អ្នកស្រី Suu Kyi មិនធ្វើអត្ថាធិប្បាយ​​ទៅ​លើ​ការ​អំពាវនាវ​ឲ្យ​មាន​សង្គ្រាម​ប្រឆាំង​របប​សឹក​នៅ​មីយ៉ាន់ម៉ា

0
79

មេដឹកនាំ​ស៊ីវិល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​ត្រូវ​របប​យោធា​ទម្លាក់​ចេញ​ពី​អំណាច គឺ​អ្នកស្រី Aung San Suu Kyi មិនធ្វើ​អត្ថាធិប្បាយ​លើ​ការ​ប្រកាសឲ្យ​មាន​សង្គ្រាម​មួយ​ ប្រឆាំង​នឹង​របប​សឹក​យោធា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល​ស្រមោល ដែល​ភាគច្រើនជា​សមាជិក​សភានៃ​គណបក្ស​របស់​អ្នកស្រីនោះទេ។ នេះ​បើតាម​ការ​គូស​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយមេធាវី​របស់​អ្នកស្រី ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។ មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូលក្នុង​ភាព​ចលាចល ​ចាប់​តាំង​ពី​ក្រុម​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយគណបក្ស​សម្ព័ន្ធ​ជាតិដើម្បី​លទ្ធិប្រជា​ធិបតេយ្យ​របស់អ្នកស្រី Suu Kyi កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លងទៅ ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ាយ៉ាង​ខ្លាំង ​និងធ្វើ​ឲ្យ​ក្រុម​យោធា​ធ្វើ​ការបង្ក្រាប​ដោយបង្ហូរ​ឈាម​ទៅ​លើក្រុម​អ្នក​ប្រឆាំង​តវ៉ា​ទាំង​នោះ។ ក្រុម​សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ចំនួន​ភាគ​ច្រើន ​បាន​នាំ​គ្នា​បង្កើតរដ្ឋាភិបាល​ឯកភាព​ជាតិមួយ ​ដើម្បី​តស៊ូផ្តួល​រំលំ​របប​យោធា ​និង​បាន​ប្រកាស​សង្គ្រាម​ ​កាល​ពី​ដើម​ខែកញ្ញា​នេះ ​ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​យោធា។ ក្រោយ​ការ​ប្រកាស​មក ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​កម្លាំង​ការពារ​ប្រជាពលរដ្ឋ ​និង​កង​កម្លាំង​នៃ​របប​យោធា​បាន​កើនឡើង​ជា​លំដាប់​ ហើយ​ប៉ម​សម្រាប់ទំនាក់ទំនង ​ដែល​ប្រើ​ប្រាស់​ដោយ​កង​កម្លាំង​យោធាជា​ច្រើន​កន្លែង ​ត្រូវ​បាន​ទទួល​រង​ការ​វាយ​ប្រហារ។ ដោយ​ឡែក អ្នកស្រី Suu Kyi មិនបាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ ជុំវិញ​រឿង​នេះ​ទេ នេះ​បើតាម​ការ​បញ្ជាក់របស់​លោក Khin Maung Zaw មេធាវី​ការពារ​លោក​ស្រី។ មេធាវី​រូប​នេះ ​បាន​បន្ត​ថា អ្នកស្រី Suu Kyi អាច​និយាយរឿង​នេះបាន ក្រោយការពិភាក្សាជា​មួយ​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៅ​ក្នុង​គណបក្ស​សម្ព័ន្ធភាព​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​អ្នកស្រី៕ (AFP ថ្ងៃទី២០ ខែកញ្ញា)

 

LEAVE A REPLY

Please enter your comment!
Please enter your name here