អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិព្រមាន​អាមេរិក និង​ចិន ឱ្យ​ចៀសវាង​សង្គ្រាម​ត្រជាក់​ថ្មី

0
97

ដោយ​ព្រមាន​អំពី​សង្គ្រាម​ត្រជាក់​ថ្មី​ លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​សុំឱ្យ​ប្រទេស​ចិន​ និង​សហ​រដ្ឋ​អាមេរិក​ជួសជុលឡើងវិញ​ ទំនាក់​ទំនង​ដែលជាប់គាំងរវាង​ប្រទេស​ធំទាំង​ពីរ ដែលកំពុងជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ថែម​ទៀត​ចូល​ទៅ​ដល់​ប្រទេស​ផ្សេងៗ​ក្នុង​ពិភព​លោក។​ លោក​ Antonio Guterres ​បាន​ផ្តល់កិច្ច​សម្ភាសន៍តាមបណ្តាញ​ព័ត៌មាន​ The Associated Press​ កាលពីថ្ងៃអាទិត្យ​ មុន​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មេដឹកនាំ​នានា​នៅ​អង្គការ​សហ​ប្រជាជាតិ ​នៅ​សប្តាហ៍​នេះ​ថា​ មហា​អំណាច​សេដ្ឋកិច្ច​ធំៗ​ទាំង​២​ គួរ​តែ​សហការ​គ្នា​លើ​បញ្ហា​អាកាសធាតុ​ និងចរចា​ឱ្យ​កាន់​តែ​សកម្ម​លើ​វិស័យ​ពាណិជ្ជ​កម្ម​ និង​បច្ចេកវិទ្យា​ បើទោះបី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ខាង​នយោបាយ ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ សេដ្ឋកិច្ច​ សន្តិសុខ​តាម​អ៊ីនធឺណិត​ និង​អធិប​តេយ្យភាព​នៅ​សមុទ្រ​ចិនខាង​ត្បូង​ក៏​ដោយ។​ លោក​ Guterres​ បាន​និយាយ​​ក្នុង​បទ​សម្ភាសន៍​​ថា៖ ​«ជា​អកុសល​ បច្ចុប្បន្ន​នេះ​យើង​មាន​តែការ​ប្រឈម​មុខដាក់​គ្នា»។ លោក​បាន​មាន​ប្រសាសន៍​ថា ​«យើង​ត្រូវ​បង្កើត​ទំនាក់​ទំនងឲ្យមាន​ដំណើរ​ការ​ឡើងវិញ​រវាង​មហា​អំណាច​ទាំង​ពីរ»។​ លោកនិយាយ​ថា យើង​ចាំបាច់ត្រូវ​ដោះស្រាយ​បញ្ហា​នៃ​ការ​ចាក់​វ៉ាក់សាំង​ បញ្ហា​នៃ​ការ​ផ្លាស់ប្តូរ​អាកា​សធាតុ​ និង​បញ្ហា​ប្រឈម​សកល​ជាច្រើន​ទៀត ​ដែល​មិន​អាច​ដោះស្រាយ​បាន បើ​គ្មាន​ការ​ស្ថាបនាឡើងវិញ​ទំនាក់​ទំនង​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ និង​ជាពិសេស​ក្នុង​ចំណោម​ប្រទេស​មហា​អំណាច»។​ កាលពី ២​ឆ្នាំ​មុន​ លោក ​Guterres​ បាន​ព្រមាន​មេដឹក​នាំ​ពិភព​លោក ​អំពី​ហានិភ័យ​នៃ​ការ​បែកបាក់​ពិភពលោក​ជាពីរ​ ដោយ​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​ បានប្រកួត​ប្រជែង​ខាង​អ៊ីនធឺណិត ​ រូបិយបណ្ណ​ ពាណិជ្ជកម្ម​ ច្បាប់​ហិរញ្ញ​វត្ថុ​ និង​យុទ្ធសាស្រ្ត​ភូមិសាស្ត្រ​នយោបាយ​ ហើយនឹងយោធា​របស់​ពួកគេ​ផ្ទាល់»។​ លោក​បាន​រំឭក​ឡើងវិញ​ថា​ យុទ្ធសាស្ត្រ​ភូមិសាស្ត្រ​នយោបាយ​ និ​ងយោធា ​ដែល​ប្រជែង​គ្នា​នឹង​បង្ក​«គ្រោះថ្នាក់» ​និង​បែងចែក​ពិភពលោក​ ដូច្នេះ​ទំនាក់ទំនងប្រកបដោយន័យ​ស្ថាបនា​ត្រូវតែ​បាន​ជួសជុលឡើងវិញ​ឱ្យ​បាន​ឆាប់ៗ៕ (AP ថ្ងៃទី២០ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here