ស្ត្រីវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ បានសម្រាលកូនប្រុស បានដោយសុវត្ថិភាពនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុនសែន ភូមិថ្មី

0
85

ស្ត្រីម្នាក់វិជ្ជមានជំងឺកូវីដ-១៩ បានសម្រាលបានកូនប្រុស ដោយសុវត្ថិភាពទាំងម្តាយ និងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុនសែនភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលជាលើកទី៤ហើយនៅក្នុងខេត្តរតនគិរី ដែលមានអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានជោគជ័យនៅមណ្ឌលព្យាបាល។

តាមការបញ្ជាក់ពីលោកស្រីវេជ្ជបណ្ឌិត ច័ន្ទ សុខលី ដែលប្រចាំការព្យាបាលនៅមណ្ឌលខាងលើបានអោយដឹងថា ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនដោយជោគជ័យមានឈ្មោះ សៀង ណាក់ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ០៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានចូលមកសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ ហើយបានឈឺពោះសម្រាលកូននៅវេលាម៉ោង០៣ជិតភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ បច្ចុប្បន្នទាំងម្តាយ និងកូនមានសុខភាពល្អ និងត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលផ្ទាល់។

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្រុម គ្រួសារ អ្នកជំងឺ បានសម្ដែងការគោរព កោតសរសើរ ចំពោះ ការតាំងចិត្តភាពអង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការ បម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here