អភិបាល​ខេត្តកណ្តាល​ដាក់​ឱសានវាទ​១០​ថ្ងៃ​ឲ្យ​ឈ្មួញ​មានអំណាច​ជា​ប៉ូលីស ធ្វើ​ផ្លូវ​ដែល​កាយ​ឲ្យ​ដូចដើម​ឡើងវិញ ជូន​ប្រជាពលរដ្ឋ​

0
312

​ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ មកពី​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាននាំគ្នា​តវ៉ា​មុខ​សាលាខេត្ត​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​ដើម្បី​សុំ​អន្តរាគមន៍​ពី លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ដើម្បី​ជួយ​ដោះស្រាយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​មន្ត្រីនគរបាល​ឈ្មោះ ចាន់ វិទូ ដែលមាន​តួនាទី​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​យក​គ្រឿងចក្រ មក​កាយ និង​ឈូសឆាយ​ផ្ដាច់​ផ្លូវ​សាធារណៈ​មួយកន្លែង ស្ថិតនៅ​ចំណុច​ផ្លូវ​កំពង់​រទេះ ក្នុងភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​។​

ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នៅមុខ​សាលាខេត្ត​កណ្តាល ក៏មាន​លើក​បដារ​កាន់​រូប​សម្តេច​ត​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​។​

​បន្ទាប់ពី​មានការ​ប្រមូលផ្តុំ​តវ៉ា​មុខ​សាលា​ខេត្តកណ្តាល​អភិបាល​ខេត្តកណ្តាល​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលជួប​ពិភាក្សា​ដើម្បី​ស្តាប់​អំពី​ដំណើររឿង​។​
​ ​
​ក្រោយពី​ស្តាប់​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បានប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ស្រុក​កៀនស្វាយ ត្រូវ​ជូនដំណឹង​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ ទុកពេល​ឲ្យ​ជួយ​ជុល​ធ្វើ​ផ្លូវ​ដែល​បាន​កាយ​នោះ​ឡើងវិញ​ក្នុង​រយៈពេល ១០​ថ្ងៃ​។ ក្នុងករណី​មិន​អនុវត្តតាម​នោះ​រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​
​ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ បាន​សម្តែង​នូវ​ការអបអរសាទរ និង​ថ្លៃ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា អាជ្ញាធរ​ខេត្តកណ្ដាល គឺជា​អ្នកបម្រើ​ប្រជាពលរដ្ឋ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។​
​ចំណែក​លោក សុខ ពិសិដ្ឋ អភិបាលរង​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា រដ្ឋបាល​ស្រុក បាន​ចាត់​ក្រុមការងារ​ស្រុក ចុះ​ពិនិត្យ អង្កេត ឃើញថា ផ្លូវ​១​ខ្សែ​ដែល​ប្រជាពលរដ្ឋ​បានស្នើ​សុំ​ជួយ​អន្តរាគមន៍ គឺ​ពិតជា​ផ្លូវ​សាធារណៈ​ដែល​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​តាំងពី​បូរាណ​មក​។ ហើយ​រដ្ឋបាល​ស្រុក​ធ្លាប់បាន​កោះហៅ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ មក​ដោះស្រាយ ០២ លើក​មកហើយ ប៉ុន្តែ​គាត់​ពុំដែល​បានមក​ចូលរួម​ដោះស្រាយ​នោះទេ​។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឈ្មោះ ចាន់ វិទូ ជា​មន្ត្រីនគរបាល និង​ជា​ឈ្មួញ​រកស៊ីរ​ណ្តោះ​ដី បាន​យកឈ្មោះ​ឯកឧត្តម យឹម លាង មក​ប្រើ​គំរាមកំហែង ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ជា​ប្រយោជន៍​របស់ខ្លួន​។​

​លោក កូវ ផាន់​នី ប្រជាពលរដ្ឋ​ដែល​មក​ចូល​រូ​ម​តវ៉ា​បាន​ប្រាប់ថា លោក ចាន់ វិទូ ថៅកែ​រណ្តៅ​ដី និង​ការដ្ឋាន​ខ្សាច់ បាន​យក​គ្រឿងចក្រ​មក​ជីក​ផ្តាច់​ផ្លូវ​ពលរដ្ឋ​ដែលមាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​៦៥០​ម៉ែត្រ យក​អាច​ម៌​ដី​លក់ ដោយ​សំអាងថា ពលរដ្ឋ​ធ្វើ​ផ្លូវ​លើដី​របស់ខ្លួន​។​

