ទឹក​បឹង​ទន្លេសាប ឡើង​ខ្ពស់ជាង ៤ ម៉ែត្រ មុនពេល​បាតុភូត​ថ្មី មកដល់​

0
25

ភ្នំពេញៈ សម្ពាធ​ទាប​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​វិ​វត្ត​ទៅជា​សម្ពាធ​ទាប​សកម្ម Active មានដំណើរ​មករក​ឆ្នេរ ម្តុំ​ខេត្ត​ញ៉ា​ត្រាង នៃ​ប្រទេស​វៀតណាម​រួច ដើរចូល​មកលើ ខេត្ត​ត្បូងឃ្មុំ នៃ​ប្រទេស​កម្ពុជា ហើយ​ថយឥទ្ធិពល​ទៅវិញ ព្រម​ពេល​ជាមួយគ្នា មាន​បាតុភូត​ថ្មី បាន​ដើរចូល​មកដល់ ក្នុង​សមុទ្រ​ចិន​ខាងត្បូង មួយទៀត ដែល​អាច​នឹង​វិ​វត្ត​ទៅជា កូន​ព្យុះ​ទី​១៥​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៨ ខែកញ្ញា បន្ទាប់ពី​ត្រឡប់​មកពី​ប្រារព្ធ ពិធី​បុណ្យសព​ម្តាយបង្កើត របស់លោក នៅ​ខេត្តបាត់ដំបង បាន​ចប់សព្វគ្រប់​ថាៈ សម្ពាធ​ទាប នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​ការវិវត្ត​លឿន ដើរ​ក៏​លឿន នៅថ្ងៃនេះ (១៨​កញ្ញា​) វា​បាន​ក្លាយទៅជា សម្ពាធ​ទាប​សកម្ម Active មានដំណើរ​មក រក​ឆ្នេរ និង​ដីគោក ម្តុំ​ខាងលើ​ខេត្ត​ញ៉ា​ត្រាង នៃ​ប្រទេស​វៀតណាម រួច​ចូល​មកដល់​ប្រទេស​កម្ពុជា បន្ទាប់ពី​បាន​កាត់​លើ ខេត្ត​ត្បូងឃ្មុំ រួច​ថយឥទ្ធិពល​ទៅវិញ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បានបញ្ជាក់​ថាៈ សម្ពាធ​ទាប​សកម្ម​នេះ នឹង​បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ នៅក្នុង​ប្រទេស​កម្ពុជា នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៃ អាង​ទន្លេមេគង្គ​លើ ជាពិសេស តំបន់​ខ្ពង់រាប ភាគ​ឦសាន ខ្ពង់រាប​ភាគ​ខាងជើង និង​ខេត្តកំពង់ស្ពឺ ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ ចាប់ពី​ល្ងាច ថ្ងៃនេះ (១៨​កញ្ញា​) រហូតដល់​ថ្ងៃ​អង្គារ ដែល​បង្កឱ្យមាន ជា​ជំនន់​ទឹកភ្លៀង​។ នៅពេល​បន្ទាប់​ពីនេះ សម្ពាធ​ទាប​សកម្ម​មួយ នៅ​ខាងកើត​ប្រទេស​ហ្វីលីពីន នឹង​ដើរ​ចូលមកក្នុង​សមុទ្រ​ចិន​ខាងត្បូង រួច​បង្កើន​ឥទ្ធិពល ទៅដល់​កម្រិត​ជា វិ​សម្ពាធ TD ឬ​ជា​កូន​ព្យុះ TS ទី​១៥ នៅ​អំឡុង​ថ្ងៃទី​២២ ខែកញ្ញា និង​បន្តដំណើរ មករក​ឆ្នេរ ក្រោម​ភាគ កណ្តាល របស់​ប្រទេស​វៀតណាម ដោយមាន​ឥទ្ធិពល​ទឹកភ្លៀង ដល់​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​អាង​ទន្លេមេគង្គ​លើ និង​ប្រទេស​កម្ពុជា ដល់ពេល​នោះ ទឹកទន្លេ​មេគង្គ​នឹង​ចាប់ផ្តើម​ងើបឡើង​វិញ ជាថ្មី​ម្តងទៀត​។​

