តាលីបង់សូមអរគុណពិភពលោក ចំពោះជំនួយដែលបានសន្យា និងជំរុញឱ្យអាមេរិក បង្ហាញ “បេះដូង”

0
31

ក្រុមតាលីបង់ កាលពីថ្ងៃអង្គារ ទី១៤ ខែកញ្ញា បានថ្លែងអំណរគុណពិភពលោក ដែលបានសន្យាផ្តល់ជំនួយសង្គ្រោះបន្ទាន់រាប់រយលានដុល្លារដល់អាហ្វហ្គានីស្ថាន ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកបង្ហាញ “បេះដូង” ចំពោះប្រទេសក្រីក្រមួយនេះ។ សន្និសីទប្រទេសផ្តល់ជំនួយនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃច័ន្ទ បានបញ្ចប់ដោយការសន្យាផ្តល់ជំនួយ ចំនួន ១,២ ពាន់លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់ដោយក្រុមតាលីបង់ កាលពីខែមុន នៅក្នុងការវាយលុកចូលដូចរន្ទះ ដែលបានធ្វើឱ្យកងទ័ពអាមេរិកដកថយដោយការភ្ញាក់ផ្អើល។ អាហ្វហ្គានីស្ថានដែលពឹងផ្អែកយ៉ាងខ្លាំងលើជំនួយ កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដោយអាជ្ញាធរថ្មីមិនអាចបើកប្រាក់ខែ ហើយថ្លៃម្ហូបអាហារបានកើនឡើង។ លោក Amir Khan Muttaqi រដ្ឋមន្រ្តីក្រសួងការបរទេសស្តីទីរបស់របបនេះ បានប្រាប់សន្និសីទសារព័ត៌មានថា ពួកតាលីបង់នឹងចំណាយលុយរបស់ម្ចាស់ជំនួយ ដោយភាពឈ្លាសវៃ ហើយប្រើវាដើម្បីកាត់បន្ថយភាពក្រីក្រ។ លោក Muttaqi បាននិយាយថា “យើងសូមអរគុណ និងស្វាគមន៍ការសន្យារបស់ពិភពលោក ចំពោះជំនួយជាង មួយពាន់លានដុល្លារ ហើយសុំឱ្យពួកគេបន្តផ្តល់ជំនួយដល់អាហ្វហ្គានីស្ថាន”។ លោកក៏បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញនូវការដឹងគុណចំពោះពួកតាលីបង់ ដែលបានអនុញ្ញាតឱ្យយោធាអាមេរិកចាកចេញ បញ្ចប់ការដកកងទ័ព និងជម្លៀសប្រជាជនជាង ១២ ម៉ឺននាក់ កាលពីខែមុន។ លោក Muttaqi បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថានដែលកំពុងប្រឈមនឹងគ្រោះរាំងស្ងួតផងនោះ បានទទួលជំនួយពីប្រទេសមួយចំនួនរួចមកហើយ ដូចជា ប៉ាគីស្ថាន កាតា និងអ៊ូបេគីស្ថាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ លោកបាននិយាយថា លោកបានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិន ស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបុព្វហេតុមនុស្សធម៌ផ្សេងទៀត ដោយទីក្រុងប៉េកាំងបានសន្យាផ្តល់ប្រាក់ ចំនួន ១៥ លានដុល្លារអាមេរិក ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕ (AFP ថ្ងៃទី១៤ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here