ហុងកុង: ទីក្រុងហុងកុង បានជាប់ឈ្មោះជាក្រុង ដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លារ (Billionaire) រស់នៅច្រើនបំផុតទី២ ក្នុងពិភពលោកជាមួយនឹងចំនួន១១១នាក់កាលពីឆ្នាំ២០២០ នៅពេលទីក្រុងនេះបន្ថែមបាន១៥នាក់ទៀត ដែលម្នាក់ៗមានទ្រព្យសម្បត្តិសុទ្ធយ៉ាងតិច១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃទី១៦ កញ្ញា។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ Wealth-X ជាស្ថាប័នផ្ដល់ព័ត៌មាន និងចក្ខុវិស័យស្ដីពីទ្រព្យសម្បត្តិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបង្ហាញថា ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក បានជាប់ឈ្មោះជាទីក្រុង ដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លាររស់នៅច្រើនបំផុតទី១ ក្នុងពិភពលោកជាមួយនឹងចំនួន១២៤នាក់ បន្ទាប់ពីបន្ថែមបាន១១នាក់ទៀតកាលពីឆ្នាំ២០២០។
ចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារ ទូទាំងពិភពលោកបានកើនឡើង១៣.៤%ដល់៣.២០៤នាក់ ហើយនេះជាលើកដំបូងហើយ ដែលចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារកើនលើស៣.០០០នាក់ ចាប់តាំងពីស្ថាប័នខាងលើនេះ ចាប់ផ្ដើមតាមដានចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារក្នុងឆ្នាំ២០១៣មក។
ស្ថាប័ន Wealth-X និយាយថា “ក្រុងញូវយ៉ក មានកំពូលមហាសេដ្ឋីពាន់លានដុល្លាររស់នៅច្រើនជាងគេ ស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក លើកលែងតែប្រទេសចិន និងប្រទេសអាល្លឺម៉ង់ ប៉ុណ្ណោះ។ ហើយទីក្រុងហុងកុង បានជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងពិភពលោក បើទោះបីជាអស្ថិរភាពក្នុងទីក្រុងនេះមានការកើនឡើងក្ដី”។
សេដ្ឋកិច្ចក្នុងទីក្រុងនេះ បានជួបការលំបាករយៈពេលជាង២ឆ្នាំមកហើយ ដោយបានដាំក្បាលចុះ១,២%ក្នុងឆ្នាំ២០១៩ ដែលជាការធ្លាក់ចុះដំបូងបង្អស់របស់ខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ នៅពេលការប៉ះទង្គិចគ្នាជាញឹកញាប់ រវាងក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល និងកងកម្លាំងប៉ូលិស បានធ្វើឱ្យរាំងស្ទះដំណើរការអាជីវកម្មក្នុងទីក្រុងនេះ។
កាលពីឆ្នាំ២០២០ សេដ្ឋកិច្ចក្នុងទីក្រុងនេះ បានបន្តដាំក្បាលចុះរហូតដល់៦,១% នៅពេលការរីករាលដាលវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ខ្លាំងមកលើសេដ្ឋកិច្ច ហើយចំនួនអ្នកគ្មានការងារធ្វើក៏កើនឡើងខ្ពស់។
កំពូលមហាសេដ្ឋីពាន់លានដុល្លារក្នុងទីក្រុងនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ២៨២ពាន់លានដុល្លារអាមេរិក។
ទីក្រុងសានហ្វ្រានស៊ីស្កូ (សហរដ្ឋអាមេរិក) ដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៨១នាក់ ជាប់ចំណាត់ថ្នាក់លេខ៣ ក្រុងមូស្គូ (ប្រទេសរុស្ស៊ី) ជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៧៤នាក់ ហើយទីក្រុងឡុងដ៍ (អង់គ្លេស) ជាប់ចំណាត់ថ្នាក់លេខ៥ ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៧១នាក់។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ ចំពោះចំណាត់ថ្នាក់របស់ទីក្រុងហុងកុង គឺថា វាគ្រាន់តែជាទីក្រុងមួយ ដែលមានប្រជាជនរស់នៅ ប្រមាណ៧,៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែវាមានកំពូលមហាសេដ្ឋី មានប្រាក់ពាន់លានដុល្លាររស់នៅច្រើនជាង នៅក្នុងប្រទេសស្វីស ទាំងមូលទៅទៀត ដែលមានត្រឹម១០៧នាក់ ឥណ្ឌា មានត្រឹម១០៤នាក់ ប្រទេសអារ៉ាប៊ីសាឌូអីត មានត្រឹម៦៤នាក់ ប្រទេសបារាំង មានត្រឹម៦៤នាក់ និងប្រទេសអ៊ីតាលី មានត្រឹម៦០នាក់។
បើនិយាយពីក្របខណ្ឌប្រទេសវិញ ប្រទេសដែលមានកំពូលមហាសេដ្ឋីពាន់លានដុល្លារច្រើនជាងគេបំផុត ក្នុងពិភពលោកគឺសហរដ្ឋអាមេរិក ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៩២៧នាក់ ដែលមានទ្រព្យសម្បត្តិសរុប៣.៧ទ្រីលានដុល្លារ។ លេខ២ បានទៅលើប្រទេសចិន ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន៤១០នាក់ ដែលមានទ្រព្យសម្បត្តិសរុប១,៣ទ្រីលានដុល្លារអាមេរិក និងលេខ៣ បានទៅលើប្រទេសអាល្លឺម៉ង់ ជាមួយកំពូលមហាសេដ្ឋីពាន់លានដុល្លារចំនួន១៧៤នាក់ ដែលមានទ្រព្យសម្បត្តិសរុប៥១៥ពាន់លានដុល្លារអាមេរិក។
ប្រទេសនៅអាស៊ី តែមួយគត់ដែលជាប់ក្នុងបញ្ជីកំពូលទាំង១៥ ក្រៅពីប្រទេសចិន និងប្រទេសឥណ្ឌា ដែលជាប់លេខ៨ គឺប្រទេសសិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់លេខ១៥ ជាមួយកំពូលមហាសេដ្ឋី ពាន់លានដុល្លារចំនួន៥០នាក់ ដែលមានទ្រព្យសម្បត្តិសរុប៨៦ពាន់លានដុល្លារអាមេរិក។
របាយការណ៍ដដែលបញ្ជាក់ថា ចំនួនកំពូលមហាសេដ្ឋីពាន់លានដុល្លារ ក្នុងពិភពលោក បានកើនឡើងនៅក្នុងឆ្នាំ២០២០ ដោយសារទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងច្រើនក្នុងឆ្នាំ២០១៩ ជាឆ្នាំដែលពួកគេទទួលបានកំណើនខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៧ មក៕