ឡាវបានបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍ ខណៈករណីឆ្លងកូវីដ-១៩ ឡើងដល់កម្រិតខ្ពស់បំផុត

0
35

ប្រទេសឡាវបានបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍របស់ខ្លួន និងបានហាមឃាត់ការធ្វើដំណើររវាងខេត្ត ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ខណៈករណីបានកើនឡើងដល់កម្រិតខ្ពស់បំផុត។ ប្រទេសកុម្មុយនិស្តមួយនេះ ហាក់ដូចជាបានរួចផុតពីការរាតត្បាតនៃជំងឺនេះទៅហើយ កាលពីឆ្នាំ២០២០ ដោយគិតមកត្រឹមខែមីនា ឆ្នាំនេះ បានរាយការណ៍តិចជាង ៦០ ករណី ដែលជាចំនួនតិច តែដោយសារការធ្វើតេស្តមានកំណត់។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលខែមេសា បានឃើញការកើនឡើងជាលំដាប់ ហើយប្រទេសនេះបានរាយការណ៍ពីករណីឆ្លងថ្មី ចំនួនជាង ៤០០ករណីក្នុងមួយថ្ងៃ នៅក្នុងសហគមន៍ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ អភិបាលក្រុងវៀងចន្ទន៍បានប្រកាសបិទខ្ទប់រដ្ឋធានី កាលពីថ្ងៃអាទិត្យ រយៈពេល ពីរសប្តាហ៍ ដោយបញ្ជាឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។ ការធ្វើដំណើររវាងខេត្តដែលរងផលប៉ះពាល់ ចំនួន ៧ ផ្សេងទៀត ត្រូវបានហាមឃាត់ ខណៈពេលដែលការចូលទៅទីក្រុងវៀងចន្ទន៍តម្រូវឱ្យមានការចត្តាឡីស័ក ១៤ថ្ងៃ។ ពាក់ព័ន្ធនឹងករណីកើនឡើង កាលពីចុងសប្តាហ៍ គឺផ្សារភ្ជាប់ទៅនឹងចង្កោមថ្មីៗ ដែលបានរកឃើញនៅក្នុងរោងចក្រកាត់ដេររបស់ប្រទេស ដោយកម្មករភាគច្រើនឆ្លងជំងឺនេះពីតំបន់ដីសណ្ត។ រហូតមកដល់ពេលនេះ ប្រទេសឡាវបានកត់ត្រាករណីសរុប ចំនួន ១៩.៣៩៩ ករណី និងមានអ្នកស្លាប់ ចំនួន ១៦ នាក់។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេស វ៉ាក់សាំងទទួលបានចំនួនជាង ៤.៥ លានដូស ដែលភាគច្រើនជាស៊ីណូហ្វាម ដែលបានបរិច្ចាគពីប្រទេសជិតខាងចិន និងថ្នាំ Pfizer-BioNTech ដែលទទួលបានតាមរយៈកម្មវិធី COVAX សម្រាប់ប្រទេសដែលមានចំណូលទាប។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ការរំលោភបំពានណាមួយ ចំពោះការបិទខ្ទប់ទីក្រុងវៀងចន្ទន៍នឹងនាំឱ្យមានការផាកពិន័យចំនួន ៣ លានគីប (៣១០ ដុល្លារ) ដែលជាថ្លៃដាក់ទណ្ឌកម្មនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ ប្រហែល ២.៦០០ ដុល្លារអាមេរិក៕ (AFP ថ្ងៃទី២០ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here