រដ្ឋមន្ត្រីសុខាភិបាលប្រទេសទ្រីនីដាត និងតូបាហ្គោ កាលពីថ្ងៃពុធទី១៥កញ្ញាបានរិះគន់ថាជា«ការអះអាងមិនពិត»ពីតារាចំរៀងរ៉ែបអាម៉េរិកនាង និកគី មីនណាច(Nicki Minaj)ដែលបានអះអាងថា មនុស្សម្នាក់នៅកោះក្នុងតំបន់ការ៉ាអ៊ីបនេះបានងាប់ប្រដាប់ភេទនិងហើមពងស្វាសក្រោយចាក់វ៉ាក់សាំងកូវីដ១៩។
តារាចំរៀងអាម៉េរិក ដែលកើតនៅទ្រីនីដាតរូបនេះបានបង្កកំហឹងអន្តរជាតិនៅពេលនាងបានចោទប្រកាន់តាមបណ្តាញសង្គមទ្វីតធឺថា បងប្អូនជីដូនមួយរបស់នាងម្នាក់នៅទ្រីនីដាត បានបដិសេធមិនចាក់វ៉ាក់សាំង ដោយសារមិត្តរបស់គាត់បានងាប់ប្រដាប់ភេទនិងហើមពងក្រោយចាក់វ៉ាក់សាំង។
នាងមីណាចដែលមានអ្នកគាំទ្រតាមទ្វីតធឺ២២,៦លាននាក់ បាននិយាយកាលពីថ្ងៃចន្ទថា «ពងស្វាសរបស់ជននោះបានហើមប៉ោង។មិត្តរបស់គាត់នៅសល់ពេលប៉ុន្មានសប្តាហ៍ទៀតនឹងរៀបការ ឥឡូវកូនក្រមុំសុំឈប់រៀបការ»»។
សម្តីរបស់នាងបានបង្កប្រតិកម្មជាអន្តរជាតិ ដោយមន្ត្រីសុខាភិបាលអង់គ្លេសនិងអាម៉េរិកថ្កោលទោសការអះអាងនេះ។
នៅពេលត្រូវបានសួរអំពីការអះអាងរបស់នាងមីណាច លោកបណ្ឌិត អ៊ែនថូនី ហ្វោស៊ី អ្នកជំនាញការជំងឺឆ្លងជាន់ខ្ពស់អាម៉េរិក បាននិយាយថា«មានព័ត៌មានមិនពិតច្រើននៅលើបណ្តាញសង្គម។ខ្ញុំមិនបន្ទោសនរណាទេ តែនាងគួរគិត២ដងអំពីការឃោសនាព័ត៌មានដែលគ្មានមូលដ្ឋាននិងគ្មានភស្តុតាងវិទ្យាសាស្ត្រសោះ»។
អ្នកជំនាញការបាននិយាយថា មិនមានភស្តុតាងបង្ហាញថា វ៉ាក់សាំងកូវីដ១៩បង្កអោយហើមពងឬអសមត្ថភាពផ្លូវភេទទេ៕