នាយករដ្ឋមន្រ្តីអង់គ្លេសរុះរើគណៈរដ្ឋមន្ត្រី ដោយដកលោក Raab ចេញពីតំណែងរដ្ឋមន្ត្រីការបរទេស

0
296

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានធ្វើការរុះរើគណៈរដ្ឋមន្រ្តីរបស់លោក កាលពីថ្ងៃពុធ ដោយលោក Dominic Raab ត្រូវបានដកចេញពីតំណែងជារដ្ឋមន្រ្តីការបរទេស។ ការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ចនសុន មានគោលបំណងដាក់ “ក្រុមខ្លាំង និងរួបរួមគ្នា ដើម្បីកសាងប្រទេសឡើងវិញពីជំងឺរាតត្បាត” ហើយនឹងផ្តោតលើ “ការបង្រួបបង្រួម និងបង្កើនកម្រិតប្រទេសទាំងមូល” យោងតាមសារព័ត៌មាន Downing Street ។ លោក Raab នឹងក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងទទួលតួនាទីជាឧបនាយករដ្ឋមន្ត្រីផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា លោកត្រូវបានគេស្តីបន្ទោសចំពោះការដកកងទ័ព និងបុគ្គលិកអង់គ្លេសចេញពីអាហ្វហ្គានីស្ថាន និងការសម្រេចចិត្តរបស់លោកក្នុងការស្នាក់នៅវិស្សមកាល រហូតដល់ប៉ុន្មានម៉ោងចុងក្រោយ បន្ទាប់ពីការដួលរលំទីក្រុងកាប៊ុល។ លោកស្រី Liz Truss រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ បានមកជំនួសតំណែងរបស់លោក Raab ក្លាយជាស្ត្រីទី២ ដែលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសនៅចក្រភពអង់គ្លេស។ លោកស្រីត្រូវបានគេរាយការណ៍ថា ទទួលបានការសរសើរចំពោះការធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងចក្រភពអង់គ្លេស និងប្រទេសមួយចំនួន បន្ទាប់ពី Brexit ។ លោក Raab បានជំនួសលោក Robert Buckland ដែលត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោកស្រី Anne-Marie Trevelyan រដ្ឋមន្ត្រីក្រសួងថាមពល និងការប្រែប្រួលអាកាសធាតុ បានបំពេញកន្លែងទំនេរដែលនៅសល់ ជារដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ។ ការរុះរើគណៈរដ្ឋមន្ត្រីធំៗ នាពេលមុនរបស់ចក្រភពអង់គ្លេស គឺនៅខែកុម្ភៈ ឆ្នាំ២០២០ មុនពេលការរីករាលដាលនៃជំងឺកូវីដ១៩ បានចាប់ផ្តើមហើយប្រទេសនេះ បានចូលទៅក្នុងការបិទខ្ទប់លើកដំបូងរបស់ខ្លួន៕ (ស៊ីនហួ ថ្ងៃទី១៦ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here