បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ ដែលក្រុមគ្រួសារ ស្ទើរតែក្រុមគ្រួសារ ផាត់ចោល លែងទទួលស្គាល់ទៅហើយ ដល់ពេលចូលផ្ទះលើកនេះ បានផឹកស្រាបៀរ ABC អស់៣កំប៉ុង ក៏ចាប់ផ្តើមរករឿងវាយ បង ក្មួយ បណ្តាលឲ្យរបួសធ្ងន់ ក៏ប៉ុន្តែក្រោយកើតហេតុ កងរាជអាវុធហត្ថ បានឃាត់ខ្លួន និងបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែកញ្ញា នេះ។
ស្ត្រីម្នាក់ឈ្មោះ សូរ វត្តី អាយុ ៤៣ ឆ្នាំ រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដោយចោទប្រកាន់ឈ្មោះ គីម សំរឹទ្ធិ ភេទប្រុស អាយុ ៣៣ ឆ្នាំ ត្រូវជាប្អូនបង្កើត ពីបទវាយធ្វើបាបគាត់ និងក្មួយប្រុស បណ្ដាលឲ្យរបួសធ្ងន់ ។
ក្រោយពីទទួលបានពាក្យប្តឹង លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងអាវុធហត្ថ មួយក្រុម ចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះ គីម សំរិទ្ធិ បាននៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ ក្នុងនោះ កំលាំងអាវុធហត្ថ បានធ្វើតេស្តរហ័ស រកមើលមេរោគ១៩ លើជនសង្ស័យ ដើម្បីចាត់ការ តាមនីតិវិធី។
លោក យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងថាៈ តាមការបំភ្លឺរបស់ឈ្មោះ សូរ វត្តី ត្រូវជាបងស្រីរបស់ ជនសង្ស័យ បានរៀបរាប់ថា ឈ្មោះគីម សំរឹទ្ធ នេះ ត្រូវជាប្អូនប្រុសបង្កើត របស់គាត់ រស់នៅជាមួយគាត់។
តែតាំងពីឪពុកម្ដាយពួកនាង ស្លាប់បាត់ទៅ ឈ្មោះ គីម សំរិទ្ធ ពុំសូវមកដេកផ្ទះទេ ដើរលេង ដេកផ្ទះមិត្តភក្កិរហូត ទើបដល់វេលាខាងលើ មកដេកផ្ទះម្ដង គ្រាន់ចូលមកដល់ផ្ទះ បានទិញស្រាបៀរ យកមកផឹក ឡើងស្រវឹងធ្ងន់ក្បាល ក៏បង្កជម្លោះជាមួយបង និងក្មួយប្រុសគាត់។
ជនសង្ស័យឈ្មោះ គីម សំរិទ្ធ បានឆ្លើយសារភាពថាៈ រូបគេពិតជាបានផឹកស្រាស្រវឹង វាយបងស្រី ឈ្មោះ សូរ វត្តី និងក្មួយប្រុស ពិតមែន ព្រោះខឹង និងដោយសារក្មួយ នៅក្មេងសោះ ព្រហើន ហ៊ានហារមាត់ប្រដៅអប់រំខ្លួន។
ក្រោយការស៊ើបអង្កេត ឃើញថា តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងស្ដាប់ចម្លើយរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា យ៉ាងជាក់លាក់ នៃករណីខាងលើ ជនសង្ស័យ ត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី១៧ ខែកញ្ញានេះ ៕
ប្រភព :-រស្មីកម្ពុជា