បារាំង​ខឹងអូស្ត្រាលី ​ដែល​ហែក​ចោល​កិច្ចសន្យា​ជាមួយ​បារាំង ដើម្បីទិញនាវាមុជទឹកអាមេរិក

0
30

នៅក្នុង​ជំនួប​តាម​សន្និសីទ​វីដេអូ កាលពីថ្ងៃ​ពុធ ប្រធានាធិបតី​អាមេរិកជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី និងនាយករដ្ឋមន្រ្តី​អង់គ្លេសបាន​ប្រកាសរួមគ្នានូវកិច្ចព្រមព្រៀង ស្តីពី​សន្តិសុខនៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ជាភាសា​អង់គ្លេសថា Aukus (Australia United Kingdom United States) មាន​និយាយ​ថា អាមេរិក​នឹង​ជួយ​បំពាក់​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ឲ្យ​ប្រទេស​អូស្ត្រាលី និងការសហការចែករំលែក រវាង​ប្រទេស​ទាំងបី នៅក្នុង​វិស័យការពារ​ជាតិ​តាមប្រព័ន្ធអ៊ីនធ័រណេត និង​បច្ចេកវិទ្យាទំនើបៗ ដូចជា វិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា កង់ទិក និង​បច្ចេកវិទ្យា​ក្រោមសមុទ្រ។ សម្រាប់​ភាគី​អាមេរិកកិច្ចព្រមព្រៀង​សន្តិសុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ជា​ការបោះជំហាន​ប្រវត្តិសាស្រ្ត ព្រោះថា នេះ​ជា​លើកទី១ ដែលអាមេរិក​ចែករំលែក​បច្ចេកវិទ្យាខាង​សាងសង់​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរឲ្យ​អូស្ត្រាលីដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​យូរមកហើយ។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​អូស្ត្រាលី ក្លាយ​ជា​ប្រទេសទី៧ ក្នុង​លោក បន្ទាប់ពី​ប្រទេស ​៦ទៀត ​ដូចជា បារាំង អាមេរិក អង់គ្លេស ចិន រុស្ស៊ី និង​ឥណ្ឌា ដែល​មាន​នាវា​មុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ តាម​សេតវិមាន ក្នុង​រយៈពេលជាង ៥០ឆ្នាំ​មក​នេះ មាន​ប្រទេស​តែមួយគត់ គឺ​អង់គ្លេស ដែល​បាន​ទទួល​បច្ចេកវិទ្យា​ផលិត​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរពីអាមេរិក។ កិច្ចព្រមព្រៀង​ស្តី​ពី​សន្តិសុខ ដែល​អាមេរិក អង់គ្លេស និងអូស្ត្រាលី ទើបប្រកាស​រួមគ្នា ជា​យុទ្ធសាស្រ្ត​មួយ​របស់​អាមេរិក ក្រោម​ការដឹកនាំ របស់​រដ្ឋបាល​លោក ​ចូ បៃដិនដែល​ចង់​អូសទាញ​កម្លាំង​យោធា​របស់​សម្ព័ន្ធមិត្ត ដើម្បី​ទប់ទល់នឹងចិន ​ដែល​កំពុង​ពង្រីក​ដែន​ឥទ្ធិពល​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការកសាងពង្រឹង​វិស័យ​កងទ័ពជើងទឹក ការទាមទារ​កម្មសិទ្ធិ​នៅសមុទ្រ​ចិន​ខាងត្បូង និង​យុទ្ធសាស្រ្ត​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ខ្លួន។ កិច្ចព្រមព្រៀងសន្តិសុខ​នាំមុខ​ដោយ​អាមេរិក បាន​ធ្វើ​ឲ្យ​ភាគី​ចិន​ប្រតិកម្ម​ចោទប្រកាន់​ប្រទេស​ទាំងបីថា កំពុង​ធ្វើ​សង្រ្គាមត្រជាក់ ផ្នែក​ចិត្តសាស្រ្ត និង​វិនិច្ឆ័យខុស​ទៅលើ​ប្រទេសដទៃ។ តាមរយៈស្ថានទូតចិន​នៅវ៉ាស៊ីនតោន បាន​ប្រតិកម្ម​រិះគន់​ថា គេមិនគួរ​បង្កើតក្រុមប្រទេស​ផ្តាច់មុខ​មួយ ដើម្បី​សំដៅវាយប្រហារ​ផលប្រយោជន៍​របស់​ប្រទេស​ទីបីនោះទេ។ នៅក្រោយ​បង្កើត​កិច្ចព្រមព្រៀងសន្តិសុខ ​ជាមួយ​អាមេរិក និង​អង់គ្លេស ដែល​មាន​គោលដៅបំពាក់នាវាមុជទឹក ​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ឲ្យអូស្ត្រាលី  លោក​នាយករដ្ឋមន្រ្តី​អូស្ត្រាលី ស្កុត មូរីសុន បាន​ប្រកាសលុបចោល​កិច្ចសន្យា​ទិញ​នាវាមុជទឹក តម្លៃ ៥០ ពាន់​លាន​ដុល្លារអូស្ត្រាលី ៣១​ពាន់​លាន​អឺរ៉ូ ដែល​អូស្ត្រាលីបានចុះហត្ថលេខាជាមួយ​បារាំង កាលពី​ឆ្នាំ២០១៦។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តី​ការបរទេស​បារាំងលោក Jean Yves Le Drian បាន​ចោទប្រកាន់​អូស្ត្រាលីថា លេងស្នៀតចាក់ពីក្រោយ​ខ្នង បន្ទាប់ពី​អូស្ត្រាលីប្រកាស​ភ្លាមៗ ឈប់​ទិញនាវាមុជទឹករបស់​បារាំង។ ប្រមុខការបរទេស​បារាំង នៅបាន​ចោទប្រកាន់ និងនិយាយ​ប្រៀបធៀប​រដ្ឋបាល​លោក ​ចូ បៃដិន ទៅនឹង​រដ្ឋបាល​លោក ​ដូណាល់ ត្រាំ ដែល​ធ្វើ​នយោបាយដោយឯកតោភាគីភ្លាមៗ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​សម្ព័ន្ធមិត្ត។ នាយករដ្ឋមន្រ្តី​អង់គ្លេសលោក ​បូរីស ចនសុន​ បាន​អះអាងថា តាមរយៈកិច្ចព្រមព្រៀង​លើកនេះ ប្រទេស​សម្ព័ន្ធមិត្តទាំងបី អូស្ត្រាលី អាមេរិក និង​អង់គ្លេស នឹង​ខិត​ចូលជិតគ្នា​កាន់​តែខ្លាំង។កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសបារាំង​បាន​ទាមទារ​ឲ្យប្រទេសពាក់ព័ន្ធក្នុង​កិច្ចព្រមព្រៀង​សន្តិសុខ​នៅអាស៊ីប៉ាស៊ីហ្វិក ពន្យល់បំភ្លឺ នៅក្រោយ បារាំង​ត្រូវ​របូត​បាត់​កិច្ចសន្យាលក់នាវាមុជទឹកតម្លៃ​រាប់ពាន់លាន​​អឺរ៉ូ(Reuters ថ្ងៃទី១៦ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here