
ចៅក្រមនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC កាលពីថ្ងៃពុធ ទី១៥ ខែកញ្ញា បានអនុម័តឲ្យមានការស៊ើបអង្កេតជាផ្លូវការ លើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអាចត្រូវបានប្រព្រឹត្តក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងបរិបទនៃ “សង្គ្រាមប្រឆាំងគ្រឿងញៀន”។ ICC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចៅក្រមបានយល់ព្រមតាមសំណើរបស់ព្រះរាជអាជ្ញា ដើម្បីចាប់ផ្តើមការស៊ើបអង្កេតលើឃាតកម្ម ដែលអាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការវាយតម្លៃរបស់ចៅក្រមអំពីសំភារៈ ដែលបានបង្ហាញដោយព្រះរាជអាជ្ញា គឺអ្វីដែលហៅថា “សង្គ្រាមប្រឆាំងគ្រឿងញៀន” មិនអាចត្រូវបានគេចាត់ទុកថា ជាប្រតិបត្តិការអនុវត្តច្បាប់នោះទេ ប៉ុន្តែជាឧបករណ៍នៃការវាយប្រហារជាប្រព័ន្ធទៅលើជនស៊ីវិល។ ក្រុមសិទ្ធិមនុស្សចោទប្រកាន់លោក ឌូតឺតេ ពីបទញុះញង់ឲ្យមានអំពើហិង្សា ហើយនិយាយថា ប៉ូលិសបានសម្លាប់ជនសង្ស័យគ្រឿងញៀនគ្មានអាវុធក្នុងទ្រង់ទ្រាយធំ ដែលជាផ្នែកមួយនៃយុទ្ធនាការនេះ។ ប៉ូលិសបដិសេធរឿងនេះហើយលោក ឌូតឺតេ និយាយថា ប៉ូលិសស្ថិតនៅក្រោមបញ្ជាឱ្យសម្លាប់តែក្នុងករណីការពារខ្លួនប៉ុណ្ណោះ។ សេចក្តីសម្រេចរបស់ ICC បានលើកឡើងថា “លោក ឌូតឺតេ និងក្រុមរបស់លោកគួរតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនេះ”។ នៅក្នុងសុន្ទរកថាកាលពីខែកក្កដា លោក ឌូតឺតេ បានរិះគន់តុលាការ ដោយនិយាយថា លោកនឹងបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដែលបដិសេធទេ ហើយ ICC អាចកត់ត្រាវាបាន៖ អ្នកដែលបំផ្លាញប្រទេសខ្ញុំ ខ្ញុំនឹងសម្លាប់អ្នក”។ ថ្វីបើហ្វីលីពីនបានដកខ្លួនចេញពីសមាជិកភាពរបស់ ICC ក៏ដោយ ក៏ហ្វីលីពីននៅជាសមាជិកក្នុងចន្លោះពីខែកក្កដា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៩ ដែលជារយៈពេលគ្របដណ្តប់ដោយការស៊ើបអង្កេតនាពេលអនាគត៕ (Reuters ថ្ងៃទី១៥ ខែកញ្ញា)