តារាសម្ដែង Heo Yi Jae បានបាត់មុខភ្លាមៗពីឧស្សាហកម្មភាពយន្តកូរ៉េខាងត្បូងតាំងពីឆ្នាំ ២០១៦ រហូតដល់ ៥ឆ្នាំក្រោយទើបដឹងរឿងពិត។
តាមការបញ្ជាក់របស់តារាស្រី គឺនាងចាកចេញដោយសារតែពាក្យមួយឃ្លាថា “នាងត្រូវតែគេងជាមួយខ្ញុំ” ដែលនាងទទួលបានពីតារាប្រុសម្នាក់។ Heo Yi Jae បានបញ្ចេញរឿងនេះតាមរយៈវីដេអូឃ្លីបមួយបង្ហោះកាលពីថ្ងៃទី ១០ កញ្ញា នៅលើឆាណែលយូធូប WayLand។
នៅក្នុងវីដេអូនោះ Heo Yi Jae បានរៀបរាប់ថា នាងបានចូលរួមសម្ដែងនៅក្នុងការសម្ដែងវីដេអូភាគមួយ នាងបានចាប់ដៃគូសម្ដែងជាមួយតារាប្រុសម្នាក់។ តារាស្រី បញ្ជាក់ថា ដំបូងៗតារាប្រុសម្នាក់នោះ ធ្វើល្អដាក់នាងណាស់ ប៉ុន្តែក្រោយមកនាងបានជួបរឿងតក់ស្លុតមួយ។
តារាស្រីបញ្ជាក់ថា នៅថ្ងៃមួយ ពេលដែលតារាប្រុសរូបនោះកំពុងថត រូបគេមិនអាចដាក់អារម្មណ៍សម្ដែងបានល្អនោះទេ បញ្ហានេះធ្វើឲ្យនាងក្រពុលមុខយ៉ាងខ្លាំង។ “ខ្ញុំមិនអាចសម្ដែងឈុតនេះបានទេ!” គេស្រែកហើយដើរចេញទៅ។ ក្រោយមក រូបគេបានហៅប្រធានផលិតប្រាប់ពីហេតុផលថា ដែលរូបគេមិនអាចចូលតួបានល្អ ដោយសារតែមានអារម្មណ៍គិតពីនាងខ្លាំងពេក។
បន្ទាប់មកប្រធានផលិត បានហៅនាងទៅប្រាប់ពីរឿងនេះ និងបានឲ្យនាងទៅនិយាយជាមួយនឹងគេ។ “ខ្ញុំបានតើទៅគោះទ្វារបន្ទប់គេ ហើយចូលទៅ ពេលនោះ រូបគេបាននិយាយដោយសំឡេងស្រាលមកខ្ញុំថា នាងដឹងទេថា ទស្សនិកជននិយាយអី បន្ទាប់ពីពួកគេបានមើលការសម្ដែងរបស់យើងហើយ? គឺពួកគេនិយាយថា ការសម្ដែងពួកយើងមើលទៅ មិនសមជាគូសង្សារទាល់តែសោះ!”។
លឺដូច្នេះ Heo Yi Jae បានឆ្លើយតបដោយការសុំទោស និងថានឹងព្យាយាមឲ្យកាន់តែល្អទៀត។ ប៉ុន្តែពេលនោះ តារាប្រុសសួរនាងទៀតថា “តើនាងដឹងទេថា នាងត្រូវធ្វើបែបណាដើម្បីមើលទៅដូចជាគូសង្សារពិតប្រាកដមួយគូ?”។ នាងឆ្លើយថា មិនដឹងទេ…ហើយពេលនោះ បានបន្តថា “គឺពួកយើងត្រូវគេងជាមួយគ្នា ប៉ុន្តែនាងមិនចង់ធ្វើរឿងនេះទេមែនទេ?”។
លឺដូច្នេះ តារាស្រី ឆ្លើយបដិសេធយ៉ាងរហ័សថា “ទេ…មិនអាចទេ!”។ Heo Yi Jae ថា ការបដិសេធរបស់នាង បានធ្វើឲ្យតារាប្រុសម្នាក់នោះខឹងយ៉ាងខ្លាំង ហើយគេបានចោលរបស់មួយចំនួន ព្រមទាំងសំដីអសុរោះមួយចំនួនទៀតលើនាងផង។
Heo Yi Jae ថ្លែងថា រឿងហេតុនេះ បានធ្វើឲ្យនាងពិបាកចិត្តយ៉ាងខ្លាំង ដោយសារមិនមាននរណាម្នាក់ជួយនាងឡើយ។ ដូច្នេះហើយ នាងក៏បានសម្រេចចិត្តចាកចេញពីវិស័យសិល្បៈតែម្ដង។
នៅមុនការចាកចេញ Heo Yi Jae បានហក់ចូលសិល្បៈសម្ដែងដំបូងតាមរយៈរឿង “Da Capo” ក្នុងឆ្នាំ ២០០០។ ក្រោយមកនាង ក៏បានចូលរួមសម្ដែដែងក្នុងខ្សែភាពយន្តជាច្រើនទៀត។ វីដេអូភាគចុងក្រោយរបស់នាង គឺរឿង “You Are a Gift” ថតនៅឆ្នាំ ២០១៦៕ប្រភព : សប្បាយ