អត្ថាធិប្បាយ៖ ថែរក្សាឲ្យគង់វង្សមរតកជាប្រវត្តិសាស្រ្តរបស់យើង

0
36
This picture shows a Cambodian flag placed at the Independent Monument in Phnom Penh on September 17, 2012. AFP PHOTO/ TANG CHHIN SOTHY

ក្នុងរយៈពេលជិត៤៣ឆ្នាំនេះ ក្រោយពីប្រទេសជាតិត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ប្រជាជាតិកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យសម្រេចនូវសមិទ្ធផលធំៗច្រើនរាប់មិនអស់ ដែលសមិទ្ធផលខ្លះមានតម្លៃជាប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន ជាសម្បត្តិដ៏ឧត្តុងឧត្តមរបស់ជាតិ។

មរតករបស់ជាតិដែលយើងគប្បីត្រូវចងចាំ និងថែរក្សាឲ្យគង់វង្សជាអមតៈនោះគឺ៖

១- ជ័យជម្នះរបស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​វាយផ្តួលរំលំរបបស្រេកឈាមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ សង្រ្គោះអាយុជីវិតប្រជាជនឲ្យរួចផុតពីគ្រោះនៃរបបប្រល័យពូជសាសន៍។ កម្ពុជាបានបើកឡើងនូវសករាជថ្មីរបស់ខ្លួន។ ប្រជាជនបានទទួលសិទ្ធិធ្វើជាម្ចាស់ ជាពិសេសគឺសិទ្ធិនៃការរស់រានមានជិវិតឡើងវិញសារជាថ្មី និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហារបស់ខ្លួនឲ្យមានការរីកចម្រើនជាលំដាប់។ ផ្តើមចេញពីនេះ យើងមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ឈានទៅស្វះស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរវាងបងប្អូនឯង បង្កើតបាននូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងទឹកដី និងបានធ្វើឲ្យកើតមានឡើងវិញនូវរបបរាជានិយមនៅប្រទេសកម្ពុជា។

២- រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើមបានស្វះស្វែងបង្កើតឲ្យមានសន្តិភាពទាំងស្រុងក្នុងក្របខណ្ឌទូទាំងប្រទេសតាមរយៈនយោបាយឈ្នះ ឈ្នះ ។ យើងដឹងហើយថា កិច្ចព្រមព្រៀងក្រុងប៉ារីសមិនអាចបញ្ចប់សង្រ្គាមបានទាំងស្រុងនៅកម្ពុជាទេ ។ កម្ពុជានៅតែមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ កងកម្លាំងប្រដាប់អាវុធពីរ អាស្រ័យដោយខ្មែរក្រហមបដិសេធមិនចូលរួមអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីស ។ ប៉ុន្តែនយោបាយឈ្នះ ឈ្នះ បានកម្ទេចចោលចលនាឧទ្ទាមកម្មនេះ ទាំងស្រុង​ ទាំងខាងអង្គការចាត់តាំងខាងនយោបាយ និងយោធា ហើយនៅចុងឆ្នាំ១៩៩៨ ប្រធានរដ្ឋ ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំមួយចំនួនរបស់ខ្មែរក្រហម បានមកសុំចុះចូលជ្រកកោនជាមួយរាជរដ្ឋាភិបាលដល់ផ្ទះសម្តេចនាយករដ្ឋមន្រ្តីតែម្តង។ សង្រ្គាមត្រូវបានបញ្ចប់ទាំងស្រុង សន្តិភាពបានកើតមានពេញលេញក្នុងទូទាំងប្រទេស បង្កបានជាកាលានុវត្តភាពសម្រាប់ជំរុញការអភិវឌ្ឍប្រទេសឲ្យមានភាពចំរុងចំរើនរុងរឿងរហូតមកដល់សព្វថ្ងៃ។

៣- នៅក្នុងពេលដែលពិភពលោក និងនិយាយដោយឡែក ប្រទេសកម្ពុជាយើងកំពុងតែប្រឈមមុខជាមួយនឹងវិបត្តិនៃជំងឺកូវីដ-១៩ ប្រជាជនយើងបានធ្លាក់ទៅក្នុងស្ថានភាពដ៏លំបាកជាថ្មីម្តងទៀត ។ ទាំងសេដ្ឋកិច្ច​សង្គម ក៏ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ទទួលរងនូវការប៉ះទង្គិច បង្កឲ្យជួបការលំបាកលំបិនជាទីបំផុត។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាការងារអាទិភាពដោយដំបូងបំផុតគឺការការពារឲ្យបានអាយុជីវិតរបស់ប្រជាជន និងការធានាស្ថិរភាពសកម្មភាពសេដ្ឋកិច្ច-សង្គម ដោយបានចាត់ទុកគោលនយោបាយវ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់ជាងគេ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។  ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ ប្រទេសយើងបានជាប់ចំណាត់ថ្នាក់លេខ២ក្នុងប្រទេសអាស៊ានទាំង១០ ដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេ, ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗមួយចំនួនដែលបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ , ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតួចបំផុតនៅលើពិភពលោកដែលបានចាប់ផ្តើមយុទ្ធសាស្រ្តចាក់វ៉ាក់សំាងដូសទី៣ ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងផែនការសកម្មភាពជាក់ស្តែងជាច្រើនរួមមានៈ ការដាក់ចេញនូវយុទ្ធសាស្រ្តវ៉ាក់សំាងកូវីដ-១៩ ដោយរួមបញ្ចូលនូវផែនការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ និងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធសាស្រ្តចាក់វ៉ាក់សាំង, យុទ្ធសាស្រ្តជាតិចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩សំដៅបង្កើតឲ្យបាននូវភាពសុំាសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១(ថ្ងៃទី៧​ខែឧសភា),យុទ្ធសាស្រ្ត៦ចំណុចដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព(ថ្ងៃទី១ ខែកក្កដា​)​, ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ (ថ្ងៃទី១ ខែសីហា), ការបើកដំណើរការយុទ្ធនាការជាតិក្រោមប្រធានបទ”រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ក្នុងបរិបទដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការឆ្លងមេរោគបំប្លែងថ្មីប្រភេទដែលតា (ថ្ងៃទី១៦ ខែសីហា ), សេចក្តីប្រកាសស្តីពីគោលនយោបាយចាក់វ៉ាក់សំាងកូវីដ-១៩ ដូសជំរុញដោយអនុវត្តតាមគោលការណ៍ចំនួន៥ (ថ្ងៃទី២៥ ខែសីហា), ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារពីអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់ដូសទី៣ជូនប្រជាជនកម្ពុជា(ថ្ងៃទី១៧ ខែកញ្ញា)។

នៅថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ “ចំពោះរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមកនាំយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ជាង១១លាននាក់គឺជាមរតក ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល របស់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ។នេះជាមរតកធំណាស់ ។ ពិតមែនតែខ្ញុំ មានតួនាទីសម្រេចអ្វីៗទាំងអស់ ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពីព្រះមហាក្សត្រ គ្មានការគាំទ្រពីហ្លួងម៉ែទេ កិច្ចការរបស់យើងមិនបានឈានដល់ដំណាក់កាលជ្រៅជ្រះប៉ុណ្ណេះទេ ។ ប៉ុន្តែព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យ ចូលរួមទិញវ៉ាក់សាំង ចូលរួមទិញមន្ទីរពេទ្យ និងចូលរួមដំណើរការនានាទាក់ទងនឹងការប្រឆាំងនឹងជំងឺកូវីដ១៩ ។ មរតកវ៉ាក់សាំងនេះ ជាមរតករួមរបស់ប្រទេសជាតិរបស់យើង ហើយនៅក្នុងរាជ្ជកាលព្រះរាជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ្យ”។

មរតកជាប្រវត្តិសាស្រ្តនេះ តែងតែត្រូវបានឆ្លងកាត់នូវការប៉ុនប៉ងបំផ្លិចបំផ្លាញជាបន្តបន្ទាប់ ពីពួកប្រឆាំង និងមជ្ឈដ្ឋានអគតិទាំងឡាយ។ ពួកនេះ បានឃោសនាបំភ្លៃការពិត និងបន្ទាបបន្ថោកកិត្យានុភាពអត្ថន័យនៃមហាជ័យជម្នះ៧មករា  ហើយថែមទាំងបានទៅចូលរួមដៃរួមជើងជាមួយឃាតករប្រល័យពូជសាសន៍មកបំផ្លិចបំផ្លាញសមិទ្ធផលជាអាយុជីវិតរបស់ប្រជាជនខ្លួនឯងទៅវិញ។ មកដល់ពេលនេះ ពួកនេះមានចេតនា និងផែនការច្បាស់លាស់ណាស់ដោយមិនត្រឹមតែផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដែលជាឆន្ទះរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែគឺគេរំលាយចោលរដ្ឋធម្មនុញ្ញ រំលាយចោលរបបរាជានិយម រំលាយចោលរាជ   បល័ង្គ។ ជាក់ស្តែង មេឧទ្ទាមក្បត់ជាតិ បានជេរប្រមាថរបបរាជានិយម វាយប្រហារដោយពាក្យសម្តីយ៉ាងអាក្រក់បំផុតទៅលើអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស។ នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ពួកគេបានប្រើគ្រប់វិធីបន្ទុចបង្អាក់ធ្វើយ៉ាងណាកុំឲ្យរាជរដ្ឋាភិបាលទទួលបានជោគជ័យនៅក្នុងសមរភូមិនេះ ដោយគេមិនបានគិតទៅដល់អាយុជីវិតរបស់ប្រជាជន ដែលប្រឈមមុខនឹងការស្លាប់គ្រប់វិនាទីជាមួយនឹងជំងឺដ៏កាចសាហាវនេះឡើយ។

ដូច្នេះហើយ ប្រជាជនយើងក៏ត្រូវតែពង្រឹងស្មារតី សម្រួចមនសិកា និងឧត្តមគតិក្នុងការការពារសមិទ្ធផលដែលជាមរតកប្រវត្តិសាស្រ្តរបស់ជាតិ ដែលជាស្នាដៃដ៏ឧត្តុងឧត្តមរបស់យើងទាំងអស់គ្នាឲ្យគង់វង្សជារៀងរហូត៕

ប្រភព -:អត្ថបទ វិទ្យុជាតិ

LEAVE A REPLY

Please enter your comment!
Please enter your name here