កូរ៉េខាងជើងនិយាយថា បានសាកល្បងប្រព័ន្ធមីស៊ីលថ្មី ដើម្បីវាយប្រហារ “កងកម្លាំងគំរាមកំហែង”

0
96

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កាំជ្រួចមីស៊ីលដែលកូរ៉េខាងជើងបានបាញ់ កាលពីថ្ងៃពុធ គឺជាការសាកល្បងប្រព័ន្ធមីស៊ីលថ្មីមួយ ដែលត្រូវបានរចនាឡើង ដើម្បីជាការវាយលុកដ៏មានសក្តានុពលចំពោះកងកម្លាំងណា ដែលគំរាមកំហែងដល់ប្រទេសកូរ៉េខាងជើង។ KCNA បាននិយាយថា មីស៊ីលទាំងនោះ ហោះបានចម្ងាយ ៨០០ គីឡូម៉ែត្រ មុនពេលវាយប្រហារគោលដៅមួយនៅសមុទ្រភាគខាងកើតប្រទេសកូរ៉េខាងជើង។ កាលពីថ្ងៃពុធ អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បានប្រកាសថា ពួកគេបានរកឃើញការបាញ់មីស៊ីលផ្លោង ពីរគ្រាប់ ចេញពីប្រទេសកូរ៉េខាងជើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីខ្លួនបានសាកល្បងមីស៊ីលផ្លោង ដែលក្រុមអ្នកវិភាគនិយាយថា អាចមានសមត្ថភាពនុយក្លេអ៊ែរ។ ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងបានកើតឡើង នៅថ្ងៃតែមួយ បន្ទាប់ពីកូរ៉េខាងត្បូងបានបាញ់សាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក បានក្លាយជាប្រទេសដំបូងគេ ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយដែលបានបង្កើតប្រព័ន្ធបែបនេះ។ កូរ៉េទាំងពីរបានស្ថិតនៅក្នុងការប្រកួតប្រជែងសព្វាវុធក្តៅគគុក ដោយភាគីទាំងពីរបានបង្ហាញមីស៊ីលថ្មីដែលមានសមត្ថភាព និងអាវុធផ្សេងទៀត។ ការសាកល្បងដោយកូរ៉េខាងជើង ដែលបំពាក់អាវុធនុយក្លេអ៊ែរ បានទាក់ទាញការថ្កោលទោស និងការព្រួយបារម្ភពីអន្តរជាតិ ដោយសហរដ្ឋអាមេរិកនិយាយថា កូរ៉េខាងជើងបានរំលោភលើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងដល់ប្រទេសជិតខាង។ KCNA បាននិយាយថា ការសាកល្បងរបស់កូរ៉េខាងជើងត្រូវបានធ្វើឡើងដោយកងវរសេនាធំមីស៊ីល ដែលត្រូវបានរៀបចំឡើង កាលពីដើមឆ្នាំនេះ។ លោក Pak Jong Chon មេបញ្ជាការកូរ៉េខាងជើង និងជាសមាជិកការិយាល័យនយោបាយបក្សពលករកូរ៉េខាងជើង បាននិយាយថា “ប្រព័ន្ធមីស៊ីលនេះ មានតួនាទីប្រឆាំងការវាយលុកប្រកបដោយប្រសិទ្ធភាព និងមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងជាច្រើន”៕ (Reuters ថ្ងៃទី១៦ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here