តុលាការឥណ្ឌូណេស៊ី​ផ្តន្ទាទោស​ប្រធានាធិបតី ក្នុងបទធ្វេសប្រហែសបំពុលបរិយាកាស

0
40

 

នៅក្នុង​សេចក្តីសម្រេច​កាលពីថ្ងៃ​ព្រហស្បតិ៍ តុលាការ​ក្រុង​ហ្សាការតា​បាន​សម្រេច​ផ្តន្ទាទោស​មនុស្ស​ ៥នាក់ ពី​បទ​រំលោភច្បាប់ និង​បាន​បញ្ជា​ឲ្យ​ពួកគេរឹតបន្តឹង​វិធានការ​ដើម្បីការពារ​បរិស្ថាន ដូចជា កាត់បន្ថយ​ការបំពុល​បរិស្ថាន ដែល​បណ្តាល​មកពី​ផ្សែងរថយន្ត ផ្សែងចេញមកពី​រោងចក្រ​ប្រើធ្យូងថ្ម និង​ដាក់វិន័យ​សម្រាប់អ្នកដែលរំលោភច្បាប់បំពុលបរិស្ថាន។ មនុស្ស​ទាំង ​៥នាក់ ដែល​តុលាការ​ក្រុង​ហ្សាការតា សម្រេចផ្តន្ទាទោស មាន​លោក​ប្រធានាធិបតីឥណ្ឌូណេស៊ី ហ្សូកូ វីដូដូ និង​មន្រ្តីរដ្ឋាភិបាល ដូចជា​ រដ្ឋមន្រ្តី​បរិស្ថាន រដ្ឋមន្រ្តីសុខាភិបាល រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និង​ចៅហ្វាយក្រុង​ហ្សាការតា ដែល​ក្រុមអ្នកការពារ​បរិស្ថាន និង​ប្រជាជន​ឥណ្ឌូណេស៊ី ចំនួន ៣២នាក់ ​បាន​ដាក់​ពាក្យ​ប្តឹង ២ឆ្នាំមកហើយ ក្នុង​បទធ្វេសប្រហែសក្នុងការការពារ​ពលរដ្ឋឥណ្ឌូណេស៊ី។ សេចក្តី​សម្រេចរបស់​តុលាការ​ឥណ្ឌូណេស៊ី គ្រាន់តែ​ជានិមិត្តរូប ព្រោះ​តុលាការ​បាន​ផ្តន្ទាទោស​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​មន្រ្តីរដ្ឋាភិបាល ឲ្យ​ត្រឹម​ចាត់វិធានការ​ប្រយុទ្ធប្រឆាំង​ខ្យល់ពុល​បរិយាកាស​នៅទីក្រុង​ហ្សាការតា ប៉ុន្តែគ្មាន​ការដាក់ទោស​ពិន័យធ្ងន់ធ្ងរ​អ្វីផ្សេងនោះទេ។ ម្ចាស់ពាក្យបណ្តឹង​ទាំង ​៣២រូប ដែលជាសកម្មជនការពារ​បរិស្ថាន និង​ប្រជាជន​ឥណ្ឌូណេស៊ី នៅក្រុង​ហ្សាការតា ក៏មិនបាន​ប្តឹងទាមទារ​ចង់បាន​សំណងជំងឺចិត្ត​អ្វីដែរ​ពី​ប្រធានាធិបតី ក្រៅតែ​ពី​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​យល់ព្រម​អនុវត្ត​តាម​បទបញ្ជា​របស់​តុលាការ ដើម្បីកែលម្អ​គុណភាព​ខ្យល់​នៅ​ទីក្រុង​ហ្សាការតា។ មាន​ប្រជាជន​រស់នៅ​ប្រមាណ ៣០លាននាក់ ហ្សាការតាស្ថិតក្នុង​ចំណោម​បញ្ជីឈ្មោះទីក្រុង​មួយចំនួន ដែលមាន​ខ្យល់ពុល​ច្រើនបំផុត​ក្នុង​លោក។ អ្នកជំនាញរបស់​អង្គការ​សុខភាព​ពិភពលោក ធ្លាប់​បាន​ព្រមានពីគ្រោះថ្នាក់​របស់​ខ្យល់ពុល​បរិយាកាស ទៅលើ​សុខភាព​ប្រជាជន ជាពិសេស កុមារ។ កម្រិតខ្យល់ពុលនៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​បានកើនឡើង ៣ ទៅ ៤ដង ចាប់តាំង​ពី​ឆ្នាំ​២០០០។ ការសិក្សារបស់​សកលវិទ្យាល័យ​នៅទីក្រុង​ឈីកាហ្គោ ស្តីពីគុណភាព​ខ្យល់ បាន​បង្ហាញ​ថា បើសិនគ្មាន​អ្វីប្រែប្រួល​ ​ប្រជាជន​ហ្សាការតា នៅឥណ្ឌូណេស៊ី ​នឹង​ត្រូវ​ខាតបង់​អាយុ ៥ឆ្នាំ ដោយសារដកដង្ហើមស្រូបខ្យល់ពុលក្នុងបរិយាកាស។ ខ្យល់ពុលបរិយាកាស​នៅ​ទីក្រុងហ្សាការតា កើតចេញមកពី​ការលាយផ្សំគ្នានៃ​ផ្សែងឡាន ម៉ូតូ នៅ​ពេល​ចរាចរណ៍​កកស្ទះ ផ្សែងចេញពីរោងចក្រ​ប្រើធ្យូងថ្ម ដែលមានទីតាំង​នៅជុំវិញរដ្ឋធានីហ្សាការតា និង​ទម្លាប់​ដុតសំរាម​របស់​ប្រជាជន​ឥណ្ឌូណេស៊ី ដែលមានចំណេះដឹងតិចតួច ​ស្តីពី​ផលប៉ះពាល់​ទៅ​លើ​បរិស្ថាន៕ AP

LEAVE A REPLY

Please enter your comment!
Please enter your name here