ប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ កំពុងជិតផុតពូជក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី

0
199

អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួង​បរិស្ថាន និងអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំ (Crocodylus siamensis) ដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត សរុប​ចំនួន ៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន​ និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា​។​​ សកម្មភាពតាមដាន សិក្សា​នេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វក្រពើភ្នំនៃគម្រោង​កាំ​ប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន និងគាំទ្រផ្នែកហិរញ្ញវត្ថុដោយ GEF-5/UNEP ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ប៊ែលហ្ស៊ិក។

ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក​ ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងនៃឆ្នាំដដែលនេះ។ ហ្វូងកូនសត្វក្រពើភ្នំទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។

លោក​ ប៊ុន​ សុធា សមាជិកម្នាក់នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា៖ «ក្នុងរដូវកូនក្រពើញាស់នេះ ក្រុមអ្នកស្រាវជ្រាវយើងបានធ្វើការតាមដានជាប្រចាំ ហើយសម្រាប់ការចុះតាមដានមួយជើងនេះ ពួកយើងបានចំណាយអស់រយៈពេល ៤យប់ ដើម្បីអង្កេតមើលស្ថានភាពរបស់សត្វក្រពើភ្នំ​នៅតាមទីតាំងផ្សេងៗរបស់វា គឺចាប់តាំងពីម៉ោង ៧:០០យប់ រហូតដល់រំលងអធ្រាត្រ ប្រហែលទល់ ម៉ោង២:០០ព្រឹក»។ លោកបានបន្តទាំងមានស្នាមញញឹមផងថា៖​ «ភាពរំភើបត្រេកអរជាខ្លាំងក៏បានមកដល់ ក្រោយពេលដែលសមាជិកក្រុមការងារយើងម្នាក់បានប្រទះឃើញចំណាំងពន្លឺភ្នែករបស់កូនសត្វក្រពើដែលទើបនឹងញាស់»។

គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ដោយរូបភាពដំបូងបង្អស់នៃការរស់រានបន្តពូជរបស់សត្វនេះ ក្រោយការខិតខំស្រាវជ្រាវអស់រយៈពេលជាងមួយទសវត្សរ៍នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិមួយនៃតំបន់ព្រៃទេសភាពភាគខាងកើត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននិងគាំទ្រដោយអង្គការWWF ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរនិងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិអភិរក្សរវាងក្រសួងបរិស្ថាននៃរាជ​រដ្ឋា​ភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ ជាពិសេសសមាជិកទាំងអស់នៃក្រុមការងារស្រាវជ្រាវវិទ្យាសា្រស្រ្តនៃក្រសួងបរិស្ថាន និងអង្គការWWF ដែលបានខិតខំប្រឹងប្រែងសិក្សានិងស្រាវជ្រាវរហូតទទួលបាននូវលទ្ធផលដោយបានកត់ត្រាបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់នៃហ្វូងកំពុងបន្តពូជនៃសត្វក្រពើភ្នំដ៏កម្របំផុតនេះនៅតំបន់ស្រែពក»។ លោករដ្ឋមន្ត្រីបានបន្តទៀតថា៖​ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃស្រែពក ជាតំបន់ជីវៈចម្រុះសកលមួយដែលមានសក្តានុពលខ្ពស់សម្រាប់ការស្តារធនធានជីវៈចម្រុះ និងចំនួនសត្វព្រៃសំខាន់ៗមានតម្លៃជាសកលឡើងវិញ»។

លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ «ដំណឹងដ៏រំភើបនេះក៏បានឆ្លុះបញ្ចាំងផងដែរពីសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអភិរក្សសត្វក្រពើភ្នំដ៏កម្រ និងសត្វព្រៃសំខាន់ៗដទៃជាច្រើនប្រភេទទៀត។ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានធនធានធម្មជាតិដ៏វិសេសវិសាលគ្មានពីរ ដែលនេះគឺជាមោទនភាពជាតិសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ដោយសារកម្ពុជាមានសន្តិភាពពេញលេញ យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនៃគ្រប់វិស័យ មានលទ្ធភាពក្នុងការផ្តោតការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ និងដំណោះស្រាយនានាក្នុងកិច្ចគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ សំដៅឈានឆ្ពោះទៅស្តារធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន ឲ្យសំបូរ និងប្រសើរឡើងវិញ»។ ផ្អែកតាមកញ្ញា Milou Groenenberg ជាប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការWWF របកគំហើញនាពេលនេះត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ទុកថាជាការវិវត្តន៍ដ៏វិជ្ជមានមួយ នៃការសិក្សាស្តីពីសត្វក្រពើភ្នំនៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃស្រែពក ដោយហេតុថាវត្តមានរបស់សត្វនេះមិនត្រូវបានគេបញ្ជាក់ជាផ្លូវការទេ បើផ្អែកតាមរបាយការណ៍ស្រាវជ្រាវនានាដែលគេធ្លាប់ទទួលបានកាលពីរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយរីឯការកត់ត្រាវត្តមានរបស់វាតាមរយៈរូបភាពក៏គ្មានដែរក្នុងទសវត្សរ៍ចុងក្រោយនេះ។

កញ្ញា Milou បាននិយាយថា៖ «កាលពីមុនអ្នកវិទ្យាសាស្រ្តនៅមិនទាន់អាចបញ្ជាក់ច្បាស់បានទេថាសត្វក្រពើភ្នំដែលរស់នៅក្នុងទីជម្រកស្រែពកនេះអាចមានគូបង្កាត់ពូជបាន ហើយក៏គេកាន់តែមិនអាចបញ្ជាក់បានទៀតថា តើសត្វនេះបានធ្វើសំបុកនៅទីណាមួយក្នុងតំបន់នេះ ហើយមានញាស់កូនដែរឬអត់ នោះឡើយ»។

អ្នកវិទ្យាសាស្រ្តរូបនេះបានបន្ថែមថា៖ «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនៅតំបន់ស្រែពកពេលនេះពិតជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្ស និងការពារការរស់រានរបស់សត្វនេះនៅក្នុងទីជម្រកធម្មជាតិរបស់វា ដែលវាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងពិភពលោកទាំងមូល»។

សត្វក្រពើភ្នំ ធ្លាប់មានរស់នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០​មក វត្តមានរបស់សត្វប្រភេទជិតផុតពូជបំផុតមួយនេះ ត្រូវបាត់បង់គួរឲ្យបារម្ភពីដែនជម្រកធម្មជាតិរបស់ពួកវា។ ប្រទេសកម្ពុជា​ គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនសរុប ចន្លោះពី ២០០​ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ នៅលើពិភពលោក ចំនួនសត្វក្រពើភ្នំដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ (១ពាន់)​ ក្បាលឡើយ។

កត្តាគំរាមកំហែងចំពោះការរស់រានរបស់សត្វក្រពើភ្នំមានដូចជា៖ ការរេចរិលនិងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាប់ដែលបណ្តាលមកពីតម្រូវការនៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយពូជក្រពើផ្សេង ទំនប់វារីអគ្គិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។

ការរស់រានរបស់កូនក្រពើភ្នំដែលទើបត្រូវបានគេស្រាវជ្រាវឃើញពេលនេះ ព្រមទាំងការការពារទីជម្រករបស់ពួកវាដោយសុវត្ថិភាពល្អ​ ត្រូវបានស្ថិតក្រោមការធានា និងឃ្លាំមើលយ៉ាងតឹងរ៉ឹងដោយមន្ត្រីអនុវត្តច្បាប់ដែលធ្វើការនៅក្នុងតំបន់ការពារ ក៏ដូចជាដោយមានការចូលរួមក្នុងការថែរក្សាតំបន់ការពារធម្មជាតិពីសំណាក់សហគមន៍មូលដ្ឋាននៅជុំវិញតំបន់ការពារ ព្រមទាំងការអនុវត្តនូវកម្មវិធីអភិវឌ្ឍជីវភាពរបស់សហគមន៍ឲ្យបានប្រសើរឡើង ដែលទាំងនេះជាផ្នែកសំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់រយៈពេលវែងរបស់ក្រសួងបរិស្ថាន និងអង្គការWWF។

