ទីក្រុងបាងកកនឹងបើកឡើងវិញ សម្រាប់អ្នកដំណើរអន្តរជាតិ នៅថ្ងៃទី១៥ ខែតុលា

0
53

ទីក្រុងបាងកកនឹងបើកដំណើរការឡើងវិញ សម្រាប់អ្នកដំណើរអន្តរជាតិនៅថ្ងៃទី ១៥ ខែតុលាខាងមុខ នៅពេលដែលប្រជាពលរដ្ឋរបស់ខ្លួន យ៉ាងហោចណាស់ ៧០ ភាគរយ ត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងការពារ។ ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ពីការពិភាក្សារវាងរដ្ឋមន្ត្រីទេសចរណ៍ និងកីឡា លោក Pipat Ratchakitprakan និងអភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីថ្ងៃពុធ ទី១៥ ខែកញ្ញា។ ដើម្បីសុវត្ថិភាពអ្នករស់នៅទីក្រុងបាងកក ការចាក់វ៉ាក់សាំងមិនតិចជាង ៧០ ភាគរយ គឺមានសារៈសំខាន់ខ្លាំងណាស់។ យោងតាមរដ្ឋមន្រ្តី ប្រជាជនជាង ៧០ ភាគរយនៃទីក្រុងបាងកកបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ប៉ុន្តែមានតែ ៣៧ ភាគរយប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងទាំងពីរដូស។ លោកបានបន្ថែមថា ៣៣ ភាគរយ ដែលនៅសល់នឹងត្រូវចាក់លើកទី២ នៅដើមខែតុលា។ លោក Pipat បានមានប្រសាសន៍ថា “យើងមានទំនុកចិត្តថា នៅថ្ងៃទី១៥ ខែតុលា ទីក្រុងបាងកកនឹងអាចបើកដំណើរការឡើងវិញ ចំពោះភ្ញៀវទេសចរអន្តរជាតិ”។ កាលពីខែមិថុនា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា ប្រទេសថៃនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់អ្នកដំណើរអន្តរជាតិ ក្នុងរយៈពេល ១២០ថ្ងៃ។ លោកក៏បានអំពាវនាវដល់គោលដៅទេសចរណ៍សំខាន់ៗ ត្រូវបើកឡើងវិញឱ្យបានឆាប់ ប្រសិនបើពួកគេត្រៀមខ្លួនរួចហើយ ដោយបន្ថែមថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ គួរតែត្រូវបានលើកលែងការធ្វើចត្តាឡីស័ក។ កាលពីថ្ងៃទី១ ខែកក្កដា កោះរមណីយដ្ឋានភូកេតបានបើកដំណើរការសម្រាប់ទេសចរណ៍អន្តរជាតិឡើងវិញ។ ក្រោមគំរូទេសចរណ៍ពិសោធន៍ ហៅថា Phuket Sandbox អ្នកទេសចរមិនតម្រូវឱ្យមានការធ្វើចត្តាឡីស័កឡើយ បើពួកគេបានចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសរបស់ពួកគេ យ៉ាងហោចណាស់ ១៤ ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាននៅពេលមកដល់។ ក្រៅពីទីក្រុងបាងកក ខេត្តមួយចំនួនទៀតក៏គ្រោងនឹងស្វាគមន៍ការវិលត្រឡប់នៃទេសចរណ៍អន្តរជាតិ នៅខែក្រោយនេះដែរ។ ខេត្តឈុនបូរី ខេត្តភេចបូរី ខេត្តប្រាយុបឃីរីខាន់ និងខេត្តឈៀងម៉ៃ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១ ខែតុលាផងដែរ៕ (CNA ថ្ងៃទី១៦ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here