អ្នកការទូតអាហ្វហ្គានីស្ថានរាប់សិបនាក់នៅក្រៅប្រទេស ភ័យខ្លាច និងអស់សង្ឃឹម បន្ទាប់ពីការវិលត្រឡប់របស់ពួកតាលីបង់ភ្លាមៗ

0
36

ការវិលត្រឡប់មកកាន់អំណាចវិញភ្លាមៗរបស់ពួកតាលីបង់ បានធ្វើឱ្យអ្នកការទូតអាហ្វហ្គានីស្ថានរាប់រយនាក់នៅក្រៅប្រទេស ស្ថិតក្នុងភាពខ្វះខាត៖ អស់លុយដើម្បីបន្តបេសកកម្ម ភ័យខ្លាចគ្រួសារវិលត្រឡប់ទៅផ្ទះវិញ និងអស់សង្ឃឹមក្នុងការជ្រកកោននៅបរទេស។ ពួកតាលីបង់ដែលបានបណ្តេញរដ្ឋាភិបាលអាហ្វហ្គានីស្ថានគាំទ្រដោយលោកខាងលិចយ៉ាងឆាប់រហ័ស កាលពីថ្ងៃទី១៥ ខែសីហា បាននិយាយថា ខ្លួនបានផ្ញើសារទៅស្ថានទូតទាំងអស់របស់ខ្លួន ឱ្យបន្តការងាររបស់ពួកគេ។ ប៉ុន្តែបុគ្គលិកស្ថានទូត ចំនួន ៨ រូប ដែលបាននិយាយជាមួយរ៉យទ័រ ដោយសុំមិនបញ្ចេញឈ្មោះនៅក្នុងប្រទេសកាណាដា អាល្លឺម៉ង់ និងជប៉ុន បានពិពណ៌នាអំពីភាពមិនដំណើរការ និងភាពអស់សង្ឃឹមក្នុងបេសកកម្មរបស់ពួកគេ។ អ្នកការទូតអាហ្វហ្គានីស្ថានម្នាក់ នៅទីក្រុងប៊ែរឡាំង បាននិយាយថា “សហសេវិករបស់ខ្ញុំនៅទីនេះ និងនៅក្នុងប្រទេសជាច្រើនកំពុងអង្វរសុំឱ្យប្រទេសម្ចាស់ផ្ទះទទួលយកពួកគេ”។ បេសកកម្មរបស់អាហ្វហ្គានីស្ថាននៅក្រៅប្រទេស ត្រូវប្រឈមមុខនឹង “ភាពយឺតយ៉ាវយូរអង្វែង” នៅពេលដែលប្រទេសនានាសម្រេចថា ត្រូវទទួលស្គាល់តាលីបង់ឬយ៉ាងណា។ លោក Afzal Ashraf អ្នកជំនាញទំនាក់ទំនងអន្តរជាតិ បាននិយាយថា “តើស្ថានទូតទាំងនោះអាចធ្វើអ្វីបាន? ពួកគេមិនតំណាងឱ្យរដ្ឋាភិបាលទេ។ បុគ្គលិកស្ថានទូតទំនងជាត្រូវបានផ្តល់សិទ្ធិជ្រកកោននយោបាយ ដោយសារតែបារម្ភពីសុវត្ថិភាព ប្រសិនបើពួកគេត្រលប់ទៅអាហ្វហ្គានីស្ថានវិញ”។ បេសកជនមួយរបស់រដ្ឋាភិបាលដែលត្រូវបានទម្លាក់ពីតំណែង បានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូង បានអំពាវនាវឱ្យមេដឹកនាំពិភពលោកបដិសេធកុំទទួលស្គាល់ជាផ្លូវការដល់រដ្ឋាភិបាលតាលីបង់។ រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អាហ្វហ្កានីស្ថានលោក Amir Khan Muttaqi បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុល កាលពីថ្ងៃពុធថា ក្រុមតាលីបង់បានផ្ញើសារទៅស្ថានទូតអាហ្វហ្គានីស្ថានទាំងអស់ ដោយប្រាប់ពួកគេឱ្យបន្តការងារ។ អ្នកការទូតជាន់ខ្ពស់អាហ្វហ្គានីស្ថានម្នាក់ បានប៉ាន់ប្រមាណថា មានមនុស្សប្រហែល ៣.០០០ នាក់ កំពុងធ្វើការនៅក្នុងស្ថានទូតរបស់ប្រទេសនៅក្រៅប្រទេស។ ប្រភពមួយនៅស្ថានទូតអាហ្វហ្គានីស្ថាននៅក្នុងរដ្ឋធានីអូតាវ៉ា ប្រទេសកាណាដា បាននិយាយថា “គ្មានលុយទេ។ វាមិនអាចដំណើរការបានទេ ក្នុងកាលៈទេសៈបែបនេះ។ ពួកយើងគ្មានប្រាក់ខែទេ”។ បុគ្គលិកស្ថានទូតអាហ្វហ្គានីស្ថាន ពីរនាក់ នៅទីក្រុងញូវដេលី បាននិយាយថា ពួកគេអស់លុយសម្រាប់បេសកកម្មហើយ។ បុគ្គលិកទាំងពីរ បាននិយាយថា ពួកគេនឹងមិនវិលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញទេ ព្រោះខ្លាចត្រូវបានកំណត់ជាគោលដៅ ដោយសារតែពួកគេមានទំនាក់ទំនងជាមួយរដ្ឋាភិបាលមុន ប៉ុន្តែនឹងតស៊ូដើម្បីទទួលបានសិទ្ធិជ្រកកោននៅឥណ្ឌា ជាកន្លែងដែលជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកឋានៈជាជនភៀសខ្លួន៕ (Reuters ថ្ងៃទី១៦ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here