ច្បាប់ថ្មីរបស់បារាំងដែលតម្រូវឲ្យការចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់បុគ្គលិកពេទ្យនេះ បានចូលជាធរមានកាលពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។ ដោយសារតែខកខានមិនបានទៅទទួលការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ឲ្យទាន់ពេលកំណត់ មានបុគ្គលិកសុខាភិបាលបារាំងជាច្រើនពាន់នាក់ត្រូវបានព្យួរពីការងារ។ កាលពីសប្តាហ៍មុន ទីភ្នាក់ងារសុខភាពសាធារណៈជាតិរបស់បារាំង បានប៉ាន់ស្មានថា មាន ១២ % នៃបុគ្គលិកមន្ទីរពេទ្យ និងមានវេជ្ជបណ្ឌិតធ្វើការឲ្យវិស័យឯកជន ចំនួនប្រមាណ ៦%នៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅឡើយទេ។ រដ្ឋមន្ត្រីសុខាភិបាលបារាំងលោក Olivier Véran បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ កញ្ញាថា បុគ្គលិកចំនួនប្រមាណ ៣ពាន់នាក់ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានគេជូនដំណឹងពីការផ្អាកការងារ កាលពីថ្ងៃពុធ នៅតាមមណ្ឌលសុខភាព និងគ្លីនិកនានា។ លោករដ្ឋមន្រ្តីសុខាភិបាលបារាំង បានបញ្ជាក់ថា ការព្យួរភាគច្រើន គឺគ្រាន់តែផ្អាកជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ ផ្អែកលើតួលេខដែលផ្តល់ដោយមន្ទីរពេទ្យនានានៅក្នុងប្រទេសបារាំងចំនួនបុគ្គលិកដែលត្រូវបានព្យួរពីការងារអាចខ្ពស់ជាងនេះ។ ប្រព័ន្ធមន្ទីរពេទ្យក្រុងប៉ារីស បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា មានបុគ្គលិកចំនួន ៣៤០ នាក់ ត្រូវបានព្យួរការងារ។ ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP មានបុគ្គលិកពេទ្យ រហូតដល់ជិត ១ ៥០០ នាក់ នៅឯមន្ទីរពេទ្យជាង ១២ ត្រូវបានផ្អាកពីការងារ ក្រៅពីនេះ នៅមានបុគ្គលិករាប់សិបនាក់ផ្សេងទៀត នៅក្នុងប្រទេសបារាំង ត្រូវបានព្យួរពីការងារផងដែរ។ បុគ្គលិកថែទាំសុខភាពរបស់បារាំងមានចំនួនប្រមាណ ២ លាន ៧ សែននាក់ ក្នុងចំណោមនោះ មានបុគ្គលិកជាច្រើននៅតែមិនទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នោះទេ ដោយសារពួកគេបារម្ភអំពីសុវត្ថិភាព ឬ ប្រសិទ្ធភាពវ៉ាក់សាំង។ កាលពីថ្ងៃទី១២ខែកក្កដាកន្លងទៅ លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានប្រកាសកំណត់ឲ្យបុគ្គលិកពេទ្យ និងអ្នកធ្វើការជាមួយក្រុមមនុស្សងាយរងគ្រោះត្រូវតែមានកាតព្វកិច្ចចាក់វ៉ាក់សាំង យ៉ាងហោចឲ្យបាន មួយដូស នៅមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ បើមិនដូច្នោះទេ ពួកនឹងប្រឈមនឹងការផ្អាកពីការងារដោយមិនទទួលបានប្រាក់ខែឡើយ៕ (AFP ថ្ងៃទី១៦ ខែកញ្ញា)