​លោក កូវ ផាន់​នី បាន​បញ្ជាក់ថា “​ខ្ញុំ​ឮសូរ​ថា​ឈ្មោះ ចាន់ វិទូ យកឈ្មោះ​អ្នកធំ​មក​អាង ឯកឧត្តម​យឹម លាង ប៉ុន្តែ​ខ្ញុំ​ជឿថា ប្រហែលជា​គាត់​ប្រឌិត​ពាក្យសំដី​ខ្លួន​គាត់​ទេ​មើល​ទេ ពីព្រោះ​លោកធំ​ទាំងនោះ​គាត់​យក​តួនាទី​គាត់​បម្រើ​រាស្ត្រ មិនមែន​មកជា​ន់​រាស្ត្រ​ដូចជា​ពាក្យសំដី​គាត់​និយាយ​ទេ ខ្ញុំ​ជឿថា ពាក្យ​នេះ គាត់​យកមក​គំរាមកំហែង​ប្រជាពលរដ្ឋ​ទេ​។ ឈ្មោះ ចាន់ វិទូ ជា​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ ហើយ​គាត់​យក​តួនាទី​នេះ​មិនមែន​បម្រើ​រាស្ត្រ​ទេ មក​ធ្វើបាប​រាស្ត្រ​។ ពួក​ខ្ញុំ​ឮសូរ​តែ​ឈ្មោះ​អ្នកធំ​មាន​លុយ​មានអំណាច ពួក​ខ្ញុំ​មានការ​ភ័យ​ខ្លាំង​បំផុត​បាន​រត់​មករក​លោក​អភិបាលខេត្ត​”​។

​តាម​តំណាង​ពលរដ្ឋ​រូបនេះ​បាន​ប្រាប់ថា ផ្លូវ​ដែល​លោក ចាន់ វិទូ ជីក​ផ្តាច់ និង​កាយ​យក​អាច​ម៌​ដី​លក់​នោះ​ជា​ផ្លូវ​ចាស់ ដែល​ពលរដ្ឋ​មាន​ដី​នៅ​អម​សងខាង​ផ្លូវ បាន​បរិច្ចាក​ដី​របស់​ខ្លួន ដើម្បី​ពង្រីក​ផ្លូវ​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្តោយ​៦៥០​ម៉ែត្រ បានធ្វើ​តំណើរ​ស្រួល ខ្ពស់​ផុត​ទឹក ទៅរក​ត្រី បេះ​បន្លែ សម្រាប់​អាស្រ័យ​ផល និង​ការចូលទៅ​ទី​គោរពបូជា​លោកតា​ម្ចាស់​ស្រុក​ជាដើម​។​ការកាយផ្តាច់ផ្លូវពលរដ្ឋនេះមានទទឹង៧ម៉ែត្រ និងបណ្តោយ២៣៩ម៉ែត្រ ក្នុងប្រវែងជាង៤២២ម៉ែត្

​លោក កូវ ផាន់​នី ថា ក្រោយ​ឈ្មោះ ចាន់ វិទូ កាយ​ផ្លូវ​ផ្តាច់​ហើយ មិន​អនុ​ញ្ញ​ត្ត​ឱ្យ​ពលរដ្ឋ​ធ្វើតំណើរ​ចេញចូល​ឡើយ ទើប​ពួកគាត់​ជា​ប្រជាពលរដ្ឋ កើតទុក្ខ​មិន​សុខចិត្ត លើកគ្នា​តវ៉ា​ជា​បន្តបន្ទាប់​នៅ​ទីតាំង​ដី​ជាក់ស្តែង នៅ​សាលាឃុំ សាលាស្រុក​កៀនស្វាយ និង​នៅថ្ងៃនេះ​មានការ​តវ៉ា​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​ស្នើសុំ​អភិបាលខេត្ត លោក​ជួយ​ពលរដ្ឋ បាន​ផ្លូវ​រួម​ភូមិ​បុរាណ​មួយ​នេះ យកមកប្រើ​ប្រាស់​ជា​ប្រយោជន៍​រួម​វិញ​។​

​តាមរយៈ​មេធាវី​តំណាង​ឲ្យ​ឯកឧត្តម យឹម លាង បានបញ្ជាក់ ថា “​ឯកឧត្តម យឹម លាង មិនដែល ស្គាល់ និង​មិន​ដែលមាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ឈ្មោះ ចាន់ វិទូ នោះទេ​។ ហើយ​មេធាវី​កំពុងតែ​រៀបចំ​ឯកសារ​ភស្តុតាង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​”៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here