ផ្ទុះកូវីដក្នុងការដ្ឋានសាងសង់ទំនប់ទឹកដូនទ្រី ធ្វើសំណាកកម្មករជាង ៤០០ នាក់ វិជ្ជមានជាង ៣០ នាក់

0
62

អាជ្ញាធរស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឱ្យដឹងថា ជំងឺកូវីដ១៩ បានផ្ទុះឡើងក្នុងការដ្ឋានសាងសង់ប្រព័ន្ធធារាស្រ្តទំនប់ទឹកដូនទ្រី ស្ថិតនៅភូមិកែវមុនី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង ដែលមានកម្មករខ្មែរ និងបរទេស ជាង៤០០នាក់ធ្វើការនៅទីនោះ។

លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគីរី មានប្រសាសន៍ឱ្យដឹងថា មកទល់ពេលនេះក្រុម គ្រូពេទ្យបានយកសំណាកលើកម្មករក្នុងកាដ្ឋាននេះបានចំនួន ៤០១ នាក់ ដែលក្នុងនោះរកឃើញមាន វិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ដែលឆ្លងលើកម្មករជនជាតិខ្មែរចំនួន៩នាក់ និងជនជាតិបរទេស ដែលមានជនជាតិហ្វីលីពីន ថៃ កូរ៉េ និង បង់ក្លាដេស ចំនួន​២៥នាក់។

លោកស្រីបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ជនជាតិខ្មែរត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលស្រុក មោងឬស្សី ចំណែកជនបរទេសដាក់ឱ្យព្យាបាលនៅការដ្ឋានខាងលើផ្ទាល់តែម្តង ដែលមានគ្រូពេទ្យ បរទេស ប្រចាំការនៅទីនោះម្នាក់ និង គ្រូពេទ្យខ្មែរចេញចូលរាល់ថ្ងៃដើម្បីតាមដាន និងផ្តល់យោបល់។

ចំណែកកម្មករផ្សេងទៀតត្រូវបានយកសំណាកពីរលើកមកហើយ និងបន្តដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងការដ្ឋាន​សាង​សង់​ទំនប់ដូនទ្រីនេះផ្ទាល់តែម្តងមិនអនុញ្ញាតិអោយចេញទៅណានោះទេ។

លោកស្រី ប៊ិន បូឡែនបានបញ្ជាក់ថា ការផ្ទុះជំងឺកូវីដ១៩នៅកាដ្ឋានសំណង់ទំនប់ទឹកដ៏ធំមួយនេះ បានកើតឡើងតាំងពីថ្ងៃទី០៩ខែកញ្ញាមក ក្រោយពីអ្នកគ្រប់គ្រងទីតាំងនេះបានទិញតេស្តរហ័ស សម្រាប់ធ្វើតេស្តដល់កម្មករក្នុងការដ្ឋាននេះដោយខ្លួនឯង។

ហើយក្រោយពីកម្មករនៅទីនេះមានអាការមិនស្រួល ក៏សង្ស័យទើបតេស្ត សំណាកមើលទើបដឹងថា មានវិជ្ជមានកូវីដ១៩ ក៏បានរាយការណ៍មកអាជ្ញាធរនិង មន្រ្តីសុខាភិបាលចុះមកពិនិត្យបន្ថែម រហូតដល់រកឃើញមាន ឆ្លងជាបន្តបន្ទាប់។

ចំណែកមូលហេតុ នៃការចម្លងអាជ្ញាធរមិនទាន់ដឹងច្បាស់នៅឡើយទេ គ្រាន់តែដឹងថាមានបុគ្គលិក ទីនេះឡើង មកក្រុងបាត់ដំបង ញឹកញាប់ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here