កូរ៉េខាងជើងនិយាយថា កិច្ចព្រមព្រៀងនាវាមុជទឹក អាមេរិក-អូស្ត្រាលី អាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ

0
160

ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទ ទី២០ ខែកញ្ញានេះ បាននិយាយថា សម្ព័ន្ធភាពថ្មីរបស់អាមេរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចសន្យានាវាមុជទឹកអាមេរិក ជាមួយអូស្ត្រាលី អាចបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសកិច្ចព្រមព្រៀងសន្តិសុខ ៣ផ្លូវ ជាមួយអូស្ត្រាលី និងអង់គ្លេស ដែលជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រ ហើយដែលនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកនឹងត្រូវផ្គត់ផ្គង់ដល់ទីក្រុងកង់បេរ៉ា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្តីមន្រ្តីក្រសួងការបរទេសម្នាក់ថា “ទាំងនេះ គឺជាទង្វើបង្កគ្រោះថ្នាក់បំផុត ដែលនឹងធ្វើឱ្យខូចដល់តុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ”។ កាលពីថ្ងៃពុធ កូរ៉េខាងជើងបានបាញ់មីស៊ីល ពីរគ្រាប់ ចូលទៅក្នុងសមុទ្រ ហើយទីក្រុងសេអ៊ូលបានបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងចេញពីនាវាមុជទឹក ដោយក្លាយជាប្រទេសទី៧ នៅលើពិភពលោកដែលមានបច្ចេកវិទ្យា។ មន្ត្រីកូរ៉េខាងជើងរូបនេះ បាននិយាយថា “ប្រទេសជិតខាង រួមទាំងចិន បានថ្កោលទោសសកម្មភាពទាំងនេះថា ជាការមិនទទួលខុសត្រូវ ជាការបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់”។ សម្ព័ន្ធមិត្តការពារជាតិអូស្ត្រាលី-អាមេរិករបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេមើលឃើញថា មានគោលបំណងប្រឆាំងការកើនឡើងរបស់ចិន។ ទំនាក់ទំនងរដ្ឋបាលរបស់លោក បៃដិន ជាមួយកូរ៉េខាងជើងបានបង្ហាញការផ្លាស់ប្តូរពីរដ្ឋបាលមុនរបស់លោក ដូណាល់ ត្រាំ ដែលបានចូលរួមក្នុងទំនាក់ទំនងការទូតដ៏អស្ចារ្យ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕ (AFP ថ្ងៃទី២០ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here