើងអាទិទេព និងគម្រោងនៃពិធីបើក-បិទស៊ីហ្គេម ២០២៣ ដោយត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដោយបានរៀបចំផែនការគោលសំខាន់ៗអស់ហើយ ហើយត្រូវបន្តបំបែកកម្មវិធីលម្អិត ដូចជានៅក្នុងកម្មវិធីបើក-បិទនេះមានទស្សនីយភាព ការធនធានសម្តែង សម្ភារ និងគម្រោងថវិកាជាដើម។ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ចំពោះការរត់ភ្លើងគប់នេះ ត្រូវធ្វើការរួមគ្នាសម្រាប់ពិធីរត់ក្នុងប្រទេសគឺជាការសហការគ្នាជាមួយអាជ្ញាធរខេត្ត ខណៈពិធីរត់ភ្លើងគប់នៅបណ្តាប្រទេសទាំងអស់នៅអាស៊ីអាគ្នេយ៍ត្រូវសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ និងបណ្តាស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ ដោយCAMSOC បានកំណត់កាលបរិច្ឆេតរួចហើយថា ប្រទេសណាត្រូវរត់ភ្លើងគប់នេះ ពីថ្ងៃណាដល់ថ្ងៃណា ហើយការត់ក្នុងស្រុកត្រូវរត់ពីថ្ងៃណាដល់ថ្ងៃណា ដែលពេលវេលាទាំងអស់នេះ ត្រូវបានកំណត់ជាគោលការណ៍រួចហើយ។ «សម្រាប់កម្មវិធីរត់ភ្លើងគប់នេះត្រូវបានរៀបចំនៅក្នុងកូនសៀវភៅ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ដោយគ្រាន់តែអ្នកជំនាញអនុវត្តតាមគោលការណ៍ដែលបានកំណត់នេះរួចហើយលើកម្មវិធីបើក និងកម្មវិធីបិទ និងព្រះរាជពិធីសុំភ្លើងអាទិទេព ការរត់ភ្លើងគប់ ដែលមានភាពលម្អិតស៊ីជម្រៅច្បាស់លាស់។ ទាំងអស់នេះគឺជាដំណើរវឌ្ឍនភាពការងាររបស់ CAMSOC ដើម្បីឈានឆ្ពោះទៅធ្វើការលម្អិតរួមបញ្ជូលគ្នានៃផែនការនីមួយៗ ដើម្បីឲ្យមានការទទួលខុសត្រូវខ្ពស់ ជាក់លាក់ប្រកបដោយប្រសិទ្ធភាព»។
សូមរំលឹកថា កាលពីឆ្នាំ២០១៨ ក្នុងពិធី បើក ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ព្រះរាជ ប្រទាន ភ្លើង គប់ ត្រូវបានប្រារព្ធធ្វើក្រោមព្រះរាជាធិបតីដ៏ ខ្ពង់ខ្ពស់ បំផុត ពីព្រះ ករុណា ព្រះបាទ សម្តេច ព្រះ បរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះ រាជាណាចក្រ កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here