0
262

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានដាក់ចេញនូវគោលការណ៍ជាក់លាក់មួយ នៃដំណើរការឲ្យបើកសាលារៀនឡើងវិញ លើសពីនេះសម្តេចក៏បានបង្ហើបពីផែនការដែលកម្ពុជា នឹងបើទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ដោយទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងរួច ជាមួយការបន្ធូរវិធានការធ្វើចត្តាឡីស័ក។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុចាប់ពី៦ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

ចំពោះគោលការណ៍សំខាន់ៗចំនួន៥ ដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការបើកសាលាឡើងវិញរួមមាន៖

* ទី១៖ នៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាប គ្រឹះស្ថានសិក្សាគ្រប់កម្រិត អាចបើកដំណើរការបាន ដោយអនុវត្តន៍រៀនតាមបណ្តុំ * មិនលើស១៥នាក់ ដោយគោរពតាមស្តង់ដារប្រតិបត្តិរបស់ក្រសួងអប់រំយុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។
* ទី២៖ នៅតំបន់មានហានិភ័យមធ្យម ដែលផ្តល់លទ្ធភាពដល់សិស្សថ្នាក់ទី៩ និងទី១២
* ទី៣៖ នៅតំបន់ដែលមានហានិភ័យខ្ពស់ គឺត្រូវរៀនតាមអនឡាញពីចម្ងាយ
* ទី៤៖ ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា, តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន * ដើម្បីជួយទ្រទ្រង់សាលា ឬសម្រេចថាត្រូវបិទសាលាឬយ៉ាងពីមានករណីឆ្លង។
* ទី៥៖ បន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភពនៃការឆ្លង ដើម្បីចៀសវាងការឆ្លងចូលសាលារៀន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំនួនសាលារៀនដែលបានបើកសាលាឡើងវិញ នៅទូទាំងប្រទេសកម្ពុជា ពេលនេះមានចំនួន ២៦៤១សាលា ក្នុងនោះមានមតេយ្យ១៥៣សាលា, បឋមសិក្សា១៥០០សាលា, កម្រិតអនុវិទ្យាល័យ៧១៦សាលា និងកម្រិតវិទ្យាល័យ២៧២សាលា។

សម្រាប់ផែនការបើកទេសចរណ៍ឡើងវិញ សម្តេចបានបញ្ជាក់ថា ជំហានដំបូងនឹងបើកឲ្យមានការធ្វើទេសចរក្នុងស្រុក ដែលប្រជាពលរដ្ឋ ត្រូវការដើរកម្សាន្ត ក្នុងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ សម្តេចចាត់ទុកទេសចរក្នុងស្រុក ជាទេសចរដែលចំណាយលុយច្រើន សម្រាប់ដើរកម្សាន្ត និងចំណេញដល់សេដ្ឋកិច្ចមូលដ្ឋាន។ សម្រាប់ជំហ៊ានទី២ នឹងបើកឲ្យមានការចូលមកនូវភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ប្រសិនបើសភាពការវាល្អ យើងគ្រប់គ្រងជំងឺកូវីដ១៩បានល្អ យើងនឹងបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ ប៉ុន្តែខ្ញុំចង់ចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់ពីវិស័យអប់រំ យើងបើកវិស័យសេវា។ វិស័យសេវានេះខ្ញុំចង់ធ្វើ២ជំហាន ជំហានទី១ គឺបើកទេសចរក្នុងស្រុក ព្រោះប្រជាជពលរដ្ឋមានតម្រូវការដើរកម្សាន្ត […] និងជំហានទី២ ខ្ញុំចង់លេងជាមួយប្រទេសមួយចំនួន គឺទេសចរវ៉ាក់សាំង អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ អាចមកទស្សនកិច្ចនៅកម្ពុជាបាន ធ្វើទេសចរណ៍នៅប្រទេសរបស់យើង។ ពេលមកដល់អនុញ្ញាតធ្វើចត្តាឡីស័ក ៧ថ្ងៃ ប៉ុន្តែមិននៅតែក្នុងបន្ទប់ទេ គឺអាចដើរកម្សាន្តនៅក្នុងខេត្ត ឬតំបន់ដែលខ្លួនធ្វើចត្តាឡីស័កបាន ផុត៧ថ្ងៃអាចធ្វើដំណើរឆ្លងខេត្តបានធម្មតា»។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកផងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ផ្នែកសេវា បានរួមចំណែកយ៉ាងធំក្នុងវិស័យសេដ្ឋកិច្ច។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា សុខចិត្តចំណាយប្រាក់រាប់រយលានដុល្លារទិញវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្កើតភាពសុំានឹងជំងឺកូវីដ១៩ ដែលឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ នៅពេលខាងមុខ ដើម្បីទាញយកមកវិញ នូវរាប់ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here