អាកាសធាតុអាក្រក់ខ្លាំងនឹងធ្វើឱ្យអាមេរិក ខាតបង់ទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារ នៅឆ្នាំនេះ

0
28

លោកប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែកញ្ញាថា អាកាសធាតុធ្ងន់ធ្ងរនឹងធ្វើឱ្យ សហរដ្ឋអាមេរិក ខាតបង់ទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារ នៅឆ្នាំនេះ ខណៈពេលលោកទស្សនកិច្ចរដ្ឋ Colorado ដើម្បីបញ្ជាក់ពីស្ថានភាពគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃនៅភាគខាងលិចអាមេរិក។ រដ្ឋ  Colorado គឺជាកន្លែងឈប់ចុងក្រោយនៃរដ្ឋបី ដែលលោកបានទៅទស្សនា មាន រដ្ឋ California និងរដ្ឋ Idaho ដើម្បីបង្ហាញពីកំដៅផែនដី ដែលបានធ្វើឱ្យទេសភាពតំបន់នេះធ្លាក់ចុះ ទោះបីជារដ្ឋមួយចំនួនទៀតកំពុងប្រយុទ្ធនឹងព្យុះសង្ឃរា ដែលបណ្តាលឱ្យមានទឹកជំនន់ និងស្លាប់រាប់សិបនាក់ក៏ដោយ។ ព្យុះត្រូពិចនីកូឡាសបានបោកបក់មកលើឆ្នេរសមុទ្ររដ្ឋ Texas និង រដ្ឋ Louisiana កាលពីថ្ងៃអង្គារ ដោយជន់លិចផ្លូវ និងធ្វើឱ្យផ្ទះនិងអាជីវកម្មរាប់សែនខ្នងគ្មានអគ្គិសនី។ លោក បៃដិន ក៏បានប្រើប្រាស់ការធ្វើដំណើរនេះ ដើម្បីបង្កើតការគាំទ្រដល់ផែនការចំណាយហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលរបស់លោក ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកំពុងកើនឡើង នៃការប្រែប្រួលអាកាសធាតុ។ លោក បៃដិន បានប៉ាន់ប្រមាណការខូចខាតសេដ្ឋកិច្ច ដែលបណ្តាលមកពីព្រឹត្តិការណ៍បែបនេះ នៅឆ្នាំនេះ នឹងមានចំនួនជាង ១០០ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីលោកបាននិយាយថា អាមេរិកបានខាតបង់ ៩៩ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ លោក បៃដិន សង្ឃឹមថា លោកនឹងទទួលបានការគាំទ្រចំពោះផែនការចំណាយ ៣.៥ ទ្រីលានដុល្លារ ដែលកំពុងចរចានៅក្នុងសភាអាមេរិក។ គណបក្សសាធារណរដ្ឋជំទាស់នឹងច្បាប់នេះ ដោយសារតែមានតម្លៃខ្ពស់ និងដោយសារតែពន្ធត្រូវបានដំឡើងទៅលើអ្នកមាន។ គណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើនតិចតួចនៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា សង្ឃឹមថា នឹងអនុម័តផែនការចំណាយ ដោយមានតែសំឡេងគណបក្សប្រជាធិបតេយ្យប៉ុណ្ណោះ ដែលជាការធ្វើឱ្យមានតុល្យភាពដ៏លំបាកនៅក្នុងសភា៕ (Reuters ថ្ងៃទី១៤ ខែកញ្ញា)

LEAVE A REPLY

Please enter your comment!
Please enter your name here