ក្រុមបាតុករអំពាវនាវឱ្យបណ្តេញនាយករដ្ឋមន្រ្តីថៃចេញពីដំណែង ចំថ្ងៃខួបធ្វើរដ្ឋប្រហារ

0
47

បាតុកររាប់រយនាក់បានបើកឡានឆ្លងកាត់ផ្លូវក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ដើម្បីរំលឹកខួប ១៥ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា ដែលបានទម្លាក់អតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ អតីតនាយករដ្ឋមន្ត្រីមហាសេដ្ឋីដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួន នៅតែជាឥស្សរជនលេចធ្លោនៅក្នុងនយោបាយរបស់ប្រទេស ចាប់តាំងពីយោធាបានទម្លាក់រដ្ឋាភិបាលរបស់លោក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦។ រូបសំណាករថក្រោះក្រដាសកាតុងដ៏ធំមួយ សម្រាប់ការតវ៉ា “រថយន្តប្រឆាំងនឹងរថក្រោះ” អ្នកប្រមូលផ្តុំគ្នាបានចុចស៊ីផ្លេរថយន្តឡើងទ្រហឹង ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដែលបានឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤។ លោក Nattawut Saikuar អ្នកនយោបាយដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន បានស្រែកទៅកាន់ហ្វូងអ្នកគាំទ្រថា បណ្តេញលោក ប្រាយុទ្ធ។ “មិនថាមានរដ្ឋប្រហារប៉ុន្មានក៏ដោយ វាមិនអាចបញ្ឈប់យើងបានទេ មិនថារថក្រោះរបស់ពួកគេមានសមត្ថភាពល្អប៉ុណ្ណានោះទេ វាមិនអាចបញ្ឈប់បេះដូងប្រយុទ្ធរបស់ប្រជាជនបានទេ”។ ប្រទេសថៃបានជួបប្រទះការធ្វើរដ្ឋប្រហារច្រើនជាង ១២ ដង ចាប់តាំងពីការបញ្ចប់របបរាជានិយមផ្តាច់ការ ក្នុងឆ្នាំ១៩៣២ ដោយពួកយោធា ដើម្បីការពារគ្រួសាររាជវង្សដ៏មានឥទ្ធិពល។ ការឡើងកាន់អំណាចរបស់លោក ថាក់ស៊ីន ត្រូវបានជំរុញដោយអ្វីដែលគេហៅថា “ពួកអាវក្រហម” ដែលភាគច្រើនជាអ្នកគាំទ្រវណ្ណៈកម្មករ ដែលលោករួមចំណែកដល់ប្រជាជន ដូចជា ការបង្កើតប្រព័ន្ធថែទាំសុខភាពជាសកល។ ឥទ្ធិពលរបស់លោកនៅក្នុងនយោបាយថៃបានគ្របដណ្តប់លើព្រះរាជាណាចក្រមួយនេះ សូម្បីតែបន្ទាប់ពីការបណ្តេញចេញប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ជានាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋប្រហារឆ្នាំ២០១៤ ដែលដឹកនាំដោយប្រមុខយោធាលោក ប្រាយុទ្ធ។ ឧត្តមសេនីយ៍រូបនេះ បានបន្តធ្វើជានាយករដ្ឋមន្រ្តីនៅក្នុងការបោះឆ្នោត ឆ្នាំ២០១៩ ដែលត្រូវបានគ្រប់គ្រងក្រោមរដ្ឋធម្មនុញ្ញថ្មី ដែលតាក់តែងឡើងដោយរបបយោធារបស់លោក៕ (AFP ថ្ងៃទី១៩ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here