​លោក​ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ ចាប់ពី​ល្ងាច​នេះ​ទៅ ភ្លៀង​ចាប់ផ្តើម​ធ្លាក់​រាយប៉ាយ បន្តបន្ទាប់ នៅ​ទូទាំងប្រទេស និង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ផ្ទៃមេឃ នៅលើ​ប្រទេស​ក​ម្ព​ជា មាន​សភាព​អួរ​អាប់ ជាមួយ​ភ្លៀងរលឹម ពី​តិច​ទៅ​បង្គួរ និង​កន្លែង​ខ្លះ​ច្រើន​។ ការធ្លាក់​ភ្លៀង​ច្រើន បន្តបន្ទាប់ នឹង​កើតមាន ចាប់ពី​ថ្ងៃទី​១៩ កញ្ញា រហូតដល់​ចុង​សប្តាហ៍​ក្រោយ ទាំង​នៅលើ​ប្រទេស​កម្ពុជា និង​តំបន់​អាង​ទន្លេមេគង្គ​លើ​។​

តាម​ព្រឹត្តិប័ត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែកញ្ញា បង្ហាញឱ្យឃើញថាៈ នៅ​ខេត្តស្ទឹងត្រែង ទឹក​មាន​កម្ពស់ ៦,៩២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៧ ខែកញ្ញា ០,២៨ ម៉ែត្រ នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់ ១៦,៤៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៧ ខែកញ្ញា ០,៥៦ ម៉ែត្រ នៅ​ខេត្ត​កំពង់ ចាម ទឹក​មាន​កម្ពស់ ១០,៦៦ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៧ ខែកញ្ញា ០,៥០ ម៉ែត្រ នៅ​រាជធានី ភ្នំពេញ ទឹក​មាន​កម្ពស់ ៦,៤១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៧ ខែកញ្ញា ០,២០ ម៉ែត្រ នៅ​អ្នក លឿង ទឹក​មាន​កម្ពស់ ៤,៥៨ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៧ ខែកញ្ញា ០,១៦ ម៉ែត្រ នៅ​ទន្លេ បាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៥,៨១ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៧ ខែកញ្ញា ០,១៤ ម៉ែត្រ នៅ​ទន្លេសាប ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៥,៤២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៧ ខែកញ្ញា ០,១០ ម៉ែត្រ នៅ​បឹង​ទន្លេសាប កំពង់​លួង ទឹក​មាន​កម្ពស់ ៤,០៤ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី ១៧​ខែកញ្ញា ០,០៨ ម៉ែត្រ​។​

​តាម​ការ​ព្យាករ​ដដែល សម្រាប់​ថ្ងៃទី​២១ ខែកញ្ញា នៅ​ខេត្តស្ទឹងត្រែង ទឹក​អាច​នឹង​ស្រក មក​នៅ​កម្ពស់ ៦,៣៩ ម៉ែត្រ នៅ​ក្រចេះ ទឹក​អាច​នឹង​ស្រក មក​នៅ​កម្ពស់ ១៥,៤៣ ម៉ែត្រ នៅ​កំពង់ ចាម ទឹក​អាច​ស្រក មក​នៅ​កម្ពស់ ៩,៧៤ ម៉ែត្រ និង នៅ​ចតុមុខ ទឹក​អាច​ឡើង ដល់​កម្ពស់ ៦,០៣ ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍​កម្ពស់​ទឹកទន្លេ សម្រាប់​រដូវវស្សា ឆ្នាំ​២០២១​ថាៈ ទឹក​អាច​នឹង​ឡើង ដល់​កម្ពស់ ៩,៣០ ម៉ែត្រ នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេ បាសាក់​ចតុមុខ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៤ ខែកញ្ញា បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១ ខែកញ្ញា​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​នូវ​ឥទ្ធិពល ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូសបន្លាយ ពី​ប្រទេស​ភូមា កាត់​លើ​ប្រទេស​ថៃ ឡាវ និង ប្រទេស​វៀតណាម ហើយ​នៅ​អំឡុង ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែកញ្ញា ទទួលរង​ឥទ្ធិពល ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់មូសុង​និរតី​ខ្សោយ​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ អាច​នឹងមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម​។​

​អាស្រ័យ​ហេតុ​ស្ថានភាព​ធាតុអាកាស ដូច​បាន​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អំពាវនាវ​ដល់ សាធារណជន ឱ្យមាន​ប្រុងប្រយ័ត្ន ចំពោះ​បា​តុ ភូត​ធម្មជាតិ ដែល​អាច​កើតមាន ជាយថាហេតុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here