លោក សេង ទៀក នាយកអង្គការWWFកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរចំពោះក្រុមការងារស្រាវជ្រាវ និងក្រុមការងារអនុវត្តច្បាប់ចំពោះគំហើញដ៏អស្ចារ្យនេះ។ ប្រសិនបើគ្មានការប្តេជ្ញាចិត្ត និងការខិតខំដ៏មោះមុត និងដោយទៀងទាត់នៅក្នុងតំបន់ការពារធម្មជាតិនោះទេ យើងទាំងអស់គ្នាក៏មិនទទួលបាននូវលទ្ធផលដ៏ប្រសើរបែបនេះដែរ»។

លោក​បន្ថែម​ថា យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សបន្ថែមទៀត ដោយផ្តល់អាទិភាពលើការស្វែងរកនូវដំណោះស្រាយសមស្រប និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់គាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារធនធានសត្វព្រៃ ហើយស្របពេលជាមួយគ្នានោះដែរ បន្តអំពាវនាវឱ្យចាត់នូវវិធានការ និងវិធីសាស្ត្រឲ្យកាន់តែប្រសើរជាងមុនដើម្បីគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងធនធានធម្មជាតិ។

លោកបានបន្ថែមថា៖ «គំហើញនាពេលនេះ បានបង្ហាញថាការស្តារចំនួនសត្វព្រៃនៅតំបន់ព្រៃទេសភាពភាគខាងកើតឲ្យប្រសើរឡើងវិញគឺជាលទ្ធភាពដែលគេអាចធ្វើទៅបាន ដោយបង្កើនកិច្ចសហការរួមគ្នា ដើម្បីរៀបចំឡើងឲ្យមាននូវលក្ខខណ្ឌចាំបាច់នានាដូចជា ការការពារទីជម្រក ការធានាការផ្គត់ផ្គង់ចំណីអាហារ និងទឹកតាមបែបធម្មជាតិ ដែលជាសុទ្ធសឹងជាកត្តាផ្តល់អំណោយផលដល់ការរស់រានរបស់សត្វក្រពើភ្នំ និងប្រភេទសត្វដទៃជាច្រើនទៀតដែលកំពុងរស់នៅក្នុងទីជម្រកធម្មជាតិនៃតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃកម្ពុជានេះ»។

ក្រសួងបរិស្ថាន និងអង្គការWWF នឹងបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅតំបន់ស្រែពកតទៅបន្ថែមទៀត និងពង្រឹងវិធានការការពារទីជម្រករបស់សត្វនេះពីការគំរាមកំហែងផ្សេងៗ មានដូចជាការទន្រ្ទានដីដែលធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងសកម្មភាពល្មើសច្បាប់ផ្សេងៗទៀតដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន​នូវការចុះល្បាតជាប្រចាំតាមគ្រប់មធ្យោបាយទាំងក្នុងនិងក្រៅតំបន់ការពារធម្មជាតិ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចាត់វិធានការរួមគ្នាជាបន្ទាន់បន្ថែមទៀតចាំបាច់សម្រាប់ការការពារសត្វក្រពើភ្នំដើម្បីឲ្យសត្វនេះជៀសផុតពីការផុតពូជ និងដាក់ចេញនូវវិធីសាស្ត្រនានាដើម្បីធានាឲ្យសត្វនេះមានចំនួនកើនឡើងវិញសម្រាប់គាំទ្រការរស់រានរបស់វាតទៅអនាគត។ ក្រសួងបរិស្ថានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអង្គការអន្ដរជាតិមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាន​ និងបណ្តាដៃគូដទៃទៀត ដើម្បីការពារ និងថែរក្សាធនធានព្រៃឈើ និងមរតកធនធានសត្វព្រៃរបស់កម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍សង្គម​ និងសេដ្ឋកិច្ចសម្រាប់រយៈពេលវែងដល់ប្រជាជនជំនាន់នេះ និងជំនាន់តទៅអនាគត»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here